Friday, January 13, 2017

ជំងឺរលាកអញ្ចាញធ្មេញ (Gingivitis)


ជំងឺរលាកអញ្ចាញធ្មេញ (Gingivitis)

➢ តើអ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ? ហើយតើជំងឺនេះ បណ្តាលមកពីកត្តាអ្វីខ្លះ? 
ជំងឺសាមញ្ញ ដែលកើតញឹកញាប់ជាងគេនៅក្នុងមាត់ ហើយមានសភាពខ្លាំងក្លាជាងគេនោះគឺ ជំងឺរលាកអញ្ចាញធ្មេញ។ ជំងឺនេះ មិនដែលចាប់ផ្តើមឡើងតែមួយកន្លែងនោះទេ គឺវាចាប់ផ្តើមឡើងនៅច្រើនកន្លែង ដូចជានៅធ្មេញក្រោមទាំងអស់ ធ្មេញលើទាំងអស់ ភាគច្រើននៅផ្ទៃខាងក្រៅ ឬជួនកាលពេញក្រអូមមាត់តែម្តង។ ការវិវត្តន៍របស់វា នឹងបណ្តាលឲ្យមានការឈឺចាប់ មានខ្ទុះ ហូរឈាម និងធ្វើឲ្យជ្រុះធ្មេញទាំងអស់។
មូលហេតុ ដែលបណ្តាលឲ្យកើតជំងឺរលាកអញ្ចាញធ្មេញ គឺមានកត្តា២៖ 
កត្តាទី ១ គឺការថែទាំដែលមានដូចជា៖ 
• កង្វះអនាម័យមាត់ ធ្មេញ 
• ការប៉ះ ឬដាក់ធ្មេញមិនបានត្រឹមត្រូវ ដែលសង្កត់ទៅលើអញ្ចាញធ្មេញ
• ការប្រើវត្ថុរឹងពីខាងក្រៅដូចជា ឈើចាក់ធ្មេញ
• ការជក់បារី 
 • កំណកកំបោរ ដែលកើតមកពីធាតុរំអិលជុំវិញគល់ធ្មេញដែលមិនបានដុសសំអាត។ 
កត្តាទី ២ គឺមូលហេតុទូទៅដែលមានដូចជា ការប្រែប្រួល អ័រម៉ូន(Hormone)ពេលពេញវ័យ ពេលមានរដូវ ស្រី្តមានផ្ទៃពោះ អ្នកជំងឺទឹកនោមផ្អែម ការប្រើថ្នាំផ្សេងៗជាដើម។
ពេលមានរដូវ ស្រី្តមានផ្ទៃពោះ អ្នកជំងឺទឹកនោមផ្អែម ការប្រើថ្នាំផ្សេងៗជាដើម។ រោគសញ្ញានៃជំងឺរលាកអញ្ចាញធ្មេញ មានដូចជា៖ 
• អញ្ចាញប្រែពណ៌ ពីផ្កាឈូកទៅក្រហមជាំ
• ចេញឈាម និងមានការឈឺចាប់នៅពេលប៉ះទង្គិចដោយចំណីអាហារ ឬពេលដុសធ្មេញ
• អញ្ចាញហើម ហើយឃ្លាតចេញពីធ្មេញ បង្កើតបានជាថង់ ងាយស្រួលក្នុងការផ្ទុកកំទេចអាហារដែលនាំឲ្យកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត។ ជួនកាល មានខ្ទុះ នៅពេលសង្កត់ពីលើ។ 
 • អញ្ចាញបាត់ភាពស្រួច រវាងចន្លោះធ្មេញនីមួយៗ។ 
 • ធំក្លិនមាត់
• ធ្មេញសណ្តកវែង (រង្គើ)។
ដើម្បីការពារជំងឺរលាកអញ្ចាញ យើងគួរអនុវត្តន៍នូវប្រការដូចជា៖ ធ្វើអនាម័យមាត់ ធ្មេញ ជារៀងរាល់ថ្ងៃ (ព្រឹក ថ្ងៃត្រង់ និងល្ងាចក្រោយពេលបាយ) ជាពិសេសមុនពេលចូលគេង ដោយដុសសំអាតធ្មេញតាមវិធីត្រឹមត្រូវ។ ម្យ៉ាងទៀត ការខ្ពុលមាត់ ជាមួយនឹងទឹកអំបិល ឬទឹកខ្ពុលមាត់ដែលមានសារជាតិ ក្លរីស៊ីឌីត (Chlorhexidine digluconate) ក៏មានប្រយោជន៍ជួយឲ្យអញ្ចាញស្វិតមាំល្អ និងជួយបំបាត់ក្លិនមាត់។ ករណីដែលលោកអ្នកកំពុងមានជំងឺរលាកអញ្ចាញធ្មេញ សូមជួបជាមួយទន្តបណ្ឌិតជំនាញ ដើម្បីធ្វើការព្យាបាលដែលមានដូចជា៖
• ការសំអាតធ្មេញ (កោសយកកំណកកំបោរ កំទេចចំណីអាហារ និងធាតុរំអិលចេញដែលកកនៅគល់ធ្មេញ)
• ការព្យាបាលធ្មេញពុក និងឬសធ្មេញ 
• ការដកធ្មេញថ្គាមទាល់ ដែលមានផលវិបាកក្នុងការដុះចេញ ព្រោះវាអាចធ្វើឲ្យមានការពិបាក ក្នុងការសំអាត
• ការកែតម្រូវឡើងវិញនូវធ្មេញ ដែលដាក់មិនបានត្រឹមត្រូវ 
• ការជូតជាមួយអាស៊ីតទ្រីក្លរ៉ាសេទីក (Trichloracetic Acid)។ ដើម្បីថែរក្សាសុខភាពអញ្ចាញធ្មេញ និងសុខភាពមាត់ធ្មេញរបស់លោកអ្នកឲ្យបានល្អ សូមជួបជាមួយទន្តបណ្ឌិតជំនាញរៀងរាល់ ៦ខែម្តង ដើម្បីតាមដានសុខភាពមាត់ធ្មេញរបស់អ្នក។
ការរីករាលដាលនៃជំងឺជាលិកាទ្រទ្រង់ធ្មេញ
អញ្ចាញដែលមានសុខភាពល្អធម្មតា៖
• ពណ៌ផ្កាឈូក 
• ហាប់ណែន 
• គ្មានហូរឈាម អញ្ចាញដែលរលាក៖ 
• ពណ៌ក្រហមជាំ 
• ទន់ជ្រាយ 
• ហើម 
• ងាយនឹងហូរឈាមនៅពេលដុសសំអាតធ្មេញ ដោយមានធាតុរំអិល និងកំបោរបានកកើតនៅតាមគល់ធ្មេញ។
រលាកជាលិកាទ្រទ្រង់ធ្មេញ៖ 
• រលាកអញ្ចាញ និងការបាត់បង់ឆ្អឹងរណ្តៅធ្មេញ 
• កំបោរ និងធាតុរំអិលផ្ទុកដោយមេរោគ។
ការបាត់បង់ឆ្អឹងរណ្តៅធ្មេញធ្ងន់ធ្ងរ៖ 
 • ធ្មេញរង្គើ 
• ការជ្រុះបាត់បង់ធ្មេញខ្លះ៕  


EmoticonEmoticon