Thursday, January 12, 2017

បណ្ណាល័យស្រស់ស្អាត ជាងគេបំផុត ទាំង១០ នៅលើផែនដី


បណ្ណាល័យស្រស់ស្អាត ជាងគេបំផុត ទាំង១០ នៅលើផែនដី

បរទេស៖ បណ្ណាល័យគឺជាឃ្លាំងតម្កល់នូវរាល់ឯកសារ និងជាកន្លែងផ្តល់នូវចំនេះដឹងដែលសិស្ស និស្សិត កវីវិទូ បញ្ញវ័ន និងអ្នកវិទ្យាសាស្រ្ត ខិតខំស្រាវជ្រាវ ចងក្រងទុកសម្រាប់មនុស្សគ្រប់រូបសិក្សាស្រាវជ្រាវ។ បណ្ណាល័យមានច្រើនប្រភេទ ទៅតាមការកំណត់តាមប្រទេសនីមួយៗ តាមតំបន់នីមួយៗ និងទៅតាមរចនាបថ។
ខាងក្រោមនេះ គឺជាបណ្ណាល័យដែលស្រស់ស្អាតជាងគេបំផុតទាំង១០ នៅលើផែនដី៖
១០.បណ្ណាល័យ Conarte
បណ្ណាល័យ Conarte ត្រូវបានសាងសង់ឡើងនៅក្នុងហាងលក់សៀវភៅ Monterrey book store ក្នុងប្រទេសម៉ិកស៊ិក ដូចស្ថិតនៅក្រោមបាតសមុទ្រ ដោយក្រុមហ៊ុនឌីហ្សាញ Anagrama ។ វាត្រូវបានសាងសង់ឡើងដើម្បីជំរុញទឹកចិត្តភ្ញៀវដែលចូលមកក្នុងហាងឲ្យនៅទីនោះយូរ ហើយចំណាយពេលអានសៀវភៅ។  
៩.បណ្ណាល័យ Halifax
បណ្ណាល័យ Halifax ជាបណ្ណាល័យដែលមានជញ្ជាំងធ្វើពីកញ្ចក់ និងមានរាងជាប្រអប់៤ជ្រុងចំនួន៤ នៅពីលើគ្នា។ វាមានទំហំ ១៤,៤៩២ម៉ែត្រការ៉េ សាងសង់ឡើងកាលពីឆ្នាំ ២០១៤ នៅក្នុងប្រទេសកាណាដា ដោយ Schmidt Hammer Lassen។ 

៨.បណ្ណាល័យ Birmingham
បណ្ណាល័យ Birmingham ស្ថិតនៅក្នុងប្រទេសអង់់គ្លេស ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ២០១៣ ដោយ Mecanoo ។ វាមានទំហំ ២៨,៩៨៥ម៉ែត្រការ៉េ ផ្ទុកទៅដោយសៀវភៅជាង ៤សែនក្បាល។ 
៧.បណ្ណាល័យសាធារណៈ Chicago
បណ្ណាល័យ Chicago ស្ថិតនៅក្នុងទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក សាងសង់ឡើងដោយ SOM ។ វាជាបណ្ណាល័យសាខាថ្មី របស់ឆាយណាថោន ដែលបណ្ណាល័យទាំងមូលមិនមានជ្រុងមុតស្រួចនោះទេ ហើយជញ្ជាំងត្រូវបានគ្របដណ្តប់ដោយកញ្ចក់មួយប្រភេទ ដែលអាចកាត់បន្ថយកម្តៅ និងការចាំង។ 
៦.បណ្ណាល័យ Bodø
បណ្ណាល័យមួយនេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន DRDH ក្នុងប្រទេសន័រវេស ហើយមិនត្រឹមតែជាបណ្ណាល័យនោះទេ វាក៏ជាមជ្ឈមណ្ឌលវប្បធម៌ រួមទាំងមានសាលប្រគុំតន្រ្តីចំនួន៣ និងមានកន្លែងអានសៀវទៅទំហំ ៦,៣១៧ម៉ែត្រការ៉េ។  
៥.បណ្ណាល័យ Vennesla
Vennesla ក៏ជាបណ្ណាល័យដែលស្ថិតនៅក្នុងប្រទេសន័រវេស ផងដែរ វាត្រូវបានសាងសង់ឡើងដោយស្ថាបត្យករ Helen & Hard ។ នៅខាងក្នុងបណ្ណាល័យនេះមានសភាពដូជាក្នុងយានអវកាសអ៊ីចឹង ហើយទូដាក់សៀវភៅ ក៏ដូចជាកៅអីសម្រាប់អង្គុយ គឺមានរូបរាងដូចគ្នាទាំងអស់។ 
៤.បណ្ណាល័យ Beyazit
បណ្ណាល័យ Beyazit ស្ថិតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៥០៦មកម្ល៉េះ ហើយធ្លាប់ប្រើជាផ្ទះសំណាក់ និងផ្ទះបាយ មុនពេលដែលវាបានក្លាយជាបណ្ណាល័យរបស់រដ្ឋនៅចុងសតវត្សទី១៩។ បណ្ណាល័យនេះ ត្រូវបានកែលម្អជាថ្មី និងបន្ថែមគ្រឿងសង្ហារឹម ព្រមទាំងប្រអប់កញ្ចក់សម្រាប់រក្សាទុកឯកសារចាស់ៗ។ 
៣.បណ្ណាល័យ Yangzhou Zhongshuge
វាត្រូវបានសាងសង់ឡើងនៅក្នុងហាងលក់សៀវភៅ Yangzhou Zhongshuge ស្ថិតក្នុងតំបន់ Zhen Yuan ប្រទេសចិន។ នៅក្នុងអគារបណ្ណាល័យនេះ ប្រៀបដូចជាទន្លេនៃសៀវភៅ ដោយវាមានរៀងពាក់កណ្តាលរង្វង់ និងមានកម្រាលកញ្ចក់ពណ៌ខ្មៅភ្លឺ មើលទៅដូចជាផ្ទៃទឹក។ 
២.បណ្ណាល័យ Lawrence
ជាបណ្ណាល័យសាធារណៈមួយនៅក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក ហើយត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៧២ ហើយក្រោយមកត្រូវបានស្ថាបត្យកររបស់ក្រុមហ៊ុន Gould Evans កែលម្អវាឱ្យកាន់តែទំនើប និងមានបច្ចេកវិទ្យាថ្មីៗ។  
១.បណ្ណាល័យ Dokk1
បណ្ណាល័យ Dokk1 ជាបណ្ណាល័យដែលបានឈ្នះពានរង្វាន់ សម្រាប់បណ្ណាល័យល្អបំផុតប្រចាំឆ្នាំ២០១៦។ បណ្ណាល័យនេះ ក៏ជាមជ្ឈមណ្ឌលវប្បធម៌ផងដែរ ដោយមានទីតាំងស្ថិតនៅទីក្រុង Aarhus ប្រទេសដាណឺម៉ាក។ វាមានទំហំ ៣០,០០៧ម៉ែត្រការ៉េ និងសាងសង់ឡើងក្នុងរាងជាពហុកោណ និងមានជញ្ជាំងជាកញ្ចក់ ដែលផ្តល់ពន្លឺបានយ៉ាងល្អ៕ 


EmoticonEmoticon