Thursday, January 12, 2017

បើសិនជាអាចថយពេលវេលា ឲ្យត្រលប់ក្រោយវិញបាន តើអ្នកចង់ប្រាប់ខ្លួនឯង យ៉ាងដូចម្តេចខ្លះ?


បើសិនជាអាចថយពេលវេលា ឲ្យត្រលប់ក្រោយវិញបាន តើអ្នកចង់ប្រាប់ខ្លួនឯង យ៉ាងដូចម្តេចខ្លះ?

អ្នកប្រាកដជាតែងឮគេនិយាយថា កុំខ្វល់ពីអតីតកាល គួរយកចិត្តទុកដាក់នឹងបច្ចុប្បន្ន និងអនាគតវាល្អជាជាង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មនុស្សយើងប្រាកដជានៅតែមានចិត្ត និងការចងចាំពីអតីតកាលជាច្រើន ហើយជួនកាលវាជាហេតុការណ៍ ដែលអ្នកមានអារម្មណ៍ថាស្តាយក្រោយខ្លាំងទៀតផង។ ជួនកាល រហូតមានមនុស្សមួយចំនួន និយាយបែបលេងសើចថា បើមានម៉ាស៊ីនបង្វិលពេលវេលា មិនដឹងជាល្អប៉ុណ្ណានោះទេ។
តែជាការពិតណាស់ គ្មានអ្នកណាម្នាក់ ដែលអាចថយពេលវេលាឲ្យត្រលប់ក្រោយបាននោះទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកធ្លាប់មានអតីតកាលមិនល្អ អ្នកអាចចាប់ផ្តើមផ្លាស់ប្តូរពីឥលូវនេះទៅក៏បាន។ ប្រសិនបើអ្នកធ្លាប់ធ្វើខុស ធ្លាប់មានការស្តាយក្រោយ ក៏អ្នកអាចប៉ះប៉ូវ ឬទទួលស្គាល់ទង្វើរបស់ខ្លួនឯងបានពីឥលូវនេះទៅក៏បាន។ គ្មានអ្វីដែលហួសពេលនោះទេ មិនថាក្នុងកាលៈទេសៈណាក៏ដោយ លុះត្រាតែអ្នកមិនចង់ ឬគ្មានការតាំងចិត្តតែម្តង។
ហេតុនេះហើយ ថ្ងៃនេះទើបក្រុមការងាររបស់ Khmerload បានធ្វើការសាកសួរ មនុស្សមួយចំនួននូវសំនួរមួយ “ប្រសិនបើអ្នកអាចទាញពេលវេលា ថយក្រោយបាន តើអ្នកចង់ផ្តល់ដំបូន្មានឲ្យខ្លួនឯងយ៉ាងដូចម្តេចខ្លះ?” 
បើយោងតាមបុរសសាច់សកូនកាត់ចិនម្នាក់ សព្វថ្ងៃជានិស្សិត ឈ្មោះ “ភិរម្យ” ក៏បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនលោកផងដែរថា ៖ “បើតាមខ្ញុំ ប្រសិនបើត្រលប់ទៅ ៥ ឆ្នាំមុនវិញនោះ ខ្ញុំគឺជាមនុស្សម្នាក់ដែលទន់ខ្សោយ ហើយក៏មិនមានមហិច្ឆតាអីធំដុំដែរ និយាយរួមគឺអៀន និងទន់ខ្សោយ។ ចឹងប្រសិនជាអាចត្រលប់ក្រោយបាន ខ្ញុំនឹងប្តូរចរិតរបស់ខ្ញុំនៅពេលនោះ ឲ្យត្រលប់មកជាមនុស្សដែលរឹងប៉ឹង រឹងមាំ និងគិតរឿងដែល positive  (វិជ្ជមាន)ឲ្យបានច្រើនជាងពីមុន ក៏ព្រោះតែពីមុនទន់ខ្សោយហើយ មិនមានមហិច្ឆតាទៀត។ មិនមានមហិច្ចតានេះ គឺមានន័យថា ចេះតែធ្វើអីល្មមៗទៅគឺបានហើយ គ្រប់គ្រាន់ហើយ។ មួយវិញទៀត គិតថាយើងវាមិនដូចគេ គិតចេះ គិតចុះ យកបញ្ហាមកដាក់នៅនឹងមុខជានិច្ចទៀត។”
គាត់បានបន្តថា ៖ “ឥលូវនេះខ្ញុំមានការផ្លាស់ប្តូរច្រើនហើយ ដោយខ្ញុំមានភាពរឹងមាំជាងមុន មានមហិច្ឆតាជាងមុន។ ដោយសារអ្វី? នេះក៏ដោយសារតែ លទ្ធផលដែលយើងទទួលបានពីប៉ុន្មានឆ្នាំមុន មានភាពខុសគ្នាច្រើន ដែលតម្រូវឲ្យខ្លួនយើងមានការផ្លាស់ប្តូរ។ ឧទាហរណ៍ ដោយសារតែខ្ញុំពីមុន ខ្ញុំមិនមានមហិច្ឆតា មិនដែលគិតអីធំដុំទេ គិតធម្មតាៗ ជាមនុស្សធម្មតា យកបញ្ហាមកដាកើនឹងមុខ ហើយជាពិសេស គិតរឿងអវិជ្ជមានច្រើន ដែលជាហេតុនាំឲ្យលទ្ធផលដែលយើងទទួលបាន ក៏មិនសូវជាល្អ ហើយខ្លួនយើងក៏មិនសូវពេញចិត្តដែរ។ ផ្ទុយទៅវិញ ដោយសារតែលទ្ធផលដែលទទួលបាន ក៏ដូចជាបទពិសោធន៍អាក្រក់ៗទាំងប៉ុន្មាន ធ្វើឲ្យយើងជំរុញចិត្តខ្លួនឯង ធ្វើការផ្លាស់ប្តូរវា ម្តងបន្តិចម្តងបន្តិច រហូតមកដល់បច្ចុប្បន្ន។ ជាពិសេស មានគោលដៅធំមួយ ហើយច្បាស់លាស់ សម្រាប់ខ្លួនឯង នៅពេលអានាគត ថាតើខ្លួនឯងចង់បានអី ត្រូវដើរដល់ផ្លូវណា មិនដូចពីមុនទៀតទេ។ ជាចុងក្រោយ មនុស្សយើងរាល់គ្នាត្រូវតែ មានគោលដៅសម្រាប់ជីវិត និងគួរមានមហិច្ឆតា កុំគិតតែធ្វើអ្វីដែលធម្មតាៗ ព្រោះលទ្ធផលនឹងមិនអស្ចារ្យអីដែរ”។ 

ងាកមកកញ្ញាម្នាក់ឈ្មោះ “ចាន់រី” ក៏បានរៀបរាប់មកកាន់ក្រុមការងារយើងដែរថា ៖ “បើអាចវិលទៅអតីតកាល កាលពី ៤ ឆ្នាំមុនវិញបាន ខ្ញុំចង់ប្រាប់ថាខ្លួនឯងថា ខ្ញុំនឹងមិនចំណាយពេលវេលារៀនបន្តនៅមហាវិទ្យាល័យតែមួយនោះទេ ព្រោះថាវាជាការចំណាយពេលខ្ជះខ្ជាយមួយសម្រាប់ជីវិត ដែលមិនអាចទាញវាឱ្យថយក្រោយមកវិញបានទេ។ មានមនុស្សជាច្រើនសុទ្ធតែបានគិតថា ការរៀនបន្តពិតជាបានធ្វើឱ្យជីវិតពួកគេមានការរីកចម្រើន។ ទទួលស្គាល់ថាវាពិតជាល្អមែន មិនថាចំណេះ ជំនាញ បទពិសោធន៍ជីវិត ជាពិសេសគឺផ្នត់គំនិត គឺមានការប្រែប្រួលទាំងអស់។ ខ្ញុំគិតថាការរៀននៅសាកលវិទ្យាល័យគឺជារឿងល្អមួយដែលមនុស្សគ្រប់គ្នាជាពិសេសគឺអ្នកដែលទើបតែប្រឡងចប់ទី១២ថ្មីៗគិតស្រម៉ៃចង់ទោះដល់ទីនោះ។ ប៉ុន្តែទន្ទឹមនឹងរឿងដ៏ល្អនេះ ក៏មានរឿងជាច្រើនទៀតដែលអាចរាប់ចាត់ទុកថា គឺជាបញ្ហាសម្រាប់ជីវិតដែលមិនងាយនឹងកែខៃបាន នោះគឺការទាញពេលវេលាត្រឡប់ថយក្រោយនេះឯង។ តាមបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ខ្ញុំគឺជាមនុស្សម្នាក់ដែលមិនចេះធ្វើអី្វទេ ក្រៅតែពីរៀនៗតែមួយមុខ ធ្វើឱ្យអ្នកផ្ទះទាំងឪពុកម្តាយ បងប្រុស បងស្រី ត្រូវទទួលបន្ទុកដ៏ធ្ងន់ ដោយត្រូវរ៉ាប់រងលើការសិក្សារបស់ខ្ញុំទាំងមូល។ គិតមកដល់ពេលនេះទើបខ្ញុំមានឱកាសបានសងគុណពួកគាត់វិញ ប៉ុន្តែវាហាក់ដូចជានៅតិចតួចស្តួចស្តើងណាស់ បើគិតថយក្រោយកាល ៤ ឆ្នាំមុនវិញ ប្រសិនបើខ្ញុំមិនបន្តការសិក្សា ហើយទៅធ្វើការនៅកន្លែងណាមួយ ខ្ញុំពិតជាអាចចិញ្ចឹមគ្រួសារបានវិញ ច្រើនជាងនេះដើម្បីតបស្នងសងគុណពួកគាត់។ ដូច្នេះខ្ញុំចង់ផ្តល់ដំបូន្មានសម្រាប់អ្នកដែលកំពុងតែបន្តការសិក្សាទាំងអស់គ្នាថា គួរចំណាយពេលចេញទៅធ្វើការងារបណ្តើរអំឡុងពេលរៀនបណ្តើរផង ដើម្បីជាការជួយសម្រួលដល់គ្រួសារ កុំគិតតែរៀនតែមួយមុខ ព្រោះវាអាចធ្វើឱ្យអ្នកស្តាយក្រោយដូចជាខ្ញុំ ក្រោយពេលរៀនចប់”។
សរុបមកវិញ មនុស្សយើងម្នាក់ៗមានរឿងជាច្រើន ដែលចង់ត្រលប់ក្រោយវិញ ទៅតាមមនុស្សម្នាក់ៗ។ ថ្វីត្បិតតែទើបតែដឹងខ្លួន ឬទើបតែនឹកថាស្តាយក្រោយក៏ពិតមែន ក៏វាមិនទាន់ហួសពេលនៅឡើងទេ សម្រាប់ការផ្លាស់ប្តូរ និងធ្វើអ្វីដែលអ្នកចង់ធ្វើ។ ជាពិសេស គឺឲ្យតែមានការតាំងចិត្ត ឬប្តេជ្ញាចិត្ត គឺគ្រប់គ្រាន់ហើយ។


EmoticonEmoticon