Thursday, January 12, 2017

បញ្ជីតម្លៃទ្រព្យសម្បត្តិ របស់បណ្តាប្រធានាធិបតីសហរដ្ឋអាមេរិក ពីតិចទៅច្រើនបំផុត


បញ្ជីតម្លៃទ្រព្យសម្បត្តិ របស់បណ្តាប្រធានាធិបតីសហរដ្ឋអាមេរិក ពីតិចទៅច្រើនបំផុត

ការងារ ឬមុខតំណែង ជាប្រធាធិបតីអាចនិយាយបានថា វាជាការងារក្នុងក្តីសុបិនដ៏អស្ចារ្យរបស់មនុស្សម្នាក់ៗ។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃទ្រព្យសម្បត្តិរបស់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ជាមធ្យមគឺ ៦២ លានដុល្លារ ដែលតម្លៃនេះច្រើនជាងទ្រព្យសម្បត្តិមនុស្សពេញវ័យធម្មតា ២០០ ដងឯណោះ។
ហេតុនេះ យើងនឹងនាំប្រិយមិត្តមកតាមដាន តម្លៃទ្រព្យសម្បត្តិរបស់បណ្តាប្រធានាធិបតីសហរដ្ឋអាមេរិកពីតិចបំផុត រហូតដល់ច្រើនបំផុតទាំងអស់គ្នា ៖
# ប្រធានាធិបតី ដែលមានតម្លៃទ្រព្យសម្បត្តិទាបជាងគេ
(តម្លៃទ្រព្យសម្បត្តិ តិចជាង ១ លានដុល្លារអាមេរិក)
• James Buchanan (១៨៥៧-១៨៦១)
• Abraham Lincoln (១៨៦១-១៨៦៥)
• Andrew Johnson (១៨៦៥-១៨៦៩)
• Ulysses S. Grant (១៨៦៩-១៨៧៧)
• James Garfield (១៨៨១ និងត្រូវបានគេធ្វើឃាតក្នុងឆ្នាំនោះដែរ)
• Chester A. Arthur (១៨៨១-១៨៨៥)
• Woodrow Wilson (១៩១៣-១៩២១)
• Calvin Coolidge (១៩២៣-១៩២៩)
• Harry S. Truman (១៩៤៥-១៩៥៣)
ប្រធានាធិបតីទាំង ៩ រូបនេះ មិនអាចស្វែងរកទិន្នន័យតម្លៃទ្រព្យសម្បត្តិបានពិតប្រាកដនោះទេ។ គួរឲ្យចាប់អារម្មណ៍ដែរ ដែលប្រធានាធិបតី ៦ រូបក្នុងចំណោមនោះ ដឹកនាំសហរដ្ឋអាមេរិក នៅអំឡុងឆ្នាំ ១៨៥៧ ដល់ ១៨៨១ ដែលជាឆ្នាំមានសង្រ្គាមស៊ីវិល និងមានការលំបាកក្នុងការគ្រប់គ្រងប្រទេស។ 
# ប្រធានាធិបតី Warren G. Harding និង William McKinley
(តម្លៃទ្រព្យសម្បត្តិ = ១ លានដុល្លារអាមេរិក)
លោក Warren G. Harding ជាប្រធានាធិបតីទី ២៩ កើតនៅថ្ងៃទី ២ វិច្ឆិកា ឆ្នាំ ១៨៦៥ និងស្លាប់នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ១៩២៣ នៅពេលលោកក្លាយជាប្រធានាធិបតីទើបតែបាន ២ ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ លោកទទួលបានចំណូលជាច្រើនបន្ថែម ពីការផលិតកាសែតក្នុងស្រុក។
រីឯលោក William McKinley ជាប្រធានាធិបតីទី ២៥ កើតថ្ងៃទី ៤ មិនា ឆ្នាំ ១៨៩៧ រហូតត្រូវបានគេធ្វើឃាតនៅខែកញ្ញា ឆ្នាំ ១៩០១ អំឡុងអាណត្តិទីពីររបស់លោក។ លោកទទួលបានចំណូលតែពី ប្រាក់បៀវត្សជាប្រធានាធិបតីប៉ុណ្ណោះ។
# ប្រធានាធិបតី Franklin Pierce
(តម្លៃទ្រព្យសម្បត្តិ = ២ លានដុល្លារអាមេរិក)
លោកជាប្រធានាធិបតីទី ១៤ កើតនៅថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ ១៨០៤ និងស្លាប់នៅថ្ងៃទី ៨ តុលា ឆ្នាំ ១៨៦៩។ អាណត្តិរបស់គាត់គិតចាប់ពីឆ្នាំ ១៨៥៣ ដល់ ១៨៥៧។ ក្រៅពីភាពជាប្រធានាធិបតី លោកកាន់កាប់ដីជាច្រើននៅឯរដ្ឋ New Hampshire ។
# ប្រធានាធិបតី William Howard Taft និង Rutherford B. Hayes
(តម្លៃទ្រព្យសម្បត្តិ = ៣ លានដុល្លារអាមេរិក)
លោក William Howard Taft ជាប្រធានាធិបតីទី ២៧ កើតថ្ងៃទី ១៥ កញ្ញា ឆ្នាំ ១៨៥៧ និងបានស្លាប់នៅថ្ងៃ ៨ មីនា ឆ្នាំ ១៩៣០ ដោយអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៩០៩ ដល់ ១៩១៣។ គាត់ទទួលបានចំណូលភាគច្រើនពីការងារផ្លូវច្បាប់របស់គាត់។
រីឯលោក Rutherford B. Hayes ជាប្រធានាធិបតីទី ១៩ កើតថ្ងៃទី ៤ តុលា ឆ្នាំ ១៨២២ និងបានស្លាប់នៅថ្ងៃ ១៧ មករា ឆ្នាំ ១៨៩៣ ដោយអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៨៧៧ ដល់ ១៨៨១។ គាត់គឺជាម្ចាស់អចលនទ្រព្យដ៏ធំសម្បើម នៅរដ្ឋ Ohio។
# ប្រធានាធិបតី Millard Fillmore
(តម្លៃទ្រព្យសម្បត្តិ = ៤ លានដុល្លារអាមេរិក)
លោកជាប្រធានាធិបតីទី ១៣ កើតនៅថ្ងៃទី ៧ មករា ឆ្នាំ ១៨០០ និងស្លាប់នៅថ្ងៃ ៨ មីនា ឆ្នាំ ១៨៧៤។ អាណត្តិរបស់លោកគិតពីឆ្នាំ ១៨៥០ ដល់ ១៨៥៣។ គាត់គឺជាម្ចាស់អចលនទ្រព្យដ៏មហិមា ក្នុងទីក្រុងញូវយ៉ក។
# ប្រធានាធិបតី Benjamin Harrison និង William Henry Harrison
(តម្លៃទ្រព្យសម្បត្តិ = ៥ លានដុល្លារអាមេរិក)
លោក Benjamin Harrison គឺជាប្រធានាធិបតីទី ២៣ កើតនៅថ្ងៃទី ២០ សីហា ឆ្នាំ ១៨៣៣ និងស្លាប់នៅថ្ងៃ ១៣ មីនា ឆ្នាំ ១៩០១។ អាណត្តិរបស់លោកគិតពីឆ្នាំ ១៨៨៩ ដល់ ១៨៩៣។ លោកគឺជាមេធាវី ហើយលោកទទួលបានមរតកពីជីតា William Henry Harrison ជាច្រើនផងដែរ។
រីឯលោក William Henry Harrison ជាប្រធានាធិបតីទី ៩ កើតនៅថ្ងៃទី ៩ កុម្ភៈ ឆ្នាំ ១៧៧៣ និងស្លាប់នៅថ្ងៃ ៤ មេសា ឆ្នាំ ១៨៤១ នៅពេលដែលលោកទើបតែបានឡើងកាន់តំណែងបាន ២៣ ថ្ងៃ។ លោកកាន់កាប់ទ្រព្យសម្បត្តិជាច្រើន ពីអចលនទ្រព្យគ្រួសារខាងប្រពន្ធរបស់លោក។
# ប្រធានាធិបតី Zachary Taylor
(តម្លៃទ្រព្យសម្បត្តិ = ៦ លានដុល្លារអាមេរិក)
លោកជាប្រធានាធិបតីទី ១២ កើតនៅថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ ១៧៨៤ និងស្លាប់នៅថ្ងៃ ៩ កក្កដា ឆ្នាំ ១៨៥០ នៅពេលដែលលោកឡើងកាន់តំណែងបានជាងមួយឆ្នាំ។ លោកគឺជាម្ចាស់ដី ជាច្រើនកន្លែងផងដែរ។
# ប្រធានាធិបតី Jimmy Carter និង Gerald Ford និង Barack Obama
(តម្លៃទ្រព្យសម្បត្តិ = ៧ លានដុល្លារអាមេរិក)
លោក Jimmy Carter គឺជាប្រធានាធិបតីទី ៣៩ កើតថ្ងៃទី ១ តុលា ឆ្នាំ ១៩២៤ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៩៧៧ ដល់ ១៩៨១។ លោកទទួលបានប្រាក់ចំណូលបន្ថែមពី ការសរសេរសៀវភៅជាច្រើន។
រីឯលោក Gerald Ford គឺជាប្រធានាធិបតីទី ៣៨ កើតថ្ងៃទី ១៤ កក្កដា ឆ្នាំ ១៩១៣ និងបានស្លាប់នៅថ្ងៃទី ២៦ ធ្នូ ឆ្នាំ ២០០៦ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៩៧៤ ដល់ ១៩៧៧។ លោកក៏ទទួលបានប្រាក់ចំណូលបន្ថែម ពីការនិពន្ធសៀវភៅផងដែរ។
ចំណែកលោក Barack Obama គឺជាប្រធានាធិបតីទី ៤៤ កើតថ្ងៃទី ៤ សីហា ឆ្នាំ ១៩៦១។ ក្រៅពីប្រាក់ ៤០០,០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំៗ លោក Barack Obama ក៏ទទួលបានចំណូលពីការនិពន្ធសៀវភៅរបស់លោកផងដែរ។
# ប្រធានាធិបតី Dwight Eisenhower
(តម្លៃទ្រព្យសម្បត្តិ = ៨ លានដុល្លារអាមេរិក)
លោក Dwight Eisenhower គឺជាប្រធានាធិបតីទី ៣៤ កើតថ្ងៃទី ១៤ តុលា ឆ្នាំ ១៨៩០ និងបានស្លាប់នៅថ្ងៃទី ២៨ មិនា ឆ្នាំ ១៩៦៩ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៩៥៣ ដល់ ១៩៦១។ ទ្រព្យសកម្មហិរញ្ញវត្ថុធំបំផុតរបស់លោកគឺ អចលនទ្រព្យក្នុងរដ្ឋ Pennsylvania។
# ប្រធានាធិបតី James K. Polk
(តម្លៃទ្រព្យសម្បត្តិ = ១០ លានដុល្លារអាមេរិក)
លោក James K. Polk គឺជាប្រធានាធិបតីទី ១១ កើតថ្ងៃទី ២ វិច្ឆិកា ឆ្នាំ ១៧៩៥ និងបានស្លាប់នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៨៤៩ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៨៤៥ ដល់ ១៨៤៩។ លោកបានស្តារទ្រព្យសម្បត្តិជូនជាតិ និងកាត់បន្ថយពន្ធដល់ប្រជាជន ក្រោយពីឈ្នះសង្រ្គាម។ ជាពិសេស លោកកាន់កាប់ដីធ្លីជាច្រើនទៀតផង។
# ប្រធានាធិបតី Ronald Reagan
(តម្លៃទ្រព្យសម្បត្តិ = ១៣ លានដុល្លារអាមេរិក)
លោក Ronald Reagan គឺជាប្រធានាធិបតីទី ៤០ កើតថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ១៩១១ និងបានស្លាប់នៅថ្ងៃទី ៥ មិថុនា ឆ្នាំ ២០០៤ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៩៨១ ដល់ ១៩៨៩។ លោកមិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ លោកក៏ជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់ដែរ។
# ប្រធានាធិបតី Richard Nixon
(តម្លៃទ្រព្យសម្បត្តិ = ១៥ លានដុល្លារអាមេរិក)
លោក Richard Nixon គឺជាប្រធានាធិបតីទី ៣៧ កើតថ្ងៃទី ៩ មករា ឆ្នាំ ១៩១៣ និងបានស្លាប់នៅថ្ងៃទី ២២ មេសា ឆ្នាំ ១៩៩៤ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៩៦៩ ដល់ ១៩៧៤។ លោកទទួលបានចំណូលជាច្រើនពីការសរសេរសៀវភៅ និងការផ្តល់បទសំភាសន៍ធំៗ។
# ប្រធានាធិបតី John Adams
(តម្លៃទ្រព្យសម្បត្តិ = ១៩ លានដុល្លារអាមេរិក)
លោក John Adams គឺជាប្រធានាធិបតីទី ២ កើតថ្ងៃទី ៣០ តុលា ឆ្នាំ ១៧៣៥ និងបានស្លាប់នៅថ្ងៃទី ៤ កក្កដា ឆ្នាំ ១៨២៦ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៧៩៧ ដល់ ១៨០១។ លោកកាន់កាប់ទ្រព្យសម្បត្តិច្រើនដោយសារតែ លោករៀបការចូលគ្រួសារស្តុកស្តម្ភមួយ។
# ប្រធានាធិបតី George W. Bush
(តម្លៃទ្រព្យសម្បត្តិ = ២០ លានដុល្លារអាមេរិក)
លោក George W. Bush គឺជាប្រធានាធិបតីទី ៤៣ កើតថ្ងៃទី ៦ កក្កដា ឆ្នាំ ១៩៤៦ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ២០០១ ដល់ ២០០៩។ មុនប្រឡូកចូលនយោបាយ លោកមានភាពជោគជ័យលើជំនួញរួចស្រេចទៅហើយ។ ជាពិសេស សព្វថ្ងៃនេះ លោករកប្រាក់ចំណូលបន្ថែមពីសៀវភៅ និងការផ្តល់បទសំភាសន៍។
# ប្រធានាធិបតី John Quincy Adams
(តម្លៃទ្រព្យសម្បត្តិ = ២១ លានដុល្លារអាមេរិក)
លោក John Quincy Adams គឺជាប្រធានាធិបតីទី ៦ កើតថ្ងៃទី ១១ កក្កដា ឆ្នាំ ១៧៦៧ និងបានស្លាប់នៅថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ១៨៤៨ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៨២៥ ដល់ ១៨២៩។ លោកទទួលបានចំណូលជាច្រើនពីការងារជាមេធាវី។
# ប្រធានាធិបតី George H. W. Bush
(តម្លៃទ្រព្យសម្បត្តិ = ២៣ លានដុល្លារអាមេរិក)
លោក George H. W. Bush គឺជាប្រធានាធិបតីទី ៤១ កើតថ្ងៃទី ១២ មិថុនា ឆ្នាំ ១៩២៤ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៩៨៩ ដល់ ១៩៩៣។ លោកទទួលបានភាពជោគជ័យក្នុងឧស្សាហកម្មប្រេង និងកាន់កាប់អចលនទ្រព្យជាច្រើនក្នុងរដ្ឋ Maine ថែមទៀត។ 

# ប្រធានាធិបតី Grover Cleveland
(តម្លៃទ្រព្យសម្បត្តិ = ២៥ លានដុល្លារអាមេរិក)
លោក Grover Cleveland គឺជាប្រធានាធិបតីទី ២២ និងទី ២៤ កើតថ្ងៃទី ១៨ កក្កដា ឆ្នាំ ១៨៣៧ និងបានស្លាប់នៅថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩០៨ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៨៨៥ ដល់ ១៨៨៩ និងពី ១៨៩៣ ដល់ ១៨៩៧។ លោកជាមនុស្សដែលពូកែខាងវិនិយោគលើអចលនទ្រព្យ យ៉ាងជោគជ័យ។
# ប្រធានាធិបតី Martin Van Buren
(តម្លៃទ្រព្យសម្បត្តិ = ២៦ លានដុល្លារអាមេរិក)
លោក Martin Van Buren គឺជាប្រធានាធិបតីទី ៨ កើតថ្ងៃទី ៥ ធ្នូ ឆ្នាំ ១៧៨២ និងបានស្លាប់នៅថ្ងៃទី ២៤ កក្កដា ឆ្នាំ ១៨៦២ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៨៣៧ ដល់ ១៨៤១។ លោកបានកាន់កាប់អចលនវត្ថុជាច្រើនក្នុងទីក្រុងញូវយ៉ក។
# ប្រធានាធិបតី James Monroe
(តម្លៃទ្រព្យសម្បត្តិ = ២៧ លានដុល្លារអាមេរិក)
លោក James Monroe គឺជាប្រធានាធិបតីទី ៥ កើតថ្ងៃទី ២៨ មេសា ឆ្នាំ ១៧៥៨ និងបានស្លាប់នៅថ្ងៃទី ៤ កក្កដា ឆ្នាំ ១៨៣១ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៨១៧ ដល់ ១៨២៥។ មុនពេលឡើងកាន់តំណែង លោកទទួលបានប្រាក់ចំណូលពីអាជីពជាមេធាវី ជាកសិករ និងជាអ្នកដាំដំណាំ។
# ប្រធានាធិបតី John Tyler
(តម្លៃទ្រព្យសម្បត្តិ = ៥១ លានដុល្លារអាមេរិក)
លោក John Tyler គឺជាប្រធានាធិបតីទី ១០ កើតថ្ងៃទី ២៩ មិនា ឆ្នាំ ១៧៩០ និងបានស្លាប់នៅថ្ងៃទី ១៨ មករា ឆ្នាំ ១៨៦២ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៨៤១ ដល់ ១៨៤៥។ លោកគឺជាម្ចាស់ចម្ការដំណាំថ្នាំជក់ដ៏ធំ និងបានរៀបការចូលគ្រួសារអ្នកមានស្តុកស្តម្ភទៀតផង។
# ប្រធានាធិបតី Bill Clinton
(តម្លៃទ្រព្យសម្បត្តិ = ៥៥ លានដុល្លារអាមេរិក)
លោក Bill Clinton ជាប្រធានាធិបតីទី ៤២ កើតថ្ងៃទី ១៩ សីហា ឆ្នាំ ១៩៤៦ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៩៩៣ ដល់ ២០០១។ លោករកចំណូលបានពីការលក់សៀវភៅ និងការផ្តល់បទសំភាសន៍យ៉ាងក្រាស់ក្រែល។
# ប្រធានាធិបតី Franklin D. Roosevelt
(តម្លៃទ្រព្យសម្បត្តិ = ៦០ លានដុល្លារអាមេរិក)
លោក Franklin D. Roosevelt គឺជាប្រធានាធិបតីទី ៣២ កើតថ្ងៃទី ៣០ មករា ឆ្នាំ ១៨៨២ និងបានស្លាប់នៅថ្ងៃទី ១២ មេសា ឆ្នាំ ១៩៤៥ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៩៣៣ ដល់ ១៩៤៥ នៅពេលដែលលោកបានលាចាកលោកនោះឯង។ លោកបានទទួល មរតកពីគ្រួសារយ៉ាងសន្ធឹកសន្ធាប់ទៀតផង។
# ប្រធានាធិបតី Herbert Hoover
(តម្លៃទ្រព្យសម្បត្តិ = ៧៥ លានដុល្លារអាមេរិក)
លោក Herbert Hoover គឺជាប្រធានាធិបតីទី ៣១ កើតថ្ងៃទី ១០ សីហា ឆ្នាំ ១៨៧៤ និងបានស្លាប់នៅថ្ងៃទី ២០ តុលា ឆ្នាំ ១៩៦៤ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៩២៩ ដល់ ១៩៣៣។ លោកខុសពីប្រធានាធិបតីដទៃ ដោយលោកជាកូនកំព្រា និងទទួលភាពជោគជ័យដោយសារឧស្សាហកម្មរ៉ែ មិនមែនកេរ្តិ៍មរតកឡើយ។
# ប្រធានាធិបតី Lyndon B. Johnson
(តម្លៃទ្រព្យសម្បត្តិ = ៩៨ លានដុល្លារអាមេរិក)
លោក Lyndon B. Johnson គឺជាប្រធានាធិបតីទី ៣៦ កើតថ្ងៃទី ២៧ សីហា ឆ្នាំ ១៩០៨ និងបានស្លាប់នៅថ្ងៃទី ២២ មករា ឆ្នាំ ១៩៧៣ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៩៦៣ ដល់ ១៩៦៩។ លោក គឺជាម្ចាស់ដីធ្លីធំៗជាច្រើននៅរដ្ឋ Texas។
# ប្រធានាធិបតី James Madison
(តម្លៃទ្រព្យសម្បត្តិ = ១០១ លានដុល្លារអាមេរិក)
លោក James Madison គឺជាប្រធានាធិបតីទី ៤ កើតថ្ងៃទី ១៦ មីនា ឆ្នាំ ១៧៥១ និងបានស្លាប់នៅថ្ងៃទី ២៨ មិថុនា ឆ្នាំ ១៨៣៦ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៨០៩ ដល់ ១៨១៧។ លោកទទួលបានប្រាក់ចំណូលជាច្រើនពីភាពជាប្រធាននាធិបតី និងរដ្ឋលេខាធិការ។ ជាពិសេស គឺលោកជាអ្នកកាន់កាប់ដីចម្ការដ៏ធំសម្បើមនៅក្នុងរដ្ឋ Virginia ទៀតផង។
# ប្រធានាធិបតី Andrew Jackson
(តម្លៃទ្រព្យសម្បត្តិ = ១១៩ លានដុល្លារអាមេរិក)
លោក Andrew Jackson គឺជាប្រធានាធិបតីទី ៧ កើតថ្ងៃទី ១៥ មីនា ឆ្នាំ ១៧៦៧ និងបានស្លាប់នៅថ្ងៃទី ៨ មិថុនា ឆ្នាំ ១៨៤៥ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៨២៩ ដល់ ១៨៣៧។ លោកជាម្ចាស់កម្មសិទ្ធិដីធ្លីជាច្រើន និងមានការងារជាយោធាទៀតផង។
# ប្រធានាធិបតី Theodore Roosevelt
(តម្លៃទ្រព្យសម្បត្តិ = ១២៥ លានដុល្លារអាមេរិក)
លោក Theodore Roosevelt គឺជាប្រធានាធិបតីទី ២៦ កើតថ្ងៃទី ២៧ តុលា ឆ្នាំ ១៨៥៨ និងបានស្លាប់នៅថ្ងៃទី ៦ មករា ឆ្នាំ ១៩១៩ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៩០១ ដល់ ១៩០៩។ ទោះបីជាគ្រួសារលោក ជាគ្រួសារអ្នកមានស្រាប់ក៏ដោយ ក៏លោកបានរកចំណូលជាច្រើនបន្ថែមពីការនិពន្ធសៀវភៅផងដែរ។ ជាពិសេស លោកជាម្ចាស់ទ្រព្យសកម្មដ៏មានតម្លៃជាច្រើនលើកោះ Long Island ទៀតផង។
# ប្រធានាធិបតី George Washington
(តម្លៃទ្រព្យសម្បត្តិ = ៥២៥ លានដុល្លារអាមេរិក)
លោក George Washington គឺជាប្រធានាធិបតីទី ១ កើតថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ១៧៣២ និងបានស្លាប់នៅថ្ងៃទី ១៤ ធ្នូ ឆ្នាំ ១៧៩៩ ដែលអាណត្តិរបស់លោកគិតចាប់ពីឆ្នាំ ១៧៨៩ ដល់ ១៧៩៧។ ក្រុមគ្រួសាររបស់លោក គឺជាម្ចាស់កម្មសិទ្ធិដីធ្លី សឹងតែពាសពេញរដ្ឋ Virginia ហើយថែមទាំងមានអចលនទ្រព្យលើភ្នំ Vernon ជាង ៣២ គីឡូម៉ែត្រការ៉េឯណោះ។
# ប្រធានាធិបតី John F. Kennedy
(តម្លៃទ្រព្យសម្បត្តិ = ១ ពាន់លានដុល្លារអាមេរិក)
លោក John F. Kennedy គឺជាប្រធានាធិបតីទី ៣៥ កើតថ្ងៃទី ២៩ ឧសភា ឆ្នាំ ១៩១៧ និងបានស្លាប់នៅថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ១៩៦៣ ដែលជាថ្ងៃ ដែលលោកត្រូវបានគេធ្វើឃាត។ ឪពុករបស់លោក ទទួលបានជោគជ័យក្នុងអាជីវកម្ម រួមមាន ធនាគារ ពាណិជ្ជកម្មភាគហ៊ុន លក់ស្រា និងការផលិតខ្សែភាពយន្ដ។ មុនពេលដែលលោកចូលកាន់តំណែង លោកក៏កាន់កាប់មូលនិធិមួយផ្នែកធំ និងជាកម្មសិទ្ធិអចលនទ្រព្យជាច្រើនផងដែរ៕ 


EmoticonEmoticon