Thursday, January 12, 2017

សញ្ញាណទាំង ១៤ ដែលបញ្ជាក់ថា អ្នកកំពុងតែមានផ្ទៃពោះហើយ!


សញ្ញាណទាំង ១៤ ដែលបញ្ជាក់ថា អ្នកកំពុងតែមានផ្ទៃពោះហើយ!

ការមានផ្ទៃពោះ អាចជាដំណឹង ដែលគួរឲ្យភ្ញាក់ផ្អើល និងត្រេកអរបំផុតក្នុងជីវិត របស់គូស្វាមីភរិយា។ ជាក់ស្តែង វិធីដែលអាចដឹងថា អ្នកមានផ្ទៃពោះ ឬក៏អត់នោះគឺ “ឧបករណ៍ធ្វើតេស្តការមានផ្ទៃពោះ” ដោយវាអាចវាស់ចំនួនអរម៉ូន human chorionic gonadotropin (hCG) តាមរយៈទឹកនោមឬឈាម ដែលមានលក់តាមបណ្តាឱសថស្ថាននានា។
ផ្ទុយទៅវិញ ការធ្វើតេស្តឆាប់ពេក ក៏អាចផ្តល់លទ្ធផលអវិជ្ជមានដែរ ហេតុនេះ អ្នកគួរតែស្វែងយល់នូវរោគសញ្ញាបន្ថែមផ្សេងទៀត ដើម្បីអាចដឹងថា អ្នកកំពុងតែមានផ្ទៃពោះ និងជួបគ្រូពេទ្យបានទាន់ពេលវេលា។
ខាងក្រោមនេះជាសញ្ញាណ ក្នុងអំឡុងត្រីមាសដំបូង ដែលបញ្ជាក់ថា អ្នកកំពុងតែមាន អំប្រ៊ីយ៉ុងលូតលាស់ នៅក្នុងផ្ទៃ៖
១. មិនមករដូវ
នេះគឺជាសញ្ញាណចំបងបំផុត ដែលអ្នកគិតថា អ្នកកំពុងតែមានផ្ទៃពោះ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាមិនមករដូវនេះ ក៏អាចបណ្តាលមកពីកត្តាផ្សេងទៀតខ្លះដែរ រួមមានដូចជា ភាពតានតឹង របបអាហារ ជំងឺ ហាត់ប្រាណហួសហេតុ និងវដ្តរដូវមិនទៀងទាត់ស្រាប់។ ហេតុនេះមុននឹងប្រកាសប្រាប់ពិភពលោក ថាអ្នកមានផ្ទៃពោះ ឬក៏អត់នោះ អ្នកគួរតែតាមដានរោគសញ្ញា ជាបន្តបន្ទាប់ផ្សេងទៀត។
២. សុដន់ឡើងតឹង ឬរីកធំ
រោគសញ្ញាទូទៅបំផុត និងលឿនបំផុតមួយទៀតនេះ គឺសុដន់របស់អ្នកប្រែជារីកធំ ជួនកាលឈឺពើតតែម្តង។ អ្នកនឹងសង្កេតឃើញមានការប្រែប្រួលរូបរាងសុដន់ ដោយសារតែដើម្បីត្រៀមលក្ខណៈផលិតទឹកដោះ។ អាការៈនេះបង្កជាការប្រែប្រួលខ្លាំងនៅ ២ ទៅ៣សប្តាហ៍ដំបូង នៃការមានផ្ទៃពោះ។ ប៉ុន្តែអ្នកជំនាញបានលើកឡើងថា ស្រ្តីដែលប្រើថ្នាំពន្យាកំណើតពីមុនមក អាចនឹងមិនសូវមានការឈឺចាប់ ឬរីកតឹងខ្លាំងដូចជាស្រ្តីមិនប្រើប្រាស់ឡើយ។
៣. ក្បាលសុដន់ឡើងខ្មៅ
មនុស្សស្រីភាគច្រើន មានអរម៉ូនម្យ៉ាង ដែលបណ្តាលឲ្យក្បាលរបស់សុដន់ឡើងខ្មៅបាន នៅពេលដែលពួកគេមានផ្ទៃពោះ។ មិនត្រឹមតែឡើងខ្មៅជុំវិញប៉ុណ្ណោះទេ ក្បាលសុដន់របស់អ្នក ក៏មានភាពរីកធំជាងមុនដែរ មានន័យថា វាត្រៀមរួចរាល់ជាស្រេច ដើម្បីផលិតទឹកដោះសម្រាប់បំបៅទារក។
៤. ហូរឈាម
ស្រ្តីដែលមានផ្ទៃពោះ នឹងជួបប្រទះការហូរឈាមតាមទ្វារមាស ឬធ្លាក់ឈាមតិចតួច។ អាការៈនេះកើតឡើង ក៏ព្រោះតែអំប្រ៊ីយ៉ុង ទៅប៉ះជាប់នឹងជញ្ជាំង របស់ស្បូន។ មនុស្សស្រីមួយចំនួនធំ គិតថាវាជាធ្លាក់រដូវមកធម្មតា ប៉ុន្តែជាក់ស្តែង វាមានរយៈពេលខ្លីជាង និងធ្លាក់ឈាមតិចៗប៉ុណ្ណោះ។ ឈាមទាំងនោះ អាចមានពណ៌ផ្កាឈូក ឬពណ៌ត្នោត។
៥. អស់កម្លាំង
អាការៈអស់កម្លាំង ជារោគសញ្ញាធម្មតា របស់ស្រ្តីមានផ្ទៃពោះ ជាពិសេសក្នុងអំឡុងត្រីមាសដំបូង។ អ្នកអាចសម្គាល់ឃើញថា ឧស្សាហ៍ងងុយគេង មិនមានកម្លាំងកំហែង មិនដូចពីមុនទាល់តែសោះ។ នេះក៏ដោយសារតែ ការកើនឡើងនៃកម្រិតអ័រម៉ូន progesterone អំឡុងពេលមានផ្ទៃពោះ របស់ស្ត្រី។
៦. ក្អួតចង្អោរ
អាការៈចង់ក្អួត ក៏ជាសញ្ញាណទូទៅមួយ ដែលប្រាប់ថា អ្នកកំពុងតែមានផ្ទៃពោះដែរ។ ស្រ្តីដែលមានផ្ទៃពោះចំនួន ៨០ ភាគរយ គឺសុទ្ធតែទទួលរងអាការៈក្អួតចង្អោរនេះ រយៈពេល ៣ ខែដំបូង មិនថាពេលព្រឹក ពេលថ្ងៃ ឬពេលយប់ឡើយ។ ដើម្បីកាត់បន្ថយអាការៈក្អួតនេះ អ្នកគួរតែទទួលទានតិច តែច្រើនដង និងសម្រាកឲ្យបានច្រើន ទើបជាការប្រសើរ។
៧. ប្រតិកម្មក្លិន
ស្រ្តីសឹងតែគ្រប់ៗគ្នា មានប្រតិកម្មឆាប់ដឹង ឆាប់ស្គាល់ក្លិន បានរហ័សជាងសព្វមួយដង នៅពេលដែលពួកគេមានផ្ទៃពោះ។ វាក៏ជាសញ្ញា ដែលកើតឡើងជាទូទៅ ដោយការពារមិនឲ្យម្តាយ ទទួលទានអាហារណា ដែលមិនល្អ ឬមានជាតិពុល ធ្វើឲ្យប៉ះពាល់ដល់ទារកបានឡើយ (នេះក៏ព្រោះតែ ស្រ្តីមានផ្ទៃពោះ អាចហិតក្លិនអាហារបានថាគួរញ៉ាំ ឬមិនគួរញ៉ាំបាន យ៉ាងអស្ចារ្យ)។ 

៨. ហើមពោះ
នៅកំឡុងពេលប៉ុន្មានសប្តាហ៍ដំបូង នៃការមានផ្ទៃពោះ អ្នកមិនអាចដឹងបានក៏ពិតមែន ប៉ុន្តែនៅត្រង់តំបន់ពោះរបស់អ្នក ប្រែជាហាក់មានសភាពទន់ និងណែនជាងមុន (ដូចជាកំពុងតែហើមពោះ យ៉ាងដូច្នោះដែរ)។ វាកើតឡើងដោយសារតែ អរម៉ូន Progesterone កើនឡើងក្នុងរាងកាយ។
៩. នោមញឹក
នៅពេលដែលអ្នកមានផ្ទៃពោះ ស្បូនរបស់អ្នក នឹងបង្កជាសម្ពាធយ៉ាងខ្លាំង ទៅកាន់ប្លោកនោមរបស់អ្នក។ បែបនេះហើយដែលបណ្តាលឲ្យអ្នក ឧស្សាហ៍ចេញចូល បន្ទប់ទឹកនោមញឹកញាប់ ខុសពីធម្មតា។ ជួនកាល ថែមទាំង អាចទល់លាមកទៀតផង។
១០. ឃ្លានអាក្រក់
រាងកាយរបស់ស្រ្តី នឹងធ្វើការកាន់តែលំបាកច្រើន ដើម្បីទ្រទ្រង់ការរីកលូតលាស់របស់ទារក រហូតទាមទារ ៣០០ កាឡូរីបន្ថែមជារៀងរាល់ថ្ងៃ។ អ្នកអាចឃ្លាន អាហារផ្សេងៗជាច្រើនប្រភេទ ជួនកាលឃ្លានមិនឈប់ពេញ មួយថ្ងៃតែម្តង។
១១. ឈឺក្បាល និងឈឺចង្កេះក្រោយ
អរម៉ូនមួយចំនួន ដែលកើតមាននៅពេលមានផ្ទៃពោះ អាចធ្វើឲ្យអ្នកឈឺក្បាលប្រកាំងជាញឹកញាប់។ ចំណែកអាការៈឈឺចង្កេះក្រោយវិញ អាចបន្តរហូតដល់ត្រីមាសទី ២ និងទី ៣ ពីព្រោះស្បូនដែលរីកធំ នឹងបង្កជាសម្ពាធដល់សរសៃប្រសាទ និងសរសៃឈាម នៅចង្កេះ និងត្រគាករបស់អ្នក។
១២. វិលមុខ
នៅពេលដែលអ្នក មានផ្ទៃពោះ នោះអរម៉ូនរបស់អ្នកមានបំលាស់ប្តូរច្រើន ថែមទាំង បេះដូងក៏មានសភាពលោតញាប់ជាងពេលធម្មតា រហូតបណ្តាលឲ្យធ្លាក់ចុះ នូវសម្ពាធឈាមម្តងបន្តិចៗ។ ជាលទ្ធផល ដែលបង្កឲ្យស្តី្រភាគច្រើន តែងមានបញ្ហាវិលមុខ និងដួលសន្លប់ក៏មាន។
១៣. យល់សប្តិចម្លែកៗ
នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកនឹងឧស្សាហ៍ យល់សប្តិជាញឹកញាប់។ ហេតុនេះ ប្រសិនបើអ្នកចាប់អារម្មណ៍ថា សុបិនរបស់អ្នក មានភាពខុសប្លែក ឬគួរឲ្យសង្ស័យតាមពាក្យគេនិយាយតៗគ្នា នោះអ្នកប្រហែលជាកំពុងតែពពោះទារកក្នុងផ្ទៃហើយ។
១៤. អារម្មណ៍ប្រែប្រួល
ស្រ្តីមានផ្ទៃពោះ អាចផ្លាស់ប្តូរអារម្មណ៍ច្រើន និងឆាប់មានប្រតិកម្មអារម្មណ៍ ថែមទៀតផង។ ជួនកាលពួកគេ ឆាប់ខឹងច្រឡោត ហើយក៏មានអ្នកមួយចំនួនខ្លះទៀត បែរជាលែងសូវមាត់ក ឆាប់តូចចិត្ត ឆាប់ស្រក់ទឹកភ្នែកទៅវិញ។ ការផ្លាស់ប្តូរខាងផ្នែកផ្លូវចិត្តនេះ អាចមានរយៈពេលពេញ ៩ ខែ ១០ ថ្ងៃ ទៅតាមករណីមនុស្សយើងម្នាក់ៗ៕


EmoticonEmoticon