Thursday, January 12, 2017

តិចនិករក្សាទុកអាហារមួយចំនួន ឲ្យនៅតែស្រស់ និងរក្សាគុណភាព បានយូរ!


តិចនិករក្សាទុកអាហារមួយចំនួន ឲ្យនៅតែស្រស់ និងរក្សាគុណភាព បានយូរ!

អ្នកណាៗក៏ចង់ទទួលទានអាហារ ដែលនៅស្រស់ៗ និងនៅល្អៗដែរ ប៉ុន្តែជាក់ស្តែង មិនមែនសុទ្ធតែគ្រប់គ្នា អាចធ្វើដំណើរចំណាយពេលទៅផ្សារ បានជារៀងរាល់ថ្ងៃឡើយ។ នេះហើយជាមូលហេតុ ដែលយើងម្នាក់ៗ ជាពិសេសស្រ្តីមេផ្ទះ ចៀសមិនផុតពីការរក្សាទុកម្ហូបអាហារ រយៈពេលយូរបានឡើយ។
ហេតុនេះ សូមមកតាមដាននូវ តិចនិកក្នុងការរក្សាម្ហូបអាហារ មួយចំនួនធំ ដោយមិនចាំបាច់បារម្ភអំពីការខូចគុណភាព ដូចខាងក្រោមនេះ ៖
១. ទឹកដោះគោ
ប្រសិនបើអ្នកទិញទឹកដោះគោមួយដបធំមកពីផ្សារ ប៉ុន្តែបែរជាគ្មានពេលទទួលទាន ឬជាប់រវល់ធ្វើដំណើរទៅណាឆ្ងាយនោះ អ្នកមិនចាំបាច់បារម្ភថាវានឹងខូចឡើយ ពីព្រោះអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់វាត្រង់កន្លែងកក ជាការស្រេច។ ទឹកដោះគោនោះនឹងរក្សាគុណភាពបាន ដល់ទៅ ៤ ឬ ៦ សប្តាហ៍ឯណោះ។ 
២. ស៊ុត
ជួនកាលអ្នកមិនអាច ប្រើប្រាស់ស៊ុត ឲ្យអស់បានទាន់ពេលវេលា នៅពេលវានៅថ្មីៗនោះទេ។ ហេតុនេះ ចាប់ពីថ្ងៃនេះតទៅ អ្នកមិនចាំបាច់ខ្វល់ខ្វាយទៀតឡើយ ពីព្រោះស៊ុតក៏អាចដាក់នៅកន្លែងកកបានដែរ! អ្នកគ្រាន់តែបំបែកស៊ុត ដាក់ចូលទៅក្នុងថាសដុំទឹកកក រួចរោយអំបិល ឬស្ករបន្តិចបន្ថែម ដើម្បីរក្សារូបរាង និងគុណភាពរបស់វា។ 
៣. បន្លែស្លឹក
សាឡាត់ និងបន្លែស្លឹក នឹងនៅតែស្រស់ និងរក្សាភាពស្រួយរបស់វាដដែល ជាក់ជាមិនខាន ប្រសិនបើអ្នករក្សាវាទុកក្នុងទូទឹកកក ដោយយកក្រដាសជូតមាត់រុំព័ទ្ធជុំវិញ។ នេះក៏ដោយសារតែក្រដាសជូតមាត់ នឹងប៊ឺតយកជាតិទឹក ដែលនៅជាប់នឹងបន្លែ ដើម្បីការពារវាមិនឲ្យរលួយឡើយ។ 
៤. ផ្លែប៉ោម
ជាធម្មតាអ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា ផ្លែប៉ោមអាចទុកបានយូរជាង ផ្លែឈើដទៃផ្សេងទៀតពិតប្រាកដមែន ប៉ុន្តែតើអ្នកដឹងទេថា រសជាតិរបស់វា នឹងមិនផ្លាស់ប្តូរឡើយ ប្រសិនបើអ្នករក្សាវាក្នុងទូទឹកកក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែការពារវា កុំឲ្យវាប៉ះទង្គិចនឹងវត្ថុផ្សេងទៀត ដោយរុំក្រដាសកាសែតជាដើម។ 
៥. ការ៉ុត
អ្នកមានជំនាញ ថែទាំសួន បានណែនាំអ្នករាល់គ្នា ឲ្យរក្សាផ្លែការ៉ុត នៅក្នុងដីខ្សាច់ ដើម្បីរក្សាគុណភាពរបស់ពួកវា។ ជាក់ស្តែង នេះមិនមែនជារឿងដែលស្តាប់ទៅចម្លែកនោះទេ ពីព្រោះដីខ្សាច់អាចជួយស្រូបយកជាតិទឹកពីការ៉ុត និងការពារមិនឲ្យការ៉ុត ឆាប់រលួយ។ 

៦. ស្លឹកខ្ទឹម
ស្លឹកខ្ទឹម មិនថាច្រើនឬតិច អាចរក្សាគុណភាពរបស់វាបានយូរ ប្រសិនបើអ្នកទុកវា នៅក្នុងក្រឡដែលមានទឹក។ ជាងនេះទៅទៀត នៅពេលដែលអ្នកចង់ប្រើប្រាស់វា អ្នកគ្រាន់តែកាត់ស្លឹករបស់វាមក ជាការស្រេច ពីព្រោះវានឹងបន្តដុះវែងមកទៀត សម្រាប់ប្រើប្រាស់ពេលក្រោយ។ 
៧. ទឹកឃ្មុំ
ទឹកឃ្មុំ អាចរក្សាគុណភាពរបស់ខ្លួន បានរហូតជាច្រើនឆ្នាំ ប៉ុន្តែក្នុងករណី ដែលអ្នករក្សាវាទុកត្រឹមត្រូវប៉ុណ្ណោះ។ អ្នកត្រូវរក្សាវាទុក ក្នុងក្រឡកែវ ដែលមានពណ៌ងងឹត និងបិទគំរបឲ្យជិត។ ប្រសិនបើអ្នករក្សាទឹកឃ្មុំ ក្នុងកំប៉ុងលោហៈធាតុ (ឬ ស័ង្កសី) វានឹងមានប្រតិកម្មអុកស៊ីតកម្មមិនខានឡើយ។ 
៨. ចេក
ដើម្បីរក្សាគុណភាពសម្រស់ របស់ផ្លែចេក កុំឲ្យឆាប់ទុំជោរ ឬមានស្នាមអុជៗលឿនពេកនោះ អ្នកគ្រាន់តែយក ជ័រផ្លាស្ទិចថ្លា (ដែលគេទុកសម្រាប់រុំបន្លែ ផ្លែឈើ) មករុំជុំវិញទងរបស់វា ជាការស្រេច។ វាជួយការពារផ្លែចេករបស់អ្នក មិនឲ្យទុំជោរ បានរហូត ៣ ទៅ ៥ ថ្ងៃឯណោះ។ 
៩. ដំឡូងបារាំង
វិធីល្អបំផុត ដើម្បីរក្សា ដំឡូងបារាំងឲ្យបានយូរ និងមានគុណភាពល្អ គឺគ្រាន់តែដាក់ផ្លែប៉ោមមួយផ្លែ ចូលទៅក្នុងស្បោង ឬបាវដំឡូងបារាំង នោះជាការស្រេច។ នេះក៏ព្រោះតែ ផ្លែប៉ោម អាចផលិតឧស្ម័នអេទីឡែន ដែលជួយឲ្យដំឡូងបារាំងនៅតែស្រស់ និងនៅរឹង បានរហូតពី ២ ទៅ ៣ សប្តាហ៍។ 
១០. ពពួកផ្លែប៊ឺរី
សព្វថ្ងៃនេះ ពពួកផ្លែប៊ឺរី (ស្រ្តប៊ឺរី ប្លូប៊ឺរី ឈឺរី...) បានក្លាយជាផ្លែឈើពេញនិយមរបស់មនុស្សគ្រប់ៗគ្នា ប៉ុន្តែវាបែរជាមិនអាចរក្សាទុកបានយូរ។ ហេតុនេះ អ្នកគ្រាន់តែលាយទឹកធម្មតា ៣ កែវ ជាមួយទឹកខ្មេះ ១ កែវ រួចយក ប្រភេទផ្លែប៊ឺរីណាមួយ មកលាងសម្អាតក្នុងទឹកនោះ បន្ទាប់មកទុកឲ្យស្ងួត រួចរក្សាទុកក្នុងទូទឹកកក ជាការស្រេច។ 
១១. ប៉េងប៉ោះ
ប្រសិនបើអ្នកចង់រក្សាទុកផ្លែប៉េងប៉ោះបានយូរ អ្នកត្រូវចៀសវាង ទុកវានៅក្នុងទូទឹកកក និងងាកមករក្សាវាទុកខាងក្រៅធម្មតា និងបណ្តោយឲ្យវាទុំដោយធម្មជាតិវិញ ទើបជាការប្រសើរ។ ជាក់ស្តែង ដំឡូងបារាំង និងខ្ទឹមបារាំង ក៏មិនគួររក្សាក្នុងទូទឹកកកដែរ ជំនួសមកវិញ គួរទុកវានៅខាងក្រៅ និងជាកន្លែងងងឹត ទើបអាចរក្សាបានយូរ។ 
១២. ផ្លែប៊ឺ
ផ្លែប៊ឺ ត្រូវរក្សាទុកនៅខាងក្រៅទូទឹកកក ក្នុងសីតុណ្ហភាពបន្ទប់ រហូតទាល់តែអ្នកគិតថាវាទុំ អាចទទួលទានបានហើយ សឹមយកវាទៅរក្សាទុក ក្នុងទូទឹកកក ដើម្បីការពារកុំឲ្យវាទុំជោរថែមជាងនេះ។ 
១៣. ខ្ទឹមបារាំង
ដើម្បីរក្សាទុកខ្ទឹមបារាំងបានយូរ អ្នកគ្រាន់តែយកខ្ទឹមបារាំងទាំងនោះ ទៅដាក់ចូលក្នុងស្រោមជើង (ស្រោមបារ) រួចចងតាមគន្លាក់ ផ្លែនីមួយៗជាការស្រេច។ ជាពិសេស ត្រូវទុកវានៅកន្លែងស្ងួត និងគ្មានពន្លឺ។ ថ្វីត្បិតតែស្តាប់ទៅហាក់ដូចជា មិនទំនង ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលពីប្រសិទ្ធិភាពរបស់វា។ 
១៤. ទំពាំងបាយជូរក្រៀម
ទំពាំងបាយជូរក្រៀម គួររក្សាទុកក្នុងក្រឡ ដែលបិទជិតគ្មានខ្សល់ចូល ដោយវានឹងនៅតែរក្សាសាច់របស់វាល្អ មានសំណើមគ្រប់គ្រាន់ និងគួរឲ្យចង់ទទួលទានបំផុត។ ប្រសិនបើអ្នកមិនបានទុកដាក់ត្រឹមត្រូវ ហើយវាចាប់ផ្តើមរួញស្វិត អ្នកអាចយកវាទៅស្រុះក្នុងទឹកក្តៅប្រមាណជា ១ ឬ ២ ម៉ោង ក៏បានដែរ៕ 

This Is The Oldest Page


EmoticonEmoticon