Friday, January 13, 2017

របស់របរទាំង ២៥ ដែលអ្នកមិនធ្លាប់ដឹង ពីគោលបំណងប្រើប្រាស់របស់វា


របស់របរទាំង ២៥ ដែលអ្នកមិនធ្លាប់ដឹង ពីគោលបំណងប្រើប្រាស់របស់វា

រាល់វត្ថុ ឬរបស់របរ ដែលត្រូវបានបង្កើតមក តែងមានគោលបំណង និងទិសដៅប្រើប្រាស់ច្បាស់លាស់របស់វារៀងៗខ្លួន។ ជាក់ស្តែង របស់របរ ឬវត្ថុមួយចំនួន បានលាក់ទុកចំនុចពិសេសខ្លះៗជាប់ជាមួយបន្ថែមទៀត ដែលហាក់ដូចជា មិនសូវមានមនុស្សច្រើននាក់ ដឹងពីគោលបំណងប្រើប្រាស់របស់វាទាល់តែសោះ។
ហេតុនេះ យើងនឹងនាំប្រិយមិត្តមកតាមដានរបស់ប្រើប្រាស់មួយចំនួន ដែលអ្នកប្រហែលជាមិនធ្លាប់ដឹង ថាវាមានគោលបំណងប្រើប្រាស់លើអ្វីនោះទេ! 
១. រន្ធប្រហោងនៅគម្របប៊ិច
មានមនុស្សមិនតិចទេ ដែលគិតថារន្ធប្រហោងលើគម្របប៊ិច គឺធ្វើឡើងដើម្បីការពារកុំឲ្យស្ងួតទឹក ឬសម្រាប់ការពារកុំឲ្យហៀរទឹកប៊ិច។ ប៉ុន្តែ ជាក់ស្តែង ហេតុផលរបស់រន្ធនេះគឺ ដើម្បីកាត់បន្ថយហានិភ័យ នៃការថប់ដង្ហើមទៅវិញទេ ក៏ព្រោះតែគេគិតថា កុមារតូចៗតែងតែចូលចិត្តខាំ ឬអង្គាម គម្របប៊ិច និងជួនកាលអាចស្លាក់ចូលបំពង់ក។ ដូច្នេះ រន្ធប្រហោងនោះ អាចជួយការពារកុមារតូចៗ ទាំងនោះមិនឲ្យស្ទះខ្យល់ដង្ហើមភ្លាមៗ និងជួយសង្រ្គោះបានទាន់ពេលវេលា។ 
២. ប្រហោងតូចមួយ នៅកញ្ចក់បង្អួចយន្តហោះ
រន្ធលើកញ្ចក់បង្អួចយន្តហោះ មានលាក់ហេតុផល ២ គឺ ៖
• មូលហេតុទីមួយ គឺដើម្បីរក្សាសម្ពាធខ្យល់ ពីព្រោះសម្ពាធនឹងកើនឡើងខ្លាំងទាំងក្នុង និងក្រៅយន្តហោះ នៅពេលដែលយន្តហោះឡើងដល់រយៈកម្ពស់មួយសមស្រប។ ហេតុនេះ រន្ធនៅនឹងបង្អូច អាចជួយគ្រប់គ្រងសម្ពាធខ្យល់ ឲ្យមានតុល្យភាពគ្នាបាន។
• ហេតុផលមួយទៀតគឺ ដើម្បីការពារបង្អួចកុំឲ្យស្រអាប់។ 
៣. ក្រណាត់ ដែលជាប់មកជាមួយឡេវ
អ្នកប្រហែលជាគិតថា ក្រណាត់នោះ គឺសម្រាប់ប៉ះ នៅពេលមានកន្លែងរហែកណាមួយហើយ។ ប៉ុន្តែ អ្នកគិតខុសទាំងស្រុងហើយ! ក្រុមហ៊ុនផលិតសម្លៀកបំពាក់ ភ្ជាប់ក្រណាត់នេះមកជាគំរូ ដើម្បីឲ្យអ្នកធ្វើតេស្ត ថាតើសាប៊ូរបស់អ្នក មានប្រតិកម្មជាមួយក្រណាត់សំពត់ថ្មីនោះយ៉ាងណាខ្លះ។ 
៤. កូនហោប៉ៅតូចមួយ លើខោខូវប៊យ
កូនហោប៉ៅតូចមួយ ដែលមាននៅនឹងខោខូវប៊យ គឺសម្រាប់ដាក់នាឡិកា។ កូនហោប៉ៅ នេះមានមកជាមួយ តាំងពីខោខូវប៊យ ត្រូវបានបង្កើតតាំងពីដំបូងមកម្ល៉េះ។ 
៥. លោហៈធាតុ ដែលនៅនឹងគែមហោប៉ៅ
នៅពេលដែលលោក Levi Strauss បង្កើតខោខូវប៊យដំបូង លោកជួយប្រទះបញ្ហារហែក ឬដាច់ថ្នេរ ជាពិសេសសម្រាប់ពួកកម្មករ ដែលពាក់ខោខូវប៊យធ្វើការ។ ហេតុនេះ ទើបលោកដាក់បន្ថែមគ្រាប់លោហៈ ដើម្បីឲ្យវាមានភាពរឹងមាំ។ 
៦. ប្រហោង នៅនឹងគែមស្បែកជើង Converse All Stars
មូលហេតុចម្បងបំផុតគឺ ដើម្បីឲ្យវាមានខ្យល់ចេញចូល។ លើសពីពីនេះទៅទៀត Converse All Stars ត្រូវបានផលិតឡើងជាស្បែកជើងកីឡា ហេតុនេះ កីឡាករដែលពាក់ស្បែកជើងនេះ អាចស៊កខ្សែស្បែកជើង ចងតាមប្រហោងនោះបាន ដើម្បីឲ្យណែនជើងល្អ។ 
៧. ប្រហោងតូចមួយ នៅនឹងចុងម៉ែត្រវាស់
នៅនឹងចុងម៉ែត្រវាស់ មានប្រហោងតូចមួយ ដែលសម្រាប់ថ្ពក់ក្រចកដៃ ឬវីស ដើម្បីជួយអ្នកវាស់បានដោយសុវត្ថិភាព មិនរអិលដូចមុនទៀតឡើយ។ 
៨. គែមអង្កាញ់ៗ នៅចុងម៉ែត្រវាស់
គែមអង្កាញ់ ដែលនៅចុងនោះ គឺសម្រាប់ផ្តល់ជាភាពងាយស្រួលដល់អ្នក ដោយគ្រាន់តែយកគែមនោះឆូត គូសចំណាំត្រង់កន្លែង ឬប្រវែងដែលអ្នកចង់បានជាការស្រេច។ 
៩. ប្រហោងនៅនឹងដៃឆ្នាំង
អ្នកប្រាកដជា ដឹងហើយថា ប្រហោងនោះសម្រាប់ថ្ពក់ឆ្នាំងរបស់អ្នក។ ប៉ុន្តែ អ្នកដឹងទេថា អ្នកអាចស៊កវែក ចូលក្នុងនោះ នៅពេលកំពុងចម្អិនអាហារបានទៀតផង។ 
១០. ប្រហោងវែក Pasta
គោលបំណងរបស់ ប្រហោងវែកនេះ គឺសម្រាប់ច្រោះទឹកចេញពី Pasta ប៉ុន្តែវែកភាគច្រើន មានទំហំប្រហោងខុសៗគ្នា ដែលប្រើសម្រាប់កំណត់បរិមាណ Pasta ទៅវិញទេ។ 
១១. សញ្ញាព្រួញជាប់នឹង រូបរង្វាស់សាំង
ប្រហែលជា អ្នកមិនដែល សម្គាល់ឃើញវាទេ។ សញ្ញាព្រួញតូចមួយនោះ ចង្អុលបង្ហាញពីគម្របចាក់សាំង ថាតើវានៅខាងណា។ វាផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ ជាពិសេស នៅពេលដែលអ្នកបើកបរឡានជួល ឬឡានអ្នកដទៃ។ 
១២. រន្ធនៅបាតមេសោរ
រន្ធតូចមួយ នៅក្រោមបាតមេសោរនោះ សម្រាប់ឲ្យទឹកដែលហូរចូល ហៀរចេញមកវិញ ដើម្បីការពារច្រេះ និងកុំឲ្យឆាប់ខូច។ ជាងនេះទៅទៀត វាជារន្ធសម្រាប់ បន្តក់ប្រេង ដើម្បីឲ្យសោរដំណើរការបានល្អ។ 
១៣. ដុំស៊ីឡាំង តាមខ្សែភ្លើង
ដុំរាងស៊ីឡាំង តាមបណ្តោយខ្សែភ្លើង នោះគឺជាស្នូលដែក ឬអាចនិយាយបានថាជាកំណាត់ ដែកអុកស៊ីតម៉ាញ៉េទិច ដែលសម្រាប់ការពារ និងបង្ក្រាប កុំឲ្យមានអេឡិចត្រុងប្រេកង់ខ្ពស់ឆ្លងកាត់ (ព្រោះវាអាចបង្កគ្រោះថ្នាក់)។ 
១៤. របៀបប្រើកាំបិតឆូត
នៅលើកាំបិតឆូត អ្នកនឹងសង្កេតឃើញស្នាមឆូតៗ កំណាត់ៗ ដែលអាចឲ្យអ្នកកាច់ចោលពេលណាក៏បាន នៅពេលដែលវាលែងសូវមុត។ ប៉ុន្តែ អ្នកមិនត្រូវប្រើដៃកាច់នោះទេ អ្នកត្រូវដោះយកគម្របលើកាំបិត មកកាច់ទើបជាការត្រឹមត្រូវ (ព្រោះវាមាន ចន្លោះគាបដើម្បីកាច់មុខកាំបិតបាន)។ 
១៥. ដុំពកលើតួអក្សរ “F” និង “J”
មនុស្សភាគច្រើនធ្លាប់បានដឹងហើយថាតួអក្សរ “F” និង “J” លើក្តារចុច ជាកន្លែងដាក់ម្រាមដៃពីលើ។ រីឯដុំពកនោះ គឺសម្រាប់ឲ្យអ្នកត្រលប់មកដាក់ម្រាមដៃរបស់អ្នក នៅពេលវាយអក្សរ ដោយមិនចាំបាច់ក្រឡេកមើលក្តារចុច។ 
១៦. ប្រហោងនៅលើបន្ទាត់
មិនពិបាកគិតនោះទេ! ប្រហោងទាំងនោះ គឺសម្រាប់ព្យួរវាទុក។ 
១៧. ស្លាបរបស់ដុំឆ្នាំងសាកផលិតផល​ Apple
ស្លាប ដែលអាចបកឡើងបានរបស់ដុំឆ្នាំងសាកផលិតផល​ Apple គឺសម្រាប់ រុំខ្សែរបស់ឆ្នាំងសាក។ អ្នកអាចពិនិត្យមើលរូបភាព ដើម្បីរុំឲ្យបានស្អាត និងលែងផ្តល់ភាពរញ៉ែរញ៉ៃតទៅទៀត។ 
១៨. ផ្លាស្ទិចនៅបាតគម្របដប
ជាតិផ្លាស្ទិច ដែលមាននៅជាប់គម្របដប គឺសម្រាប់រក្សាសារធាតុរាវ និងជាតិកាបូន ឲ្យនៅក្នុងដបនោះបាន ពីព្រោះប្រសិនបើគ្មានវាទេ នៅពេលដែលអ្នកមួលគម្របបិទ ដបទឹកនឹងប្រែជាកំពិតមិនខាន។ 

១៩. ជ័រលុបផ្នែកពណ៌ខៀវ
មានមនុស្សមិនតិចទេ ដែលគិតថាផ្នែកពណ៌ខៀវ របស់ជ័រលុបគឺសម្រាប់លុបទឹកថ្នាំ របស់ប៊ិច។ តាមការពិតទៅ វាប្រើសម្រាប់លុបក្រដាស ដែលមានកំរាស់ក្រាស់ៗទៅវិញទេ។ មួយវិញទៀតក៏ដោយសារតែ ផ្នែកជ័រលុបធម្មតា អាចបន្សល់ស្លាកស្នាម ហេតុនេះយើងអាចប្រើជ័រលុបផ្នែកពណ៌ខៀវ មកបំបាត់ដានបានទៀតផង។ 
២០. ចំនុចផត នៅនឹងបាតដបស្រា
អ្នកជំនាញបានលើកឡើងថា ចំនុចនោះគឺសម្រាប់រក្សាសម្ពាធក្នុងដប នៅពេលដែលត្រូវបិទឆ្នុក។ តួ និងបាត របស់ដបស្រាងាយនឹងប្រេះបែក ហេតុនេះចំនុចផតនៅបាតដប អាចជួយចែកសម្ពាធដែលមានក្នុងដបឲ្យមានតុល្យភាពបាន។ 
២១. ទឹកដោះគោសូកូឡា
ទឹកដោះគើសូកូឡា មិនត្រឹមតែជាភេសជ្ជៈ ដែលជួយឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយប៉ុណ្ណោះទេ។ ជាក់ស្តែង វាត្រូវបានគេប្រើជាឱសថ ដើម្បីទទួលបានសុខភាពល្អ នៅក្នុងចក្រភពអង់គ្លេស តាំងពីជំនាន់គ្រូពេទ្យបុរាណមកម្ល៉េះ។ 
២២. ក្រណាត់ដូចទំពក់ នៅលើខ្នងអាវ
អ្នកធ្លាប់ដឹងជាយូរមកហើយថា វាជាកន្លែងសម្រាប់ព្យួរអាវរបស់អ្នក។ ប៉ុន្តែសម្រាប់សិស្សជនជាតិអាមេរិក វាតំណាងឲ្យភាពនៅលីវ។ ប្រសិនបើមាននរណាម្នាក់ មានមិត្តស្រីរួច នោះពួកគេនឹងកាត់ក្រណាត់ទំពក់នោះចេញ ដើម្បីបង្ហាញថាគេមានគូហើយ។ 
២៣. ថ្នេរផ្តេកលើកអាវ
ប្រហោងឡេវរបស់អាវ ដែលនៅនឹងក មានថ្នេរផ្តេក រីឯក្រៅពីនោះមានថ្នេរបញ្ឈរ នោះក៏ព្រោះតែ គេចង់ប្រាប់ជាសញ្ញាបញ្ជាក់ថា ប្រហោងឡេវថ្នេរផ្តេក អាចឲ្យអ្នកមិនបិទឡេវត្រង់នោះបាន (មិនចាំបាច់)។ 
២៤. គម្របកំប៉ុងស្ករគ្រាប់
អ្នកប្រាកដជាធ្លាប់បានឃើញ ជ័រពកមួយ នៅជាប់នឹងគម្របរបស់កំប៉ុងស្ករគ្រាប់ (Tic Tacs) ជាមិនខាន។ តើអ្នកដឹងទេថា វាត្រូវបានទុកសម្រាប់ចាក់យកស្ករម្តងមួយគ្រាប់ៗ មិនមែនចាក់ចេញមករប៉ាត់រប៉ាយនោះទេ។ 
២៥. ក្រវិលកំប៉ុងភេសជ្ជៈ
ក្រវិលកំប៉ុងភេសជ្ជៈគឺ ត្រូវបានគេប្រើសម្រាប់ ដាក់បំពង់ប៊ឺតចូលផងដែរ ដើម្បីការពារកុំឲ្យវាវិលចុះ វិលឡើងនៅមាត់កំប៉ុង៕ 


EmoticonEmoticon