Friday, January 13, 2017

សត្វបិសាចសមុទ្រទាំង១០ ដែលគួរឲ្យខ្លាច និងព្រឺក្បាលបំផុត ប្រចាំសម័យបុរេប្រវត្តិ!


សត្វបិសាចសមុទ្រទាំង១០ ដែលគួរឲ្យខ្លាច និងព្រឺក្បាលបំផុត ប្រចាំសម័យបុរេប្រវត្តិ!

សព្វថ្ងៃនេះ មហាសមុទ្រ ក៏ជាកន្លែងដែលគួរឲ្យខ្លាចដែរ ដោយសារតែមានសត្វសាហាវជាច្រើន ដូចជាត្រីឆ្លាម ត្រីបាឡែន មឹកយក្សធំៗ និងសត្វចម្លែកៗផ្សេងទៀត។ ប៉ុន្តែផ្ទុយទៅវិញ មិនថាក្រុមអ្នករុករក បានធ្វើការស្វែងរកដល់ជម្រៅជ្រៅកម្រិតណាក៏ដោយ ក៏មិនមានសត្វសមុទ្រណាមួយ ដែលអាចប្រៀបផ្ទឹមបាននឹងសត្វបិសាចសមុទ្រពីជំនាន់មុនបានដែរ។
ខាងក្រោមនេះ គឺជាបណ្តាសត្វបិសាចសមុទ្រទាំង ១០ ដែលគួរឲ្យខ្លាច និងព្រឺសម្បុរបំផុត ប្រចាំសម័យបុរេប្រវត្តិ របស់ពិភពលោក ៖ 
១០. Megalodon
Megalodon (បើតាមភាសាក្រិចសម័យបុរាណ Megalodon មានន័យថា “ធ្មេញធំ”) គឺជាប្រភេទសត្វត្រីឆ្លាម ដែលបានផុតពូជទៅហើយក្នុងសម័យ Cenozoic ។ សត្វបិសាចមួយនេះ ប្រហែលជាមានអ្នកស្គាល់វាច្រើន ព្រោះគេតែងយកគំរូរបស់វាទៅបង្កើតជារូបភាពគួរឲ្យខ្លាចផ្សេងៗ ជាពិសេសក្នុងខ្សែភាពយន្តតែម្តង។ Megalodon ត្រូវបានគេកំណត់ប្រវែងអតិបរមាត្រឹម ១៨ ម៉ែត្រ ប៉ុន្តែវាក៏មានមួយចំនួនមានប្រវែងដល់ទៅ ២៤ ឬ ២៥ ម៉ែត្រទៀតផង។ យោងតាមការសិក្សាធំៗ អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា Megalodon អាចមានម៉ាសរហូតដល់ទៅ ១០៣តោនឯណោះ! មនុស្សជាច្រើនគិតថា វារស់នៅក្នុងសម័យកាលជាមួយដាយណូស័រ ប៉ុន្តែជាក់ស្តែងវារស់នៅក្នុងសមុទ្រ តាំងពី ២៥ ដល់ ១.៥ លានឆ្នាំមុនមកម្ល៉េះ មានន័យថាវាមានជីវិតក្រោយការផុតពូជរបស់ដាយណូស័រ ៤០ លានឆ្នាំឯណោះ។ ផ្ទុយទៅវិញ វារស់នៅក្នុងអំឡុងសម័យកាលកំណើតមនុស្សដំបូង។ ពពួក Megalodon រស់នៅក្នុងសមុទ្រដែលមានសីតុណ្ហភាពក្តៅល្មម រហូតដល់យុគទឹកកក នៅដើមសម័យ Pleistocene ដែលមិនអាចឲ្យពួកវាបន្តពូជបានតទៀត។ 





៩. Liopleurodon
Liopleurodon គឺជាសត្វល្មូនសមុទ្រ មំសាសីដ៏ធំ ដែលបែកចេញពីប្រភេទ Pliosauroidea ។ ពពួកបិសាចសមុទ្រនេះ មានជីវិតរស់នៅលើផែនដី នៅពាក់កណ្តាលសម័យ Jurassic ។ Liopleurodon បានក្លាយជាសត្វបិសាចសមុទ្រក៏កាចសាហាវ នៅចុងសម័យកាល Jurassic ពាសពេញទ្វីបអ៊ឺរ៉ុប។ យោងទៅតាមការសិក្សាថ្មីមួយ បានបង្ហាញថា Liopleurodon ដែលធំបំផុតឈ្មោះ L. ferox ត្រូវបានគេប៉ាន់ស្មានថា មានប្រវែងសរុប ៦.៣៩ ម៉ែត្រ។ តើអ្នកដឹងទេថាមាត់របស់ Liopleurodon ដែលមានទំហំតូច ក៏អាចលេបមនុស្សចូលបានទាំងមូលដែរ (ចុះទម្រាំតែអាធំនោះ!?)។ អ្នកវិទ្យាសាស្រ្ត បានធ្វើតេស្តដោយរៀបចំមនុស្សយន្ត ឲ្យដូចទៅនឹងសត្វបិសាចមុទ្រនេះ និងបានដាក់ពិសោធន៍ឲ្យវាហែលទឹក។ ពួកគេគិតថា Liopleurodon ជាសត្វដែលមិនអាចហែលបានលឿនបាននោះទេ ប៉ុន្តែជាក់ស្តែង វាអាចផ្លាស់ទីបានរហ័ស សឹងតែមិនគួឲ្យជឿ។ ជាពិសេស វាអាចវាយប្រហារបានត្រឹមមួយប៉ព្រិចភ្នែក ដូចជាក្រពើយ៉ាងអញ្ចឹង។ គ្រាន់តែគិត ក៏ខ្លាចដែរ! 




៨. Basilosaurus
បើតាមឈ្មោះ និងរូបរាងរបស់វា អ្នកអាចគិតថាវាជាប្រភេទសត្វល្មូន ព្រោះ Basilosaurus មានន័យថាស្តេចល្មូន ឬស្តេចជីងចក់។ ប៉ុន្តែជាក់ស្តែង វាជាដើមកំណើតរបស់ពូជត្រីបាឡែន ដែលមានជីវិតរស់នៅតាំងពី ៤០ ដល់ ៣៤ លានឆ្នាំមុនមក នៅសម័យ Eocene ។ ផូស៊ីលដំបូងបង្អស់របស់ Basilosaurus ឈ្មោះ B. cetoides ត្រូវបានរកឃើញក្នុងសហរដ្ឋអាមេរិក និងត្រូវបានជឿថាជាសត្វល្មូន ប៉ុន្តែក្រោយមកទើប គេរកឃើញគ្រោងឆ្អឹងនោះ ដូចទៅនឹងថនិកសត្វសមុទ្រវិញ។ Basilosaurus ដែលជាបុព្វបុរសរបស់ត្រីបាឡែនសព្វថ្ងៃ អាចមានប្រវែងពី ១៥ ទៅ ១៨ ម៉ែត្រឯណោះ ប៉ុន្តែវាគ្មានសមត្ថភាពខួរក្បាល និងអាចមុជទឹកជ្រៅបានដូចត្រីបាឡែនឡើយ។ 




៧. Jaekelopterus rhenaniae
Jaekelopterus rhenaniae គឺជាប្រភេទសត្វខ្យាដំរីសមុទ្រ ដែលបានផុតពូជទៅហើយ។ សត្វសមុទ្រមួយនេះ រស់រានលើផែនដី តាំងពី ៣៩០ លានឆ្នាំមុនម្ល៉េះ (វាបានផុតពូជ មុនសត្វដាយណូស័រទៅទៀត)។ ខ្យាដំរីសមុទ្រ Jaekelopterus ដែលត្រូវបានគេរកឃើញថាមានទំហំធំជាងគេ គឺមានប្រវែងដល់ទៅ ២ ម៉ែត្រកន្លះឯណោះ។ Jaekelopterus rhenaniae ត្រូវបានបែងចែកជា ២ ប្រភេទទៀតគឺ J. rhenaniae ដែលរកឃើញក្នុងស្រទាប់ដី ក្រោមបឹងទឹកសាបតំបន់ Rhineland និង J. howelli ដែលរកឃើញនៅក្នុងស្រទាប់ដី ត្រង់ព្រំដែនទន្លេ និងសមុទ្រក្នុងរដ្ឋ Wyoming ។ គ្មានអ្នកណាអាចបកស្រាយបញ្ជាក់ថា ខ្យាដំរីនេះមានពិសឬអត់នោះទេ ប៉ុន្តែបើយោងតាមរូបរាង និងកន្ទុយរបស់វា ដែលស្រដៀងនឹងខ្យាដំរីសព្វថ្ងៃ គេគិតថាវាប្រហែលជាមានពិស។ 




៦. Mauisaurus
Mauisaurus ត្រូវបានដាក់ឈ្មោះតាមព្រះ Muai ដែលទ្រង់ជាអ្នកទាញកោះមួយឲ្យផុសឡើងពីបាតសមុទ្រ ដោយសន្ទូចត្រី (សព្វថ្ងៃកោះនោះជា ប្រទេសនូវែលហ្សេឡង់)។ Mauisaurus រស់នៅអំឡុង ៨០ ទៅ ៦៩ លានឆ្នាំមុននៅលើកោះ ដែលជាប្រទេសនូវែលហ្សេឡង់សព្វថ្ងៃ ជាពិសេស វាជាសត្វល្មូនសមុទ្រ និងជាប្រភេទដាយណូស័រ Plesiosaur ដែលធំជាងគេបង្អស់។ ត្រឹមតែក របស់ Mauisaurus អាចមានប្រវែងរហូតដល់ទៅ ១៤ ម៉ែត្រឯណោះ! រីឯប្រវែងរបស់វាសរុប អាចដល់ ២០ ម៉ែត្រផងដែរ។ សត្វសមុទ្រនេះ មានព្រុយសងខាង ២គូ ដែលអាចជួយឲ្យវាអាចហែលបានយ៉ាងលឿន និងអាចជួយឲ្យឡើងលើដីគោកបានរយៈពេលខ្លីទៀតផង។ Mauisaurus គឺជាសត្វមំសាសី ដែលមានធ្មេញដ៏សែនមុតស្រួច សម្រាប់ចាប់ត្រី និងមឹកជាចំនី។ 




៥. Dunkleosteus
Dunkleosteus គឺជាត្រីមួយប្រភេទ ដែលបានផុតពូជនៅចុងសម័យ Devonian ប្រមាណជា ៣៦០ ដល់ ៣៨០ លានឆ្នាំមុន។ ត្រី Dunkleosteus ធំបំផុត មានប្រវែងដល់ទៅ ៦ ម៉ែត្រ និងមានម៉ាសដល់ទៅ ១ តោនឯណោះ! ផូស៊ីលរបស់ត្រីសមុទ្រនេះ ភាគច្រើន រកឃើញនៅតំបន់អាមេរិកខាងជើង ប៉ូឡូញ បែលហ្ស៊ិក និង Morocco ។ ត្រីសមុទ្រនេះ គឺជាបិសាចស៊ីសាច់ដ៏សាហាវ ទោះបីជាវាមានទំហំមិនសូវធំក៏ដោយ ជាពិសេសក្បាលរបស់វា មានឆ្អឹងរឹងដូចជាស្នូក របស់អណ្តើក។ ក្រុមអ្នកវិទ្យាសាស្រ្ត បានគណនាឃើញថា ត្រឹមតែ ០.០០០៦ ម៉ែត្រការ៉េ វាអាចស៊ីសាច់បានប្រមាណ ៣,៦២៨ គីឡូក្រាម។ គេចាត់ទុកវាជាកំពូលសត្វមានកម្លាំងត្របាក់ដ៏រឹងមាំប្រចាំប្រវត្តិសាស្រ្តស្មើនឹង សត្វក្រពើ និងដាយណូស័រ T-Rex ។ 




៤. Kronosaurus
Kronosaurus ត្រូវបានដាក់ឈ្មោះតាមមេដឹកនាំរបស់ក្រិច Cronus។ វាគឺជាដាយណួស័រប្រភេទ Pliosaur ដែលរស់នៅដើមសម័យ Cretaceous នៅតំបន់ដែលជាប្រទេស អូស្រ្តាលីសព្វថ្ងៃ ប៉ុន្តែបានផុតពូជអស់ទៅហើយ។ ជាក់ស្តែង វាជាសត្វល្មូនសមុទ្រដូចទៅនឹង Liopleurodon (ចំណុចទី ៩) ដែរ ដោយមានកខ្លី មានព្រុយ ២ គូ និងកន្ទុយខ្លី ប៉ុន្តែគ្រាន់តែ វាមានទំហំធំជាង។ Kronosaurus ត្រូវបានគេរកឃើញថា មានប្រវែងពី ៩ ទៅ ១០ ម៉ែត្រកន្លះ និងមានម៉ាសប្រមាណ ១១ តោនឯណោះ។ ប្រវែងមាត់របស់វា អាចស៊ីមនុស្សបានម្នាក់ទាំងមូល និងអាចថែមមនុស្សពាក់កណ្តាលទៀត ដោយគ្មានបញ្ហា។ ដោយសារតែវាមានព្រុយស្រដៀង អណ្តើកសមុទ្រ គេបានសន្និដ្ឋានថា វាគឺជាសត្វមានកូនភ្ញាស់ដោយពង។ 




៣. Helicoprion
Helicoprion ជាប្រភេទត្រីឆ្លាម ដែលរស់ក្នុងសមុទ្រកាលពី ២៩០ លានឆ្នាំមុន ដើមសម័យ Permian។ ត្រី Helicoprion បានគេចផុតពីគ្រោះមហន្តរាយធ្លាក់អាចម៍ផ្កាយ Permian Triassic ប៉ុន្តែបានផុតពូជនៅដើមសម័យ Triassic ប្រមាណ ២៥០ លានឆ្នាំមុន។ ឈ្មោះរបស់ត្រីសមុទ្រនេះ មានន័យជាភាសាក្រិចថា “រណាររាងគូទខ្យង” (ដោយសារវាមានធ្មេញស្រួចដូចរណារ និងអាចរមូរបានដូចគូទខ្យង)។ ត្រីឆ្លាម Helicoprion នេះអាចមានប្រវែងដល់ទៅ ៤ ម៉ែត្រកន្លះ។ បើតាមការពិនិត្យលើរូបភាព វាមានធ្មេញដ៏សែនមុតស្រួច គួរឲ្យស្រៀវសាច់! 




២. Livyatan melvillei
Livyatan melvillei គឺជាប្រភេទត្រីបាឡែន Physeteroid ដែលបានផុតពូជហើយ និងមានទំហំប្រហែលនឹងត្រីបាឡែន Sperm whale បច្ចុប្បន្ន។ វាមានជីវិតរស់នៅក្នុងសម័យ Miocene ប្រមាណជា ១២ ដល់ ១៣ លានឆ្នាំមុន។ Livyatan melvillei ជាប្រភេទត្រីបាឡែន ដែលស៊ីសាច់ត្រីបាឡែនដទៃទៀត។ វាជាសត្វស៊ីសាច់ ដែលមានធ្មេញធំជាងគេបង្អស់ ប្រមាណជា ៣៦ សង់ទីម៉ែត្រ។ Livyatan melvillei មានប្រវែងពី ១៣.៥ ម៉ែត្រ ដល់ ១៧.៥ ម៉ែត្រ (ត្រឹមតែក្បាលរបស់វាមានប្រវែង ៣ ម៉ែត្រទៅហើយ)។ ពួកវាស៊ីអាហារ និងរស់នៅក្នុងមហាសមុទ្រតែមួយ ដូចពពួក Megalodon (ចំណុចទី ១០) ដែរ ហេតុនេះវាតែងតែប្រកួត ដណ្តើមអាហារគ្នាជានិច្ច។ ពួកវាមានលក្ខណៈពិសេស ដោយអាចហែលនិងមើលឃើញច្បាស់ក្នុងទឹកល្អក់បានទៀតផង។ 




១. Giant Stingray
Giant Stingray គឺជាប្រភេទបបែលយក្ស ពូជអំបូរ Dasyatidae ។ វាត្រូវបានរកឃើញជាច្រើនក្នុងទន្លេធំៗ និងតាមមាត់ទន្លេនៅឥណ្ឌូចិន និងតំបន់កោះកាលីម៉ាន់តាន់ ប៉ុន្តែវាក៏អាចរស់នៅក្នុងទឹកប្រៃបានដែរ។ Giant Stingray មួយអាចមានប្រវែងដល់ទៅជាង ៥ ម៉ែត្រ និងមានកន្ទុយពិសប្រវែង ២៥ សង់ទីម៉ែត្រនិងមានកម្លាំងខ្លាំង រហូតអាចទាញទូក ដែលមានមនុស្សជិះពេញ ឲ្យក្រឡាប់បានទៀតផង។ Giant Stingray កកើតក្រោយពីមានការផុតពូជរបស់ដាយណូស័រ និងត្រូវបានគេគិតថា វាជាពូជដែលបំបែកចេញពីត្រីឆ្លាមផងដែរ។ វាមិនមែនជាសត្វសាហាវអ្វីណាស់ណាទេ ប៉ុន្តែកន្ទុយពិសរបស់វា នឹងបង្កជាគ្រោះថ្នាក់ដល់អ្នកជាក់ជាមិនខាន ប្រសិនបើអ្នកទៅប្រថុយជីវិតជាមួយវានោះ៕ 




EmoticonEmoticon