Friday, January 13, 2017

ផ្លែឈើ៩មុខ ដែលសម្បូរវីតាមីន C ខ្ពស់ជាងគេ និងអាចជួយការពារពី ជំងឺផ្តាសាយបានយ៉ាងល្អ!


ផ្លែឈើ៩មុខ ដែលសម្បូរវីតាមីន C ខ្ពស់ជាងគេ និងអាចជួយការពារពី ជំងឺផ្តាសាយបានយ៉ាងល្អ!

នៅពេលដែលមាន ជំងឺផ្តាសាយការបរិភោគអាហារ ដែលសម្បូរទៅដោយវីតាមីនC អាចជួយព្យាបាល និងបង្ការជំងឺផ្តាសាយ មិនឱ្យវិលត្រឡប់មកវិញជាថ្មីម្តងទៀត បានយ៉ាងល្អផងដែរ ហើយប្រភពនៃវីតាមីន C ដែលអ្នកគួរតែស្វែងរកបានដោយ ងាយស្រួលបំផុតនោះគឺនៅក្នុងផ្លែឈើទាំង ៩មុខខាងក្រោមនេះ។ ចំណែកឯ រាងកាយរបស់មនុស្សយើង ក៏ត្រូវការវីតាមីន C ប្រមាណ ៦0-៩០មីលីក្រាមក្នុងមួយថ្ងៃ៖
១. ផ្លែអំពិលទឹក៖ ផ្លែនេះវាគ្មានលក់នៅលើទីផ្សារគ្រប់រដូវទេ ហើយភាគច្រើនក៏ មិនសូវជាមានគេស្គាល់ដែរ ប៉ុន្តែក្រៅពីវាមានវីតាមីន C ខ្ពស់ទៅ វាថែមទាំងមាន វីតាមីន E ដែលមិនសូវជានៅក្នុងផ្លែឈើដទៃទៀតផង។ ដូច្នេះហើយនៅពេលដែល វីតាមីនទាំង២នេះរួមគ្នា អាចជួយទប់ស្កាត់បាក់តេរី ជំងឺផ្តាសាយ ការពារការស្ទះសរសៃឈាមអាក់ទែ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ប្រឆាំងអុកស៊ីតកម្ម បានយ៉ាងប្រសើរ។ មួយទៀតបើអ្នកមានបញ្ហាខាងផ្នែករំលាយអាហារ អំពិលទឹកក៏មានជាតិសរសៃ អាចជួយបានយ៉ាងងាយស្រួល។
២. ផ្លែត្របែក៖ អាចនិយាយបានថាផ្លែឈើនេះ មានផ្ទុកវីតាមីន C ខ្ពស់ខ្លាំងណាស់ ដោយនៅក្នុងសាច់ស្រស់របស់វា ១០០ក្រាម (ប្រហែលពាក់កណ្តាលផ្លែ) មានរហូតដល់ទៅ ១៦០ មីលីក្រាមនៃវីតាមីន C ដើម្បីបំពេញតាមតម្រូវការរបស់ រាងកាយក្នុងមួយថ្ងៃ។ ពេលញ៉ាំអ្នកមិនគួរបកសំបកវាចេញទេ ព្រោះដោយសារតែវីតាមីន C គឺសម្បូរនៅសំបកពណ៌បៃតងរបស់វា។

៣. ផ្លែគីវី៖ សាច់ពណ៌បៃតងរបស់គីវីមានវីតាមីន C ជាច្រើន ដោយក្នុង ១០០ក្រាម មាន វីតាមីន C ប្រហែល ១០៥ មីលីក្រាម ឬប្រសិនបើផ្លែគីវី ២ផ្លែ វានឹងផ្តល់វីតាមីនC បូកជាតិសរសៃប្រមាណជា ១៣៧ មីលីក្រាម ហើយក៏មានសម្បូរទៅដោយស្ពាន់ធ័រ ប៉ូតាស្យូម អាស៊ីតហ្វូលេត មានកាល់ឡូរីទាប ដែលជាជម្រើសដ៏ល្អសម្រាប់អ្នក ដែលចង់គ្រប់គ្រងទម្ងន់របស់ខ្លួន។
៤. ផ្លែគូលែន៖ រសជាតិជូរលាយផ្អែមរបស់វា ជាប្រភេទនៃវីតាមីន C។ វាផ្តល់វីតាមីន C រហូតដល់ ៧១មីលីក្រាមឯណោះ ក្នុង១០០ក្រាម។ ដូច្នេះវាពិតជាអាចជួយក្នុងការ ចិញ្ចឹមសរសៃឈាម ឆ្អឹង និងធ្មេញ ការពារក្អករ៉ាំរ៉ៃ តឹងច្រមុះ ពេលផ្តាសាយបាន។ ប៉ុន្តែអ្នកមិនគួរបរិភោគច្រើនពេកទេ ព្រោះគូលែនមានសមាសធាតុ ដែលអាចបង្កឱ្យមានអាការៈក្តៅក្នុងបានផងដែរ។
៥. ផ្លែល្ហុងទុំ៖ នៅក្នុង ១០០ក្រាមនៃផ្លែល្ហុងទុំ មានវីតាមីន C ប្រហែលជា ៧០មីលីក្រាម ដែលអាចជួយព្យាបាលជំងឺរាក់ស៊ីធ្មេញ លើសពីនេះទៅទៀតអាចជួយកុំឱ្យ ទល់លាមកបានទៀតផង ដោយវាមានជាតិសរសៃ។ ចងចាំថាពេលចិត សំបកចេញ គួរចិតវាចេញស្តើង កុំឱ្យដោយសាច់ក្រាស់ពេក ព្រោះនៅតំបន់នោះវាសម្បូរសារធាតុ ដែលមានសារធាតុប្រឆាំងប្រតិកម្មអុកស៊ីត ប្រមូលផ្ដុំនៅជាមួយយ៉ាងច្រើន។
៦. ផ្លែស្រ្ត៊ប៊ឺរី៖ គ្រាន់តែបរិភោគសាច់ក្រហមរបស់វាត្រឹមតែ ១០០ក្រាម អ្នកនឹងទទួលបាន វីតាមីនC រហូតដល់ទៅ ៦៦មីលីក្រាម។ វាសម្បូរសារជាតិ pectin និងជាតិសរសៃដែលអាចជួយបន្ថយកូឡេស្តេរ៉ុល រក្សាអញ្ចាញធ្មេញឱ្យមាន សុខភាពល្អ និងធ្វើឱ្យខ្យល់ដង្ហើមបរិសុទ្ធផងដែរ។
៧. ផ្លែសាវម៉ាវ៖ មិនដែលគិតថាវាជាផ្លែឈើមានវីតាមីន C ខ្ពស់សោះ ដោយក្នុង ១០០ក្រាម នឹងផ្តល់វីតាមីន C ឱ្យប្រហែល ៥៣មីលីក្រាម ហើយលក្ខណៈសម្បត្តិ របស់វាក៏អាចជួយព្យាបាលការរលាកក្នុងមាត់ ជំងឺរាកធ្ងន់ធ្ងរ ឈឺពោះ ហើមពោះ ទល់លាមក ក៏អាចបរិភោគបានដូចគ្នា។ ប៉ុន្តែមិនគួរបរិភោគច្រើនពេកទេ ព្រោះអាចឱ្យមានអាការៈក្អួតចង្អោរបាន។
៨. ក្រូចថ្លុង៖ ទឹកវាផ្អែមឆ្ងាញ់ណាស់ ឬនាំយើផ្លែទៅចម្អិនធ្វើម្ហូបជាញាំសាលាដ ជាមួយសាច់ក៏បាន។ វាផ្តល់វីតាមីន C ប្រមាណ ៤៤មីលីក្រាម ក្នុង១០០ក្រាម។ គួរបរិភោគដើម្បីទប់ស្កាត់ជំងឺផ្តាសាយ ក្អក ហើមពោះ កាត់បន្ថយកំហាក ឬឈាមចេញតាមអញ្ចាញធ្មេញជាដើម។
៩. ផ្លែពុទ្រា៖ ចុងក្រោយគឺពុទ្រា វាមានរសជាតិជូរអែម អាចផ្តល់វីតាមីន C ដូចជាក្រូចថ្លុងដែរ ហើយវាអាចជួយពង្រឹង ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងរ៉ាឌីកាល់សេរី និងមានជាតិសរសៃជាច្រើន អាចជួយឱ្យប្រព័ន្ធរំលាយអាហារ ធ្វើការបានល្អប្រសើរ។ មិនតែប៉ុណ្ណោះអាចជួយសរសៃប្រសាទ ការពារសរសៃឈាមអាក់ទែ និងជួយបំបាត់អាការៈគេងមិនលក់ផងដែរ។
ដូច្នេះគួរទទួលទានផ្លែឈើទាំងនេះ ដើម្បីបានវីតាមីន C ខ្ពស់ ពិសេសគឺនារីៗ ព្រោះវីតាមីនC ដើរតួនាទីមួយយ៉ាងសំខាន់ នៅក្នុងការកសាងស្រទាប់កូឡាជែន ជួសជុលកោសិកា ប្រឆាំងនឹងភាពចាស់ កាត់បន្ថយស្នាមជ្រួញ ព្រមទាំងអាច ការពារជំងឺផ្តាសាយបានយ៉ាង មានប្រសិទ្ធភាពខ្ពស់ទៀតផង៕


EmoticonEmoticon