Thursday, January 12, 2017

អស់បារម្ភ ជាមួយនឹងវិធីសាស្រ្តងាយៗ ក្នុងការជ្រើសរើសបន្លែ និងផ្លែឈើ ស្រស់ៗ គ្មានជាតិគីមី ដោយខ្លួនអ្នកផ្ទាល់!


អស់បារម្ភ ជាមួយនឹងវិធីសាស្រ្តងាយៗ ក្នុងការជ្រើសរើសបន្លែ និងផ្លែឈើ ស្រស់ៗ គ្មានជាតិគីមី ដោយខ្លួនអ្នកផ្ទាល់!

សព្វថ្ងៃនេះ ការប្រើប្រាស់ជី និងសារធាតុគីមីផ្សេងៗ ក្នុងវិស័យកសិកម្ម លែងជាបញ្ហាគួរឲ្យភ្ញាក់ផ្អើលទៀតហើយ ជាពិសេស គឺបន្លែ និងផ្លែឈើ ដែលមនុស្សត្រូវទទួលទានជារៀងរាល់ថ្ងៃ។ អ្នកប្រាកដជាធ្លាប់ តាមដានសកម្មភាពរបស់ម៉ាក់ នៅពេលដែលគាត់ទិញបន្លែ ផ្លែឈើម្តងៗជាក់ជាមិនខាន។
ជាក់ស្តែង អ្នកមិនចាំបាច់ចាំសួរ និងចាំសង្កេតតទៅទៀតទេ ពីព្រោះថ្ងៃនេះ យើងនឹងលើកយកពីវិធីសាស្រ្ត ក្នុងការជ្រើសរើសប្រភេទ បន្លែ ផ្លែឈើ ដែលមានគុណភាពស្រស់ល្អ គ្មានជាតិគីមី ជូនប្រិយមិត្តខ្មែរឡូតទាំងអស់គ្នា!
# ដំបូងអ្នកត្រូវស្វែងយល់ពីចំណុចមូលដ្ឋានមួយចំនួន ជាមុនសិន ដើម្បីអាចធានាថាអ្នកអាចទិញបានបន្លែ និងផ្លែឈើ ដែលគ្មានជាតិគីមី ឬលូតលាស់ដោយធម្មជាតិបាន
១. ជំហានដំបូង ៖ តាមរដូវកាល
ជ្រើសរើស បន្លែនិងផ្លែឈើ តាមរដូវកាលមានន័យថា អ្នកទទួលទានអាហារ ដូចដែលធម្មជាតិបានបម្រុងទុក។ ជាពិសេស វាប្រាកដជាត្រូវបានដាក់លក់ភ្លាមៗ ក្រោយពីប្រមូលផល ហេតុនេះ អ្នកនឹងទទួលបានបន្លែនិងផ្លែឈើ ដែលស្រស់ និងផ្តល់នូវសុខភាពល្អបំផុត ជាក់ជាមិនខាន។
២. ជំហានទីពីរ ៖ ប្រើភ្នែក
សូមកុំជ្រើសរើសបន្លែនិងផ្លែឈើ ដែលរលោងស្អាត មើលទៅឥតខ្ចោះ ឲ្យសោះ។ ទំហំក៏មិនចាំបាច់ធំដែរ ជាពិសេស មានពណ៌ស្រស់ធម្មតា មិនមែនដិតភ្លឺ ដូចជាបន្ថែមពណ៌នោះទេ។ សម្រាប់បន្លែស្លឹកវិញ មើលលើពណ៌បែតងស្រស់របស់វា ជាពិសេស កុំឲ្យមានពណ៌លឿងនៅចុងសន្លឹកឲ្យសោះ។ ជាងនេះទៅទៀត ជ្រើសរើសបន្លែនិងផ្លែឈើណា មានស្នាមអុជ ឬជ្រាំងខ្លះ ដែលមានន័យថា វាជាដំណាំធម្មជាតិ និងអាចទុំស្មើសាច់ ខុសពីដំណាំមានគីមី។
៣. ជំហានទីបី ៖ ប្រើដៃប៉ះ
អ្នកត្រូវរើសបន្លែនិងផ្លែឈើដែលស្ទាបទៅរឹង ឧទាហរណ៍ដូចជា ផ្លែប៉ោម ប៉េងប៉ោះ ចេក និងស្ពៃក្តោប។ រីឯបន្លែស្លឹកវិញ ត្រូវមានលក្ខណៈស្រួយ និងបត់បែនបាន។ សម្រាប់ផ្លែត្រសក់ ត្រសក់ស្រូវ ល្ពៅ ត្រឡាច ត្រូវមានលក្ខណៈធ្ងន់ ណែនល្អ។
៤. ជំហានទីបួន ៖ ហិតក្លិន
ប្រភេទផ្លែឈើមួយចំនួន មានភាពងាយស្រួលក្នុងការហិតក្លិន ឧទាហរណ៍ដូចជាផ្លែចេក ជាដើម។ អ្វីដែលអ្នកត្រូវចងចាំគឺ ត្រូវជ្រើសរើសបន្លែនិងផ្លែឈើ ដែលមានរូបរាងខាងក្រៅស្អាត និងមានក្លិនក្រអូបឈ្ងុយ ទៅតាមប្រភេទរបស់វា។ ក្នុងករណី ដែលអ្នកត្រូវទិញទុកយូរ អ្នកអាចជ្រើសរើសបន្លែនិងផ្លែឈើ ដែលមានក្លិនស្រាល ដើម្បីការពារកុំឲ្យទុំជោរ។ 

# ខាងក្រោមនេះ គឺជាកំណត់សម្គាល់ក្នុងការជ្រើសរើស ប្រភេទបន្លែនិងផ្លែឈើមួយចំនួនធំ ដែលអ្នកកំពុងតែទន្ទឹងរង់ចាំ។ តោះទៅតាមដានទាំងអស់គ្នា!
• ផ្លែប៊ឺ (Avocado) ៖ សំបកត្រូវមានសភាពគ្រើម ពណ៌បៃតងចាស់ និងគ្មានស្នាមប្រេះបែក។ ជាពិសេស ពេលយកដៃសង្កត់ មិនរឹងពេក។
• ផ្លែឪឡឹក ៖ ក្រឡាលើសំបក ត្រូវមានក្រឡាច្បាស់ៗ និងមានទងពណ៌លឿង ហើយស្ងួត។ ជាពិសេស ត្រូវជ្រើសរើសឪឡឹកដែលមានទំហំមិនធំពេក មិនតូចពេក និងធ្ងន់ល្អ។
• ផ្លែម្នាស់ ៖ អ្នកត្រូវជ្រើសរើសម្នាស់ ដែលមានពណ៌លឿង (ចៀសវាងមានពណ៌រាងក្រហម) និងមានភ្នែកពណ៌ត្នោត រីឯដើមរបស់វាត្រូវតែក្រាស់ និងមានពណ៌បៃតង។ ជាពិសេស វាត្រូវតែធ្ងន់ និងមានក្លិនក្រអូបឈ្ងុយ។
• ផ្លែត្រសក់ស្រូវ Melon ៖ ត្រូវមានសំបកគ្រើម ធ្ងន់ និងមានក្លិនក្រអូប។ ប្រសិនបើអ្នកចង់បានផ្លែត្រសក់ទុំ អ្នកអាចគោះរកត្រសក់ណាមួយ ដែលមានសម្លេងឮខ្សោយជាងគេ។
• ផ្លែទទឹម ៖ សំបកត្រូវមានពណ៌ក្រហម ភ្លឺ និងមិនត្រូវមានសភាពស្ងួតពេកទេ។ ជាពិសេស វាត្រូវមានលក្ខណៈរឹង ធ្ងន់ និងគ្មានក្លិននោះទេ។
• ផ្លែប៉ោម ៖ សំបកត្រូវមានពណ៌ក្រហមក្រម៉ៅ ភ្លឺ រឹង ធ្ងន់ មានក្លិនក្រអូប និងមិនត្រូវមានស្នាមអុជ ឬស្នាមប្រេះឡើយ។ ប្រសិនបើសំបក របស់វាមានសភាពរអិល ដូចជាប្រេង សូមអ្នកកុំទិញឲ្យសោះ ពីព្រោះវាមានផ្ទុកជាតិគីមី។
• ផ្លែចេក ៖ សំបកត្រូវមានពណ៌លឿងស្រស់ (សម្រាប់អ្នកចង់ញ៉ាំភ្លាមៗ) ឬត្រូវមានពណ៌បៃតងស្មើសាច់ (សម្រាប់អ្នកចង់ទិញទុក)។ ជាពិសេស ត្រូវចៀសវាងចេកដែលមានសំបកជាំ ឬដាច់រហែក។
• ផ្លែ Blueberries ៖ ត្រូវជ្រើសរើសផ្លែ Blueberries ដែលរឹង ស្ងួត និងមានពណ៌ខៀវចាស់។ ម្សៅពណ៌ស ដែលមានជាប់នៅលើផ្លែ Blueberries គឺជាធម្មជាតិរបស់វាទេ។
• ផ្លែឈឺរី (Cherries) ៖ ត្រូវជ្រើសរើសផ្លែឈឺរី ដែលមើលទៅថ្លោស សំបកភ្លឺ និងមានពណ៌ក្រម៉ៅ។ ផ្លែឈឺរី ដែលមានទងជាប់នឹងផ្លែ អាចទុកបានរយៈពេលយូរ។
• ផ្លែក្រូចថ្លុង ៖ សំបកត្រូវតែរលោង មានសភាពស្តើង កាន់តែធ្ងន់កាន់តែល្អ។ ជាពិសេស នៅពេលសង្កត់ មិនមានសភាពរឹងជ្រុលទេ។
• ផ្លែទំពាំងបាយជូរ ៖ ត្រូវមានសភាពរឹង ថ្លោស និងធ្ងន់។ ជាពិសេស សំបករបស់វា មិនត្រូវមានសភាពជ្រួញ ឬស្នាមអុជអ្វីឡើយ។
• ផ្លែគីវី ៖ ជ្រើសរើសផ្លែណា ដែលមិនរឹងដូចដុំថ្មពេក និងក៏មិនត្រូវទន់ពេកដែរ។ ជាពិសេស មានសំបករាងគ្រើមតិចៗ។
• ផ្លែស្វាយ ៖ ជ្រើសរើសផ្លែណា ដែលសង្កត់ទៅ មានសភាពទន់តាមកម្លាំងដៃតិចៗ។ ជាពិសេស មានក្លិនក្រអូប នៅត្រង់ទងរបស់វា។
• ផ្លែក្រូច ៖ សំបកត្រូវមានសភាពរលោង (ចៀសវាងសំបកស្វិតជ្រីវជ្រួញ) រឹង និងមានទម្ងន់ធ្ងន់។ សម្រាប់ពណ៌របស់វា មិនជាបញ្ហាអ្វីឡើយ។
• ផ្លែស្រ្តប៊ីរី ៖ ត្រូវជ្រើសរើសផ្លែ ដែលមានពណ៌ក្រហមស្រស់ និងមានក្លិនឈ្ងុយ ជាពិសេស ទងរបស់វា ត្រូវតែស្រស់ និងមានពណ៌បៃតង។
• ក្រូចឆ្មារ ៖ ត្រូវមានសំបកភ្លឺ និងមិនត្រូវមានដុំពក ឬប្រហោងនោះទេ។ ជាពិសេស ត្រូវចងចាំថា ក្រូចឆ្មារដែលកាន់តែធ្ងន់ គឺកាន់តែមានទឹកច្រើន។ 
• ត្រប់ ៖ ត្រូវមានសំបកភ្លឺ ពណ៌ស្វាយចាស់ មានទងពណ៌បៃតង និងមិនត្រូវមានស្នាមអ្វីទាំងអស់។ អ្នកមិនត្រូវជ្រើសយកទំហំធំពេកទេ ជាពិសេស វាត្រូវតែធ្ងន់។
• ដំឡូងបារាំង ៖ សំបកត្រូវតែរលោង និងមិនត្រូវមានស្នាមអុជ ឬប្រហោងជុំវិញច្រើនហួសពេកទេ។ ជាពិសេស វាត្រូវតែរឹង និងមានទំហំធំល្មម។
• ត្រសក់ ៖ ត្រូវមានសំបកពណ៌បៃតង និងទ្រវែង។ ជាពិសេស មិនត្រូវមានសភាពជ្រីវជ្រួញឡើយ។ ត្រសក់ដែលជ្រុះទងបាត់ មានន័យថា វាមិនស្រស់ទេ។
• ប៉េងប៉ោះ ៖ ត្រូវមានសំបកភ្លឺ និងមានក្លិនក្រអូប និងមិនត្រូវមានស្នាមអុជ ឬស្នាមដាច់រហែកណាមួយឡើយ។ ជាពិសេស មិនត្រូវមានស្នាមជ្រួញលើសំបកឡើយ។
• ល្ពៅ ៖ ត្រូវតែមានសភាពរឹង គ្មានស្លាកស្នាម។ ជាពិសេស ត្រូវជ្រើសរើសទំហំតូច ឬទំហំមធ្យម និងមានទងស្ងួតជាប់នឹងផ្លែ។
• ខ្ទឹមស ៖ សំបក និងក្លែបរបស់វា មិនត្រូវមានលាយពណ៌បៃតងឡើយ។ ជាពិសេស វាត្រូវមានទងស្ងួត និងក្លែបធំៗ។ ចៀសវាងខ្ទឹមសណា ដែលមានសំបកខាងក្រៅច្រើនស្រទាប់ពេក។
• ផ្សិត ៖ ក្បាលផ្សិត ត្រូវមានពណ៌ស រលោង ដោយមិនមានស្នាមអុជអ្វីឡើយ។ ជាពិសេស មានសភាពរឹង មិនទន់រឡិករឡាក់ ព្រមទាំងមានក្លិនឈ្ងុយទៀតផង។
• ស្ពៃក្តោប ៖ ត្រូវមានស្លឹកស្តើង ធ្ងន់ មិនមានស្នាមជាំ និងមិនផ្លាស់ប្តូររូបរាង នៅពេលច្របាច់។ ប្រសិនបើស្លឹករបស់វាក្រាស់ខុសពីធម្មតា មានន័យថា វាមានផ្ទុកសារធាតុនីត្រាត។
• ផ្កាខាត់ណា ៖ ផ្ការបស់វា ត្រូបតែមានពណ៌ស ឬពណ៌លឿងខ្ចី និងមើលទៅណែន។ ចៀសវាងផ្តាដែលមានពណ៌លឿងទុំ ឬមានស្នាមអុជខ្មៅ។
• ខ្ទឹមបារាំង ៖ សំបកខាងក្រៅ គ្មានការខូចខាត មានសភាពភ្លឺ ស្ងួត និងធ្ងន់។ ចៀសវាងជ្រើសយកខ្ទឹមបារាំង ដែលមានទងដុះចេញមកក្រៅ ឬមានលាយពណ៌បៃតង។
• ស្ពៃតឿ ៖ អ្នកអាចជ្រើសរើសយក ស្ពៃតឿណា ដែលមានសន្លឹកពណ៌បៃតង (ទាំងបៃតងចាស់ ទាំងបៃតងខ្ចី) និងមានដើមពណ៌ស រលោងស្អាត។ ចៀសវាង ស្ពៃដែលមានពណ៌លឿង នៅនឹងស្លឹក។
• ម្ទេសប្លោក ៖ អ្នកត្រូវជ្រើសរើស ម្ទេសប្លោក ដែលមានសភាពរឹង មានសំបកភ្លឺ និងធ្ងន់។
• ឆៃថាវ ៖ អ្នកត្រូវជ្រើសរើស ឆៃថាវ ដែលមានទងពណ៌បៃតង និងរឹង។ ជាពិសេស ត្រូវចៀសវាងជ្រើសយក ឆៃថាវ ដែលដាច់ទង។
• ការ៉ុត ៖ អ្នកត្រូវជ្រើសរើស ការ៉ុតណា ដែលមានសំបករលោង មិនជាប់ឫស និងត្រូវតែរឹង។ ជាពិសេស មិនត្រូវមានស្នាមជ្រួញលើសំបកឡើយ។
• ដំឡូង ឬដំឡូងជ្វា ៖ អ្នកត្រូវជ្រើសយកដំឡូងដែលមានសភាពរឹង មានសំបកស្បែកមិនជ្រីវជ្រួញ គ្មានស្នាមអុជខ្មៅ ឬស្នាមដាច់ណាមួយឡើយ ពីព្រោះវាអាចនឹងងាយរលួយ៕ 


EmoticonEmoticon