Thursday, January 12, 2017

ទីក្រុង និងរាជធានី ដែលមានទីតាំង ដាច់ស្រយ៉ាលជាងគេ លើភពផែនដីយើងនេះ!


ទីក្រុង និងរាជធានី ដែលមានទីតាំង ដាច់ស្រយ៉ាលជាងគេ លើភពផែនដីយើងនេះ!

ភាពអ៊ូអរ សំលេងរំខាន ភាពតានតឹង និងបរិស្ថានពុល ដែលនៅពាសពេញទីក្រុង បានធ្វើឲ្យមនុស្សមួយចំនួន ធ្លាប់ស្រមៃចង់ទៅឲ្យឆ្ងាយ ពីអ្វីៗជុំវិញខ្លួនទាំងនេះ។ វាជារឿងល្អប្រសើរមួយដែរ ដែលយើងអាចរស់នៅ ទីកន្លែងណាមួយ ដែលមានតែខ្យល់អាកាសធម្មជាតិ គ្មានសំលេងរំខាន គ្មានមនុស្សរស់នៅកកកុញ ហើយថែមទាំងអាចរំសាយរាល់ទុក្ខកង្វល់បានទៀតផង។
ខាងក្រោមនេះ គឺជាទីក្រុង និងរាជធានីទាំង ១០ ដែលស្ថិតនៅដាច់ស្រយ៉ាលពីគេ របស់ភពផែនដី ៖
១០. ទីក្រុង Iquitos (ប្រទេស ប៉េរូ)
ទីក្រុង Iquitos គឺជាទីក្រុង របស់ខេត្ត Maynas របស់ប្រទេស ប៉េរូ។ ទីក្រុងនេះ មានទំហំប្រមាណ ១,២១៣ គីឡូម៉ែត្រការ៉េ ជាពិសេស មានផ្ទៃដីបន្ថែម ៧៨៤ គីឡូម៉ែត្រការ៉េ និងផ្ទៃទឹកបន្ថែម ៣៤០ គីឡូម៉ែត្រការ៉េ។ បើគិតមកទល់នឹងឆ្នាំ ២០១៥ ទីក្រុងនេះ មានប្រជាជនរស់នៅចំនួន ៤៣៧,៣៧៦ នាក់។
ទីក្រុង Iquitos កប់យ៉ាងជ្រៅនៅក្នុងព្រៃ Amazon ដោយមានព្រៃស្បាត ហ៊ុំព័ទ្ធចម្ងាយ រាប់រយគីឡូដី។ អ្នកត្រូវជិះទូក រយៈពេល ៤ ថ្ងៃឯណោះ ទម្រាំតែដល់ទីក្រុងនេះ។ មិនត្រឹមតែប៉ុណ្ណោះ វាមានផ្លូវដី តែមួយខ្សែប៉ុណ្ណោះ និងជាផ្លូវទាល់ប្រវែង ១០៥ គីឡូម៉ែត្រផងដែរ។ ដោយសារតែវានៅដាច់ឆ្ងាយពីគេយ៉ាងនេះ ពួកគេត្រូវនាំចូលអាហារ ទឹកស្អាត សម្ភារៈប្រើប្រាស់ និងសម្លៀកបំពាក់ពីខាងក្រៅទាំងអស់ ហេតុនេះតម្លៃ ក៏ថ្លៃខ្ពស់កប់ពពកដែរ។ 


៩. រាជធានី Ürümqi (ប្រទេស ចិន)
Ürümqi គឺជារាជធានី នៃតំបន់ស្វយ័តស៊ីនជាំង អៃហឺ (Xinjiang Uyghur) នៃសារធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅឯភាគពាយ័ព្យ។ រាជធានី Ürümqi ជាមជ្ឈមណ្ឌលដ៏ធំ លើការធ្វើជំនួញសូត្រ នៅក្នុងរជ្ជកាលរាជវង្សថាំង របស់ប្រទេសចិន និងបានបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួនជាមជ្ឈមណ្ឌលវប្បធម៌និងពាណិជ្ជនាំមុខគេ ក្នុងអំឡុងពេលរាជវង្សឈីងទៀតផង។ រាជធានី Ürümqi មានផ្ទៃដីទំហំ ១៤,៥៧៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ៣,១១២,៥៥៩ នាក់រស់នៅ។
ជុំវិញរាជធានីនេះ មានតែវាលរហោស្ថាន ដូចជាដីទទេរ វាលទំនាប និងភ្នំប៉ុណ្ណោះ។ ប្រសិនបើធ្វើដំណើរតាមផ្លូវទឹក អ្នកត្រូវដើរ ២,២៤០ គីឡូម៉ែត្របន្ថែមទៀត ទើបអាចទៅដល់។ មិនត្រឹមតែដាច់ឆ្ងាយនូវចម្ងាយប៉ុណ្ណោះទេ សូម្បីតែវប្បធម៏ក៏ខុសគ្នាដែរ ដោយសារតែនៅទីនោះភាគច្រើនជាអ្នកកាន់សាសនាមូស្លីម និងប្រើភាសាអារ៉ាប់។ 


៨. ទីក្រុង Petropavlovsk-Kamchatsky (ប្រទេស រុស្ស៊ី)
Petropavlovsk-Kamchatsky គឺជាទីក្រុង និងជាមជ្ឈមណ្ឌលរដ្ឋបាល ឧស្សាហកម្ម វិទ្យាសាស្រ្ត និងវប្បធម៌របស់ Kamchatka Krai ប្រទេស រុស្ស៊ី។ ទីក្រុងនេះ មានផ្ទៃដីទំហំ ៣៦២.១៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណ ១៨១,៦១៨ នាក់។
Petropavlovsk-Kamchatsky ត្រូវបានរកឃើញ ដោយកងទ័ពជើងទឹករុស្ស៊ី ដែលរងរបួស រួចទៅស្ទូចត្រី ក្នុងតំបន់នោះ។ ទីក្រុងទាំងមូល ត្រូវបានហ៊មព័ទ្ធទៅដោយ ភ្នំភ្លើង និងភ្នំជាច្រើនផ្សេងទៀត។ អ្នកដំណើរអាច មកកាន់ទីក្រុងនេះបានដោយ ជិះយន្តហោះតូចៗ មិនសូវទំនើបឡើយ។ ទីក្រុង Petropavlovsk-Kamchatsky មានចម្ងាយពី Moscow ជិត ៦,៥០០ គីឡូម៉ែត្រឯណោះ។ 


៧. រាជធានី King Edward Point (ប្រទេស Georgia ខាងត្បូង និងកោះ Sandwich ខាងត្បូង)
King Edward Point គឺជារាជធានី ទាំងប្រទេស Georgia ខាងត្បូង ទាំងកោះ Sandwich ខាងត្បូង។ នៅរដូវក្តៅ ចំនួនប្រជាជនមានទាបជាង ២៥ នាក់ និងប្រែជាធ្លាក់ត្រឹមតែ ១២ នាក់ ក្នុងរដូវរងារ។ ឈ្មោះកោះនេះ ត្រូវបានដាក់តាមព្រះមហាក្សត្រ Edward VII ប្រចាំចក្រភពអង់គ្លេស អំឡុងឆ្នាំ ១៩០៦។
ជាក់ស្តែងតំបន់ Georgia ខាងត្បូង មិនមានចំនួនទិន្នន័យ មនុស្សរស់នៅជាអចិន្រ្តៃយ៍ឡើយ។ គ្មានអ្នកណាម្នាក់ ដែលមករស់នៅទីនោះ បានលើសពី ២ ឆ្នាំឡើយ។ រដ្ឋាភិបាល ប្រទេសអង់គ្លេស សង្ឃឹមថា នឹងមានមនុស្សមករស់នៅទីនោះ ច្រើនជាងនេះ។ 



៦. ទីក្រុងខ្សាច់ Siwa Oasis (ប្រទេស អេហ្ស៊ីប)
Siwa Oasis គឺជាទីក្រុងខ្សាច់ នៅឯប្រទេសអេហ្ស៊ីប ស្ថិតនៅចន្លោះតំបន់ Qattara Depression និងសមុទ្រខ្សាច់របស់អេហ្ស៊ីប។ វាមានចម្ងាយ ៥០ គីឡូម៉ែត្រពី ខាងកើតព្រំដែន ប្រទេសលីប៊ី និងចម្ងាយ ៥៦០ គីឡូម៉ែត្រ ពីទីក្រុងគែរ។ ពីបុរាណ ទីក្រុងនេះ មានឈ្មោះថា Ammonium និងមានភាពល្បីល្បាញយ៉ាងខ្លាំង។
កាលពីដើមឡើយ ទីក្រុង Siwa Oasis បានកាត់ផ្តាច់ភាពស៊ីវីល័យ ពីពិភពលោក ជាពិសេស ធ្លាប់មានប្រពៃណី អនុញ្ញាតឲ្យមានការរៀបការ រវាងភេទដូចគ្នាដែមទៀតផង។ មនុស្សមិនអាចដើរចេញ នៅម៉ោងថ្ងៃត្រង់បានទេ ពីព្រោះវាមានពំនូកខ្សាច់ច្រើន និងមានសភាពក្តៅខ្លាំង។ 


៥. ទីក្រុង Mêdog (ទីបេ)
Mêdog គឺជាទីក្រុង ក្នុងតំបន់ស្វយ័តទីបេ នៃប្រទេសចិន។ ផ្ទៃដីរបស់ទីក្រុងនេះ មានទំហំប្រមាណជា ៣៤,០០០ គីឡូម៉ែត្រការ៉េ និងមានចំនួនមនុស្សរស់នៅ ១០,៩៦៣ នាក់ បើគិតមកទល់នឹងឆ្នាំ ២០១០ ។
ទីក្រុង Mêdog មានភាពលំបាកខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនង និងកសាងផ្លូវណាស់ ពីព្រោះទីនោះ សម្បូរទៅដោយភ្នំធំៗ និងអាកាសធាតុ ដ៏អាក្រក់ក្រៃលែង។ អ្នកជឿទេថា ទីនោះគ្មានផ្លូវនោះទេ។ ប្រសិនបើអ្នកចង់ធ្វើដំណើរទៅទីក្រុងនោះ អ្នកត្រូវជិះសេះ និងដើរឡើងថែមជាង ១ គីឡូម៉ែត្រ កាត់ភ្នំចំនួនពីរ ដ៏គួរឲ្យខ្លាចទៀតផង។ 


៤. ទីក្រុង Perth (ប្រទេស អូស្រ្តាលី)
Perth គឺជារាជធានី និងជាទីក្រុង ដែលធំជាងគេបង្អស់ របស់ប្រទេសអូស្រ្តាលីភាគខាងលិច។ ទីក្រុង Perth មានទំហំផ្ទៃដីស្មើនឹង ៦,៤១៧.៩ គីឡូម៉ែត្រ និងមានមនុស្សរស់នៅប្រមាណ ២,០៣៩,២០០ បើគិតមកទល់នឹងឆ្នាំ ២០១៥។
ទោះបីមានមនុស្សរស់នៅច្រើន មានភាពស៊ីវីល័យ និងមានផ្លូវគមនាគមន៍ខ្វាត់ខ្វែងក៏ពិតមែន ក៏គេចាត់ទុកទីក្រុងនេះ ជាទីក្រុងដាច់ស្រយាល ពីព្រោះវាមានទីតាំង នៅឯភាគខាងលិច ដែលជាតំបន់មិនសូវមានមនុស្សរស់នៅទាល់តែសោះ។ 


៣. Funafuti (កោះ Tuvalu)
Funafuti គឺជាកោះ និងជាទីក្រុងរបស់កោះ Tuvalu ទាំងមូលផងដែរ។ ទំហំផ្ទៃដីសរុបគឺ ២.៤ គីឡូម៉ែត្រការ៉េ និងមានមនុស្សរស់នៅប្រមាណ ៦,០២៥ នាក់ បើគិតមកទល់នឹងឆ្នាំ ២០១២។
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅទីនោះ អ្នកត្រូវជិះយន្តហោះតូច ពីប្រទេស ហ្វីជី ជាមុនសិន (ពីព្រោះយន្តហោះធំ មិនមានកន្លែងចុះចតទេ)។ យោងទៅតាមការប៉ាន់ស្មាន ក្នុងមួយឆ្នាំ ទីក្រុងនេះ ទទួលបានអ្នកទេសចរណ៍ប្រមាណ ៣៥០ នាក់ប៉ុណ្ណោះ (អាចនិយាយបានថា មួយថ្ងៃប្រហែលបាន ភ្ញៀវម្នាក់)។ 


២. ទីក្រុង Nuuk (ប្រទេស Greenland)
Nuuk គឺជាទីក្រុង និងជារាជធានីរបស់ប្រទេស Greenland ។ ទីក្រុងនេះ មានទំហំ ៦៩០ គីឡូម៉ែត្រការ៉ែប៉ុណ្ណោះ និងមានចំនួនប្រជាជនរស់នៅប្រមាណជា ១៧,៣១៦ នាក់ បើគិតមកទល់នឹងឆ្នាំ ២០១៦ យើងនេះ។
ជាក់ស្តែង វាជាទីក្រុងធំជាងគេ របស់ Greenland ។ ភ្ញៀវទេសចរ ដែលចង់ធ្វើដំណើរមកទីក្រុងនេះ ត្រូវតែមានការឆ្លងកាត់ Iceland ឬទីក្រុង Copenhagen រួចទើបអាចបន្តការហោះហើរបាន ប៉ុន្តែវាមានតំលៃថ្លៃណាស់។ Greenland គ្របដណ្តប់ទៅដោយទឹកកកដ៏ច្រើនមហិមា សូម្បីតែអាកាសធាតុក៏គួរឲ្យខ្លាច និងធានាថាវង្វេងរកផ្លូវមិនឃើញជាក់ជាមិនខាន។ 


១. ទីក្រុង Yakutsk (ប្រទេស រុស្ស៊ី)
ទីក្រុង Yakutsk គឺជាទីក្រុង Sakha Republic ប្រទេស រុស្ស៊ី មានទីតាំងប្រមាណជា ៤៥០ គីឡូម៉ែត្រ ពីភាគខាងត្បូង តំបន់អាកទិក។ ទំហំទីក្រុងនេះស្មើនឹង ១២២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅចំនួន ២៦៩,៦០១ នាក់ បើគិតមកទល់នឹងឆ្នាំ ២០១០។
នៅទីក្រុងនោះគ្មាន ផ្លូវរថភ្លើងទេ និងមានតែផ្លូវមួយខ្សែទេ។ អ្នកអាចធ្វើការហោះហើរពី Moscow រយៈពេលប្រមាណជា ៦ ម៉ោង។ ជាក់ស្តែង នៅទីនោះសីតុណ្ហភាពធ្លាក់ដល់ -៣០ អង្សាសេ និងភាគច្រើន ធ្លាក់ដល់ -៥០ អង្សាសេ ឯណោះ៕ 




EmoticonEmoticon