Thursday, January 12, 2017

សត្វល្អិតទាំង ១០ ប្រភេទ ដែលបង្កគ្រោះថ្នាក់ខ្លាំងបំផុត ដល់មនុស្ស!


សត្វល្អិតទាំង ១០ ប្រភេទ ដែលបង្កគ្រោះថ្នាក់ខ្លាំងបំផុត ដល់មនុស្ស!

តើអ្នកដឹងទេថា សព្វថ្ងៃនេះ គេបានប៉ាន់ប្រមាណថាមានសត្វល្អិតចំនួន ១០,០០០,០០០,០០០,០០០,០០០,០០០ ក្បាលរស់នៅ និងមានប្រហែលជា ៩០០ ពាន់ប្រភេទ ដែលអាចស្មើនឹង ៨០% នៃប្រភេទសត្វសរុបរបស់ពិភពលោកទៀតផង។ ក្នុងចំណោមសត្វល្អិតទាំងនោះ ក៏មានប្រភេទមួយចំនួន ដែលមានគ្រោះថ្នាក់ខ្លាំងបំផុតទៀតផង។
ខាងក្រោមនេះគឺជា ប្រភេទសត្វល្អិតទាំង ១០ ដែលអ្នកឃើញហើយ ត្រូវតែរត់ចេញឲ្យឆ្ងាយជាបន្ទាន់ ៖ 
១០. Scutigera coleoptrata (សត្វក្អែប)
Scutigera coleoptrata គឺជាប្រភេទសត្វម្យ៉ាង ដែលត្រូវបានគេស្គាល់ថា ជាសត្វក្អែប។ សត្វក្អែប ជាសត្វដែលមានពណ៌លឿង លាយប្រផេះ មានជើងដល់ទៅ ១៥ គូ។ សត្វនេះ មានដើមកំណើតមកពីតំបន់មេឌីទែរ៉ាណេ រហូតទាល់តែរីករាលដាល ទៅតំបន់ផ្សេងៗ រហូតមាននៅតាមផ្ទះរបស់មនុស្សទៀតផង។ ក្អែប ជាសត្វល្អិត ដែលសម្លាប់ និងស៊ី សត្វល្អិតដទៃទៀតជាអាហារ។ ប្រវែងរបស់វា អាចលូតពី ២៥ ទៅ ៣៥ មីលីម៉ែត្រ។
ទោះបីជាក្អែប មិនមែនជាសត្វដែលសម្លាប់មនុស្សយ៉ាងរង្គាលក៏ដោយចុះ ក៏នៅរៀងរាល់ឆ្នាំមានមនុស្ស ២ នាក់យ៉ាងតិចដែលបានស្លាប់ ដោយសារត្រូវក្អែបខាំ។ ជាធម្មតា វាបណ្តាលមកពីពិសរបស់វា មានប្រតិកម្មជាមួយនឹងរាងកាយរបស់មនុស្ស។ 
៩. ស្រមោចភ្លើង
ស្រមោចភ្លើង គឺជាសត្វស្រមោចពូជអំបូរ Solenopsis និងជាប្រភេទស្រមោចទិច។ គេតែងហៅវាថាជាស្រមោចភ្លើង ព្រោះតែវាមានខ្លួនពណ៌ត្នោតភ្លឺ លើខ្លួនរបស់វា។ ស្រមោចភ្លើង ចែកចេញជាក្បាល ខ្លួន និងគូទ រួមជាមួយនឹងជើងចំនួន ៣ គូ និងប្រម៉ោយលើក្បាលមួយគូផងដែរ។ ភាគច្រើន ស្រមោចភ្លើងមានប្រវែងពី ២ ទី ៦ មីលីម៉ែត្រ។
ត្រឹមតែស្រមោចមួយក្បាលខាំ វាមិនបង្កជាគ្រោះថ្នាក់ដល់ស្លាប់ភ្លាមៗនោះទេ។ ប៉ុន្តែ ជាក់ស្តែងស្រមោចខ្លះអាចទិច និងមានពិស រហូតអាចធ្វើឲ្យមនុស្សស្លាប់ក្នុងរយៈពេលវែងខាងមុខបាន។ ទោះបីជាកម្រមានករណីទាំងនេះ ក៏ពិតមែន ក៏អ្នកគួរតែចៀសវាងវា តាមដែលអាចធ្វើបានទើបជាការល្អ។ 
៨. Dorylus
Dorylus (អាចហៅបានថា driver ants ឬ siafu) គឺជាសណ្តានស្រមោចធំៗ ដែលមានរស់នៅតាមភាគកណ្តាល និងភាគខាងកើតទ្វីបអាហ្រ្វិក និងមាននៅតាមទ្វីបអាហ្រ្វិកភាគខាងត្បូង និងតាមតំបន់អាស៊ីត្រូពិច។ សំបុករបស់វាមួយ មានសត្វស្រមោចព្រៃទាំងនេះ ប្រមាណជា ២០ លានក្បាល។ ពួកវាអាចធ្វើដំណើរបាន ២០ ម៉ែត្រក្នុងមួយម៉ោងទៀតផង។
នៅពេលដែលវាទិច វាមិនមានបង្កបញ្ហាអ្វីធំដុំប៉ុន្មានទេ តែពិសរបស់វាអាចធ្វើឲ្យស្លាប់បាន ជាពិសេស ដល់កុមារ និងមនុស្សមានវ័យចំណាស់។ មនុស្សប្រមាណ ២០ ទៅ ៥០ នាក់ត្រូវបានរាយការណ៍ថា ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារត្រូវស្រមោចព្រៃនេះខាំ។ បើអ្នកហ៊ានតែរំខានដល់ការធ្វើដំណើររបស់វា អ្នកនឹងមានបញ្ហាជាក់ជាមិនខានឡើយ។ 
៧. ឱម៉ាល់ និងឃ្មុំ
ឱម៉ាល់ និងឃ្មុំ មានប្រភេទ និងពូជខុសៗគ្នាជាច្រើន។ ក្នុងចំណោមនោះ មានពូជខ្លះ ជាសត្វមានភាពស្លូតបូត និងមានពូជខ្លះទៀតមានភាពកាចសាហាវខ្លាំងណាស់។ ពពួកសត្វឃ្មុំ ភាគច្រើនមានប្រវែងពី ១.៣ ដល់ ២.៥ សង់ទីម៉ែត្រ។ រីឯពពួកសត្វឱម៉ាល់ មានទំហំចាប់ពី ១.៣ ដល់ ៤ សង់ទីម៉ែត្រឯណោះ។
សម្រាប់អ្នកដែលមិនមានប្រតិកម្មជាមួយឃ្មុំ អ្នកប្រហែលជាមិនមានរឿងអ្វីធ្ងន់ធ្ងរទេ។ ប៉ុន្តែសម្រាប់ដែលមានប្រតិកម្មទៅនឹងទ្រនិចទិច របស់ឃ្មុំនិងឱម៉ាល់ អ្នកនឹងអាចមានបញ្ហាជាមិនខាន។ មនុស្សប្រមាណ ៥៣ នាក់ ត្រូវបានរាយការណ៍ស្លាប់ជារៀងរាល់ឆ្នាំ ព្រោះតែមានប្រតិកម្មនឹងឃ្មុំ និងឱម៉ាល់ ឬអាចមានបញ្ហាធ្ងន់ធ្ងរដូចជា ប្រទាលត្រអាក ពិបាកដកដង្ហើម ស្លេកស្លាំង និងអាចសន្លប់បាត់ស្មារតីទៀតផង។ 

៦. ឱម៉ាល់យក្សនៅអាស៊ី
ឱម៉ាល់យក្សនៅអាស៊ីនេះ ស្ថិតនៅក្នុងពូជអំបូរពពួកសត្វឱម៉ាល់យក្សរបស់ជប៉ុនផងដែរ។ វាជាប្រភេទឱម៉ាល់ដែលធំបំផុត ក្នុងចំណោមពពួកឱម៉ាល់ទាំងឡាយ។ វាមានដើមកំណើតពីភាគខាងកើតតំបន់ត្រូពិច នៃទ្វីបអាស៊ី។ ពួកវាចូលចិត្តរស់នៅតាមបណ្តាភ្នំ និងព្រៃទាបៗ ហើយពួកវាចៀសវាងរស់នៅតាមតំបន់វាលទំនាប។ ពួកវាបង្កើតសំបុក ដោយការជីកដី និងតាមគល់ឈើផ្សេងៗ។ ពួកវាមានទំហំខ្លួន ៤៥ មីលីម៉ែត្រ មានស្លាបប្រវែង ៧៥ មីលីម៉ែត្រ និងមានទ្រនិចប្រវែង ៦ មីលីម៉ែត្រ ហើយថែមទាំងមានជាតិពិសខ្លាំងទៀតផង។
អ្នកដែលធ្លាប់ត្រូវបានពូជឱម៉ាល់នេះទិច បាននិយាយថា ទ្រនិចរបស់វាដូចជាដែកគោល ដ៏ក្តៅមួយ ដាលដល់ជើងតែម្តង។ វាអាចបង្កជាការឈឺចាប់ខ្លាំង អាចបំផ្លាញកោសិកាទៀតផង។ ជាងនេះទៅទៀត រៀងរាល់ឆ្នាំ មានមនុស្សប្រមាណ ៧០ នាក់ស្លាប់ដោយសារត្រូវពូកវាទិចផងដែរ។ 
៥. សត្វឃ្មុំនៅអាហ្រ្វិក
សត្វឃ្មុំនៅអាហ្រ្វិក ត្រូវបានគេដាក់ឈ្មោះថាជា “ឃ្មុំពិឃាត”។ វាជាកូនកាត់ របស់ប្រភេទឃ្មុំប៉ែកខាងលិច ដែលមានគ្រោះថ្នាក់បំផុត ក្នុងចំណោមប្រភេទឃ្មុំទាំងអស់។ ពួកវាមានដើមកំណើតមកពីប្រទេសប្រេស៊ីល។ ក្រោយមក ពួកវាបានរស់នៅពាសពេញ អាមេរិកខាងត្បូង និងអាមេរិកខាងជើង រហូតសឹងតែពាសពេញប្រទេសអាមេរិកតែម្តង។ ពួកវាធ្លាប់សម្លាប់មនុស្ស សម្លាប់សេះ និងសត្វដទៃទៀតជាច្រើន។
តើអ្នកដឹងទេថា ពួកវាបានសម្លាប់មនុស្សជាង ១,០០០ នាក់មកហើយ តាំងពីពេលដែលពួកវាផ្លាស់ប្តូរជំរកមករស់នៅអាមេរិកមកម្ល៉េះ។ 
៤. Kissing Bug
Kissing Bug គឺជាពពួកសត្វល្អិត ដែលស្ថិតក្នុងក្រុម Triatominae តាំងពីសត្សវត្សទី ១៩។ ពួកវាភាគច្រើនរស់នៅ ពាសពេញតំបន់ជាច្រើន របស់អាមេរិក និងមានមួយចំនួនទៀតនៅតាមទ្វីបអាស៊ី ទ្វីបអាហ្រ្វិក និងទ្វីបអូស្រ្តាលី។ ពួកវាជាសត្វ ដែលមានគ្រោះថ្នាក់ណាស់ ពីព្រោះវាអាចប៊ឺតឈាមបាន។
ភាគច្រើន ពពួកនេះនៅជិតៗផ្ទះរបស់មនុស្ស ហេតុនេះពួកវាដូចជានៅក្រោមជំរកតែមួយ ជាមួយមនុស្សយ៉ាងអញ្ចឹង។ គេបានរាយការណ៍ថា មនុស្សចំនួន ៤៥,០០០ ដល់ ៥០,០០០ នាក់បានស្លាប់ ដោយសារត្រូវ Kissing Bug នេះខាំ។ នេះក៏ព្រោះតែពួកវា មានភ្ជាប់មកជាមួយប៉ារ៉ាស៊ីតជាច្រើន មកក្នុងរាងកាយ។ 
៣. រុយ Tsetse
រុយ Tsetse ជាប្រភេទរុយដ៏ធំ ដែលចេះខាំ និងមានជំរករស់នៅចំកណ្តាលទ្វីបអាហ្រ្វិក នៅចន្លោះវាលខ្សាច់សាហារ៉ា និងវាលខ្សាច់ Kalahari ។ ពួកវារស់នៅបាន ដោយសារតែប៊ឺតយកឈាមរបស់សត្វដទៃទៀត ដើម្បីចិញ្ចឹមជីវិតរស់នៅ។ សម្រាប់មនុស្សវិញ បើសិនត្រូវវាខាំ នឹងមានអារម្មណ៍ថាងងុយគេង រហូតស្លាប់ជាមិនខាន។
មនុស្សជាច្រើន ក្នុងតំបន់អាហ្រ្វិក ប្រមាណ ២៥០,០០០ ដល់ ៣០០,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែរុយប្រភេទនេះខាំ ធ្វើឲ្យងងុយដល់ស្លាប់តែម្តង។ មេរោគរបស់វា ជ្រៀតចូលប្រព័ន្ធប្រសាទ បណ្តាលឲ្យអ្នកមានអារម្មណ៏ជ្រួលច្របល់ និងមានវដ្តដំណេកមិនប្រក្រតី រហូតអាចស្លាប់បាន។ 
២. សត្វចៃកណ្តុរ
សត្វចៃ ជាប្រភេទប៉ារ៉ាស៊ីតមួយ និងជាសត្វដែលប៊ឺតឈាមរបស់មនុស្ស។ ចៃមានច្រើនប្រភេទ និងមាននៅលើខ្លួនសត្វជាច្រើន ដូចជាឆ្កែ ឬឆ្មាជាដើម។ ប៉ុន្តែ ក្នុងចំណោមនោះ សត្វចៃដែលមានលើខ្លូនកណ្តុរ គឺមានគ្រោះថ្នាក់ខ្លាំងជាងគេ។ គ្រាន់តែស្តាប់ឮថា កណ្តុរក៏ខ្លាចស្រាប់ទៅហើយ ហេតុនេះល្មមតែចៃ ដែលមានលើខ្លួនរបស់ពួកវា ក៏កាន់តែគួរឲ្យខ្លាចជាងនេះទៅទៀត។
ទោះបីវាមានមាឌតូចក៏ដោយ ក៏វាអាចចម្លងជំងឺ និងចម្លងមេរោគដល់មនុស្សបានផងដែរ។ បាក់តេរី ដែលចៃរបស់កណ្តុរចម្លងមកមនុស្ស ធ្លាប់ធ្វើឲ្យប្រជាជនក្នុងតំបន់អឺរ៉ុប ប្រមាណជា ៣ ភាគ ៤ ស្លាប់ នៅអំឡុងសត្សវត្សទី ១៤។ ពួកវាបានសម្លាប់មនុស្សពី ៣៥០ ទៅ ៣៧៥ លាននាក់ នៅអំឡុងឆ្នាំ ១៣៤៨ ដល់ ១៣៥០។ 
១. មូសខ្លា
មិនថាអ្នកណាៗទេ ប្រាកដជាធ្លាប់ត្រូវបានមូសខាំជាច្រើនដងមកហើយ។ មូសជាសត្វដែលរស់នៅ សឹងតែគ្រប់ទីកន្លែង។ ជាពិសេស មូលខ្លាញី ពិតជាមានគ្រោះថ្នាក់ ដល់មនុស្សខ្លាំងណាស់។
កន្ទួលក្រហម កន្ទួលរមាស់ ស្នាមហើម ប្រហែលជាមិនបញ្ហាទេ។ ប៉ុន្តែ ក្នុងករណីខ្លះ មូសអាចធ្វើឲ្យមានជំងឺ ឬអាចបណ្តាលឲ្យស្លាប់ទៀតផង។ ជំងឺដែលបង្កដោយមូលខ្លា ទូទៅបំផុតគឺ ជំងឺគ្រុនឈាម។ ជំងឺនេះមានច្រើននៅតាមតំបន់ត្រូពិច ប្រមាណជា ៣៥០ ទៅ ៥០០ លានករណី ជារៀងរាល់ឆ្នាំ និងមានមនុស្សពី ១ ទៅ ៣ លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ។ ជំងឺនេះរាលដាល លើមនុស្សជាច្រើន ដែលស្មើនឹង ១០% នៃប្រជាជនពិភពលោកសរុបឯណោះ៕ 


EmoticonEmoticon