Thursday, January 12, 2017

តាមពិតចឹងសោះ... មូលហេតុដែលថ្មសាក មួយចំនួនផ្ទុះ!


តាមពិតចឹងសោះ... មូលហេតុដែលថ្មសាក មួយចំនួនផ្ទុះ! 

ថ្មសាក Lithium-ion ឬ ថ្មប្រភេទ Li-ion គឺជាប្រភេទថ្មមួយបែប ដែលអាចសាកឡើងវិញបាន នៅពេលដែលអស់ថាមពល ដោយអ៊ីយ៉ុង ឬអាតូមរបស់លីចូម ធ្វើការផ្លាស់ទីពីអេឡិចត្រូតអវិជ្ជមាន ទៅអេឡិចត្រូតវិជ្ជមាន នៅពេលប្រើប្រាស់ និងធ្វើការផ្លាស់ទីត្រលប់មកវិញ នៅពេលសាកថ្មឡើងវិញ។
ថ្មសាកប្រភេទ Lithium-ion នេះត្រូវបានប្រើប្រាស់ជាទូទៅ ក្នុងបណ្តាគ្រឿងអេឡិចត្រូនិចជាច្រើនសន្ធឹកសន្ធាប់ រួមមានដូចជាក្នុងកុំព្យូទ័រយួរដៃ (laptop) ទូរស័ព្ទដៃ និង iPod ជាដើម -ល-។ វាជាប្រភេទថ្មសាក ដែលទទួលបានការពេញនិយមបំផុតពីព្រោះវាអាចបញ្ចូលថ្មឡើងវិញបាន ហើយជាពិសេស វាជាគ្រឿងអេឡិចត្រូនិចចល័ត ដែលមានដង់ស៊ីតេថាមពលខ្ពស់ មិនប៉ះពាល់ដល់អង្គចងចាំ និងប្រើប្រាស់ថាមពលបានរយៈពេលយូរ។

# គុណសម្បត្តិ និងគុណវិបត្តិ របស់ថ្មសាកប្រភេទ Lithium-ion
• គុណសម្បត្តិ
• វាមានទម្ងន់ស្រាលជាង ថ្មសាកប្រភេទដទៃផ្សេងទៀត ដែលមានទំហំដូចគ្នា។ អេឡិចត្រូត របស់ថ្មសាកនេះ ត្រូវបានផលិតឡើងពីលីចូម និងកាបូន ដែលស្រាលបំផុត។ លីចូម ជាធាតុគីមីសកម្មខ្ពស់ ដែលមានន័យថា វាអាចផ្ទុកថាមពលបានច្រើនតាមចំណងអាតូមរបស់វា ជាហេតុនាំឲ្យវាមាន ដង់ស៊ីតេថាមពលខ្ពស់។ ជាធម្មតា ថ្មសាកប្រភេទ Lithium-ion មួយ អាចផ្ទុកថាមពលថ្ម ១៥០ វ៉ាត់ម៉ោង នៃអគ្គិសនី ១ គីឡូក្រាម។ សូម្បីតែថ្មប្រភេទ NiMH (nickel-metal hydride) ក៏អាចផ្ទុកថាមពលបានត្រឹមតែ ១០០ វ៉ាត់ម៉ោងដែរ រីឯថ្មប្រើអាស៊ីតវិញ អាចផ្ទុកបានតែ ២៥ វ៉ាត់ម៉ោងប៉ុណ្ណោះ។ នេះគឺជាភាពខុសគ្នាដ៏ធំមួយ។
• វាមានប្រសិទ្ធភាពប្រើប្រាស់បានយូរ។ ថ្មសាកប្រភេទ Lithium-ion នេះអាចថយថាមពលផ្ទុកប្រមាណ ៥% ក្នុងមួយខែ បើប្រៀបធៀបទៅនឹងប្រភេទថ្ម NiMH វិញ គឺថយចុះរហូតដល់ទៅ ២០% ក្នុងមួយខែ។
• វាមិនមានឥទ្ធិពលលើអង្គចងចាំអ្វីនោះទេ ដែលនេះមានន័យថា អ្នកមិនចាំបាច់ទាល់តែថាមពលរបស់វាអស់ទាំងស្រុង រួចទើបសាកបញ្ចូលទេ។
• ថ្មសាកនេះ អាចឆ្លងកាត់ការប្រើប្រាស់ និងសាកឡើងវិញ បានរាប់រយដង។
• គុណវិបត្តិ
• វាតែងថយចុះគុណភាព តាំងតែពីពេលដឹកជញ្ជូនចេញពីរោងចក្រ។ វាអាចប្រើប្រាស់បានតែ ២ ទៅ ៣ ឆ្នាំបន្ទាប់ពីថ្ងៃផលិតប៉ុណ្ណោះ មិនថាអ្នកប្រើ ឬទុកចោលនោះទេ។
• វាទទួលរងឥទ្ធិពល ពីសីតុណ្ហភាពខ្ពស់លឿនបំផុត។ កំដៅ ធ្វើឲ្យថ្មសាកប្រភេទនេះ ថយគុណភាពកាន់តែរហ័ស។
• ប្រសិនបើអ្នកប្រើប្រាស់វា ទាល់តែអស់ថាមពលទាំងស្រុង វានឹងខូច។
• វាត្រូវការការគ្រប់គ្រងត្រួតពិនិត្យ តាមប្រព័ន្ធកុំព្យូរទ័រ ដែលនាំឲ្យវាមានតម្លៃថ្លៃ។
• វាអាចផ្ទុះឆេះបាន។
ថ្មសាកប្រភេទ Lithium-ion នេះក៏មានបញ្ហាជាច្រើន នៅមួយរយៈចុងក្រោយនេះ។ នេះក៏ដោយសារតែ ថ្មសាកទាំងនេះ អាចផ្ទុះឆេះម្តងម្កាល។ ជាក់ស្តែង វាមិនសូវជាកើតឡើងប៉ុន្មានទេ។ ថ្មប្រមាណជា ២ ឬ ៣ ដុំ ក្នុងចំណោមថ្មមួយលានដុំប៉ុណ្ណោះ ដែលមានបញ្ហា ប៉ុន្តែពេលដែលមានបញ្ហា គឺធ្ងន់ធ្ងរខ្លាំងតែម្តង រហូតត្រូវប្រមូលចូលរោងចក្រវិញ ហើយថែមទាំងខាតថ្លៃដើមរាប់លានដុល្លារទៀត។
ហេតុនេះ យើងនាំគ្នាមកតាមដាន ការបកស្រាយរបស់អ្នកស្រាវជ្រាវវិញម្តង ថាតើហេតុអ្វី បានជាវាផ្ទុះឆេះយ៉ាងដូច្នេះ! 
បើយោងតាមរូបភាពដែលបានពិសោធន៍ គេបានរកឃើញពីដំណើរខ្សែប្រតិកម្ម ដែលបណ្តាលឲ្យថ្មសាក Lithium-ion ផ្ទុះ។ ដំណើរនោះ អាចកើតឡើងមិនបានមួយវិនាទីផង។ ម៉ូឌុលថ្មដែលក្តៅខ្លាំងពេក បង្កជាកម្តៅយូរៗទៅ ក៏ធ្វើឲ្យថ្មនោះផ្ទុះឡើង។ ប៉ុន្តែមិនមែនឲ្យតែឡើងកម្តៅ សុទ្ធតែត្រូវផ្ទុះឆេះទាំងអស់គ្រប់ថ្មនោះទេ នេះបើយោងតាមការសិក្សាថ្មីមួយ ដែលបានចុះផ្សាយថ្ងៃទី ២៨ មេសា ឆ្នាំ ២០១៥ របស់ទស្សនាវដ្តី Nature Communications ។
លោក Paul Shearing ដែលជាសហនិពន្ធ និងជាវិស្វករខាងគីមីនៅឯ University College London ក្នុងចក្រភពអង់គ្លេស បាននិយាយថា ថ្មសាកប្រភេទ Lithium-ion ត្រូវបានគេផលិតឡើង ក្នុងបរិមាណរាប់រយលានជារៀងរាល់ឆ្នាំ ហើយសម្រាប់បញ្ហាមហន្តរាយផ្សេងៗ ដូចជាផ្ទុះឆេះ ឬក៏រលាយ គឺកម្រមានណាស់។ តែទោះជាយ៉ាងណាក៏ដោយ បើគិតចាប់ពីឆ្នាំ ២០០២ មក មានផលិតផល ៤៣ មុខរួចមកហើយ ដែលត្រូវប្រមូលចូលកន្លែងផលិតវិញ ដោយយោងតាម U.S. Consumer Product Safety Commission ។
ថ្មសាកអាចផ្ទុះ ឬរលាយបាន ក្នុងករណីដែលសមាសភាគផ្ទៃខាងក្នុងមានសៀគ្វីខ្លី ឬមានបញ្ហាមេកានិចនៅពេលដែលអ្នកធ្វើធ្លាក់ ឬដោយសារតែវាត្រូវបានតម្លើងមិនបានត្រឹមត្រូវតាមស្តង់ដារ។ ប៉ុន្តែបញ្ហាមហន្តរាយជាច្រើនកន្លងមកនេះ បណ្តាលមកពី ថ្មសាកឡើងកម្តៅខ្លាំង និងមិនអាចចុះត្រជាក់វិញបានទាន់ពេលវេលា ដែលបង្កជាប្រតិកម្មរហូតក្តៅកាន់តែខ្លាំងទៅៗ សូម្បីតែម៉ូឌុលថ្មភាគល្អិតក៏រលាយ ហើយអេឡិចត្រូលីតនៅអាណូត និងកាតូតក៏ប្រែជាពុះដែរ។
លោកបានធ្វើការពិសោធន៍ ដោយយកថ្មសាក Lithium-ion ទៅដាក់ក្រោមកម្តៅ ២៥០ អង្សាសេ។ ដោយប្រើកាមេរ៉ា 3D ល្បឿនលឿន និងឧបករណ៍អង្កេតភាគល្អិត គេបានចាប់យករូបភាពពីការផ្លាស់ប្តូរពណ៌ និងឡើងកម្តៅខ្លាំងយ៉ាងឆាប់រហ័ស។
ប៉ុន្តែ ផ្ទុយមកវិញ ថ្មសាកទាំងនេះ មានលក្ខណៈពិសេសផ្នែកខាងក្នុង ដែលរារាំង និងការពារបញ្ហាគ្រោះថ្នាក់បាន។ សមាសភាគការពារ ផ្នែកខាងក្នុងរបស់ថ្មសាក អាចទ្រាំទ្រជាមួយនឹងសីតុណ្ហភាពដល់ទៅ ១,០០០ អង្សាសេឯណោះ! នៅត្រង់ចំណុចកម្តៅ ១,០០០ អង្សាសេ ជាតិស្ពាន់នៅផ្នែកខាងក្នុង នឹងរលាយ រួចបង្កជាប្រតិកម្មឡើងកម្តៅយ៉ាងរហ័ស។ ជាពិសេស វាក៏អាចនឹងផ្ទុះ នៅពេលដែលស្នូលខាងក្នុងរបស់វាបាក់ ឬរងការខូចខាត (ធ្លាក់ ឬជ្រុះ)។
លោក Shearing ក៏បាននិយាយបន្ថែមសាជាថ្មីដែរថា ៖ “ទោះបីជាការផ្ទុះឆេះថ្ម ជារឿងមួយដែលគួរឲ្យភ័យខ្លាចក៏ពិតមែន តែវាក៏កម្រកើតឡើងដែរ។ ពីព្រោះ ទោះជាយ៉ាងណា មនុស្សយើងមិនមែនប្រើទូរស័ព្ទ ក្នុងឡចំហុយឯណា” ៕ 
តោះមកទស្សនាវីដេអូបន្ថែមខាងក្រោមនេះទាំងអស់គ្នា ៖


EmoticonEmoticon