Thursday, January 12, 2017

តើ លី ស៊ាវឡុង ពិតជាពូកែវ៉ៃ ដូចក្នុងសាច់រឿង ដែរឬទេ?


តើ លី ស៊ាវឡុង ពិតជាពូកែវ៉ៃ ដូចក្នុងសាច់រឿង ដែរឬទេ?

គឺជាតារាសម្តែងល្បីឈ្មោះមួយរូប ដែលប្រិយមិត្តតែងតែស្គាល់ឈ្មោះក្រៅហៅថា លី ស៊ាវឡុង នោះ បានទទួលមរណភាពតាំងពី៤២ឆ្នាំមុនមកម្លេះ ពោលនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៧៣។ ក្នុងខ្សែជីវិតរបស់ លី ស៊ាវឡុង កាលពីអំឡុងមុនឆ្នាំ៧០ គាត់ធ្លាប់ឆ្លងកាត់អាជីពជាច្រើន ដូចជា តួអង្គសម្តែងដ៏ល្បី ជាគ្រូសាស្រ្តាចារ្យផ្នែកចិត្តសាស្រ្ត គ្រូក្បាច់គុណ អ្នកតែងកំណាព្យ មិនតែប៉ុណ្ណោះក៏ធ្លាប់ជាកវីនិពន្ធផងដែរ។
ថ្វីត្បិត លី ស៊ាវឡុង ទទួលមរណភាពពិតមែនក្តី ក៏កេរ្តិ៍ឈ្មោះរបស់បុគ្គលរូបនេះ មិនសាបសូន្យឡើយ ពោលគឺត្រូវបានអ្នកជំនាន់ក្រោយចងចាំមករហូត មិនថានៅទីណានោះទេ សូម្បីតែប្រជាជនកម្ពុជាជាច្រើនក៏ស្គាល់គាត់ និងចូលចិត្តទស្សនាខ្សែភាពយន្តរបស់គាត់ដែរ។
តែយ៉ាងណាមិញ រហូតមកទល់បច្ចុប្បន្ននេះ មានបណ្តាសារព័ត៌មានបរទេសមួយចំនួន បាននាំគ្នាជីកកកាយរឿងរ៉ាវជីវិតរបស់លោកឡើងមកវិញ និងបានចោទជាសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយថា «តើ លី ស៊ាវឡុង ពិតជា ពូកែវ៉ៃ ដូចថតក្នុងខ្សែភាពយន្ត ដែរឬទេ?»  
ជាការពិតណាស់ កាលពី លី ស៊ាវឡុង នៅថតខ្សែភាពយន្ត គាត់គឺជាតួអង្គមួយរូបដែលសម្បូរទៅដោយក្បាច់គុណ ជាមួយនឹងឈុតឆាកប្រយុទ្ធ វាយតប់គ្នា ដ៏កាចសាហាវ ប៉ុន្តែនរណាទៅដឹងថា នៅក្រៅសាច់រឿង លី ស៊ាវឡុង ពិតជាពូកែវ៉ៃ ឬយ៉ាងណានោះ?
បើតាមការស្រាវជ្រាវតាមរយៈបណ្តុំឯកសារ វីដេអូខ្សែភាពយន្ត និងអត្ថបទចាស់ៗជាច្រើន ក៏នៅតែមិនអាចស្វែងរកចម្លើយពិតប្រាកដណាមួយ យកមកបញ្ជាក់បានដែរ ព្រោះបុគ្គលផ្ទាល់បានស្លាប់បាត់ទៅហើយ តែផ្ទុយទៅវិញ ចម្លើយដែលស្រង់ចេញពីប្រភពខាងលើនេះ ត្រូវបានអ្នកស្រាវជ្រាវ លើកជាហេតុផល ដោយបង្ហាញជាភស្តុតាង ២ធំៗ មកបញ្ជាក់។
យោងតាមប្រភព ភស្តុតាង២ធំៗ ដែលគេយកមកវិភាគនេះ មានដូចជា៖
ភស្តុតាងទី១៖ លី ស៊ាវឡុង ត្រឹមតែជាគ្រូ ប៉ុន្តែមិនមែនជាអ្នកពូកែវ៉ៃ
*លី ស៊ាវឡុង មិនសូវឲ្យគេវ៉ៃចូលមុខច្រើន៖
បើប្រៀបធៀបជាមួយអ្នកលេងក្បាច់គុណសេរី MMA ឬប្រដាល់ ភាគច្រើនគេផ្តោតសំខាន់ទៅលើ ការវាយចូលមុខ ដើម្បីទទួលបានពិន្ទុ ប៉ុន្តែ លី ស៊ាវឡុង គាត់ពូកែគេច ដូច្នេះមិនអាចសន្មតថា គាត់ពូកែវ៉ៃនោះទេ តែប្រសិនជាគាត់ត្រូវគេវាយចូលមុខមែននោះ គាត់អាចនឹងដួល។
*លី ស៊ាវឡុង កម្រនឹងវ៉ៃ
លី ស៊ាវឡុង បានចំណាយពេលខិតខំច្រើនណាស់ ក្នុងការសិក្សាទៅលើផ្នែកក្បាច់គុណ ទាំងការអនុវត្តជាក់ស្តែង និងការសិក្សាទៅលើក្រមសីលធម៍ក្បាច់គុណ ប៉ុន្តែរឿងពិតនោះគឺ គាត់មិនដែលប្រឡូកក្នុងកម្មវិធីប្រកួតណាមួយឡើយ និងកម្រណាស់ក្នុងការវ៉ៃនៅឈុតឆាកខាងក្រៅ។
*កំណត់ត្រាវ៉ៃ របស់គាត់ មិនសូវចងក្រងជាឯកសារ
បើទោះបីជា ការប្រកូតគ្នាក្រៅសាច់រឿងកម្រក៏ពិតមែន ប៉ុន្តែទាំងអស់នោះ មិនសូវបានចងក្រងជាឯកសារនោះទេ។
*ប្រកួតក្នុងសង្វៀនមានច្បាប់ទម្លាប់ត្រឹមត្រូវ ប៉ុន្តែបើវ៉ៃខាងក្រៅគឺគ្មានច្បាប់នោះទេ
ថ្វីត្បិត លី ស៊ាវឡុង មានចំណងចំនូលចិត្តទៅលើក្បាច់គុណ និងធ្លាប់ហ្វឹកហាត់ក៏ពិតមែន ប៉ុន្តែគេមិនដែលឈានជើងចូលក្នុងសង្វៀនប្រកួតផ្លូវការម្តងណាឡើយ ប៉ុន្តែប្រសិនជាមានអ្នកគូផ្គងឲ្យប្រកួតនោះ គាត់នឹងជ្រើសរើស ប្រកួតក្នុងសង្វៀន ពីព្រោះទីនេះមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនដូចការវ៉ៃគ្នាតាមផ្លូវ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេលនោះទេ។
*គាត់គ្រាន់តែជាតួអង្គសម្តែងប៉ុណ្ណោះ
ចំនុចនេះគឺបានបង្ហាញពីភស្តុតាងជាក់ស្តែងជាងគេបំផុត ដែលអ្នកអាចនឹងប្រឆាំង និងគិតខុសពីជំនាញរបស់គាត់។ ប៉ុន្តែអ្វីៗដែលមានលើប្រព័ន្ធអិុនធើណេតបច្ចុប្បន្ននេះ វាបានបង្ហាញរួចទៅហើយ ថាគាត់គ្រាន់តែជាតួសម្តែងនៅក្នុងខ្សែភាពយន្តមួយប៉ុណ្ណោះ។   

ភស្តុតាងទី២៖ លី ស៊ាវឡុង មិនត្រឹមតែជាគ្រូទេ ថែមទាំងពូកែវ៉ៃទៀត
*មានមនុស្សច្រើនដែលអះអាងថា លី ស៊ាវឡុងពិតជាពូកែវ៉ៃ
ក្នុងនោះរួមបញ្ចូលទាំងអតីតអ្នកប្រដាល់ល្បីឈ្មោះ Mike Tyson ផងដែរ និងអត្ថបទកីឡាមួយចំនួនទៀត ក៏បានអះអាងដូចភស្តុតាងខាងលើនេះដែរ។ ទន្ទឹមនឹងនេះដែរ លោក Mike Stone បាននិយាយថា «គាត់ពិតជាខ្លាំង បើប្រកួតមួយទល់មួយ គាត់ខ្លាំងជាងខ្ញុំទៀត» ចំនែកឯលោក Joe Lewis វិញអះអាងថា «គាត់រហ័ស ហើយឆ្លាត ថែមទាំងជាគ្រូក្បាច់គុណដ៏អស្ចារ្យទៀតផង» ។
*លី ស៊ាវឡុង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅក្នុងការវ៉ៃ
ភាពបិុនប្រសប់ និងរហ័សរហួនរបស់គាត់ អាចគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់ ។ គាត់មានដងខ្លួនដ៏អស្ចារ្យ ហើយអាចផ្តួល ដៃគូដែលមានមាឌធំ ឲ្យដេកដួលថែមទៀតផង។
*លី ស៊ាវឡុង ហ្វឹកហាត់ក្បាច់គុណជាមួយរូបសំណាកធ្វើពីលោហៈ (ដែក)
បើយោងតាមទស្សនាវដ្ដី Karate បញ្ជាក់ថា លី ស៊ាវឡុង ហាត់ក្បាច់គុណ ដោយដាល់ជាមួយនឹងរូបសំណាកធ្វើពីដែក ដោយម្រាមដៃរបស់លោកផ្ទាល់។ ទោះបីជាគាត់មិនសូវប្រកួតខាងក្រៅ ក៏គាត់មិនវ៉ៃខ្យល់ឥតប្រយោជន៍ដែរ។
*លី ស៊ាវឡុង ពូកែខាងលាយផ្សំក្បាច់គុណបញ្ចូលគ្នា
លី ស៊ាវឡុង ពូកែខាង ចាប់ច្បិចយកក្បាច់នីមួយៗមកបញ្ចូលគ្នា ដែលធ្វើដៃគូរបស់គាត់ ពិបាកក្នុងការទប់ទល់។
*លី ស៊ាវឡុង ធ្លាប់ប្រកួតនៅខាងក្រៅ ហើយថែមទាំងឈ្នះ
គាត់ធ្លាប់ប៉ះគ្នាជាមួយអ្នកប្រដាល់ម្នាក់ កាលពីគាត់រៀននៅវិទ្យាល័យ ដែលគាត់ផ្ទាល់មិនមែនជាអ្នកប្រដាល់ ហើយថែមទាំងឈ្នះទៀតផង ។ ចំនែកឯប្រពន្ធគាត់ Linda វិញក៏ធ្លាប់បានប្រាប់ផងដែរថា លី ស៊ាវឡុង ធ្លាប់ប្រកួតជាមួយ គ្រូបង្វឹកក្បាច់គុណនៅសហរដ្ឋអាមេរិកមួយរូប ដោយសារតែគ្រូបង្វឹកនោះ មិនចង់ឲ្យលោក ធ្វើជាគ្រូបង្រៀនសិស្សដែលមិនជាប់ខ្សែស្រឡាយអាស៊ី ប៉ុន្តែចុងក្រោយ គ្រូបង្វឹកនោះក៏បរាជ័យ។ មួយវិញទៀត លី ស៊ាវឡុង ក៏ធ្លាប់ឈ្នះ ម្ចាស់ខ្សែក្រវ៉ាត់ខ្មៅ ក្នុងរយៈពេលត្រឹម១១វិនាទីផងដែរ។  
សរុបឡើងវិញ ដោយសារតែមានភាពចង្រូងចង្រាស់ពាក្យសម្តី អំពីការពិតទាក់ទងនឹង លី ស៊ាវឡុង ទើបធ្វើឲ្យ ប្រធានបទនេះបានក្លាយជារឿងដ៏ចាប់អារម្មណ៍ និងត្រូវបានគាស់កកាយ លើកមកវិភាគឡើងវិញ។ តែទោះជាយ៉ាងណាក៏ដោយ ដូចដែលបានរៀបរាប់ខាងលើ នេះគ្រាន់តែជាការវិភាគ ដោយលម្អិតលើភស្តុតាង ២ធំៗ ដែលដកស្រង់ដោយក្រុមអ្នកស្រាវជ្រាវតែប៉ុណ្ណោះ៕ 


EmoticonEmoticon