Thursday, January 12, 2017

ឈ្វេងយល់បន្ថែម អំពីសំណែន សម្រាប់ពិធីបុណ្យអុំទូក


ឈ្វេងយល់បន្ថែម អំពីសំណែន សម្រាប់ពិធីបុណ្យអុំទូក

នៅតាមបណ្តាប្រទេសនានា ជុំវិញពិភពលោកយើងនេះ តែងមានពិធីបុណ្យតូចធំផ្សេងៗគ្នាទៅតាមប្រទេស សាសនា និងទំនៀមទំលាប់ប្រពៃណីរៀងៗខ្លួន។ ជាក់ស្តែង ប្រទេសកម្ពុជាយើងក៏សម្បូរពិធីបុណ្យប្រពៃណីជាតិជាច្រើន ដែលជាទំនៀមទំលាប់តកូនតចៅ ជាយូរលង់ណាស់មកហើយផងដែរ។
ជាក់ស្តែង ដូចជាពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជាបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយដែរ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិដទៃផ្សេងទៀត ដែលជនជាតិខ្មែរ បានបង្កើតឲ្យមានឡើង ជាច្រើនរយឆ្នាំមកហើយ។ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃ ១៤ ដល់ ១៥ កើត និងថ្ងៃ ១ រោច ខែកត្ដិក ជារៀងរាល់ឆ្នាំ។ ជាពិសេស នៅតាមឯកសារខ្លះ បានឲ្យដឹងថា ពិធីបុណ្យនេះមានកំណើត តាំងពីបុរាណកាលមកហើយ និងបានចែងទុកក្នុង ឯកសារជាតិ និងអន្ដរជាតិ ឬតាមសិលាចារឹក នៃប្រាសាទជាដើមទៀតផង។ ពិធីបុណ្យនេះ មានភាពរីកចម្រើនយ៉ាងខ្លាំង នៅក្នុងសង្គមខ្មែរ នាសម័យអង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ សតវត្សទី ១២ និង សម័យលង្វែក ព.ស ២០៧១ ត្រូវនឹង គ.ស ១៥២៨ ។
ទោះបីពិធីបុណ្យអុំទូកនេះ ត្រូវបានអាក់ខានក្នុងការប្រារព្ធ នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏ប្រជាពលរដ្ឋយើងបន្តប្រារព្ធតាមបណ្តាខេត្តមួយចំនួន និងមិនដែលភ្លេចពិធីបុណ្យជាតិ ដ៏វិសេសវិសាលនេះឡើយ។ ជាងនេះទៅទៀតនោះ ប្រជាពលរដ្ឋយើងមួយចំនួនធំបានធ្វើចង្ហាន់ប្រគេនព្រះសង្ឃ នៅឯវត្ត និងមានគ្រួសារមួយចំនួនរៀបចំសំណែន សម្រាប់សែននៅថ្ងៃបុណ្យអុំទូកនោះទៀតផង។ ដោយហេតុនេះហើយ ថ្ងៃនេះក្រុមការងារ Khmerload នឹងបង្ហាញពីវត្ថុសំណែនសម្រាប់ពិធីបុណ្យអុំទូក ដែលពេញនិយម របស់ប្រជាពលរដ្ឋខ្មែរ ជូនដល់ប្រិយមិត្តទាំងអស់គ្នា។ 


រូបភាព ៖ អ្នកស្រី ម៉ុណ្ណា

បើយោងតាម អ្នកគ្រូបង្រៀនថ្នាក់វិទ្យាល័យម្នាក់ឈ្មោះ “ម៉ុណ្ណា” បានលើកឡើងថា ៖ “ជាក់ស្តែង អ្នកខ្លះគេសែន អ្នកខ្លះក៏គេមិនសែន តាមទម្លាប់ក្រុមគ្រួសាររបស់គេនីមួយៗ។ សម្រាប់ផ្ទះខ្ញុំ គឺសែនតែតិចតួចទេ។ ការរៀបចំសែននេះ គឺត្រូវរៀប និងអុជធូប នៅថ្ងៃទី ២ ឬជាថ្ងៃអកអំបុក សំពះព្រះខែនោះឯង។ សំណែនដែលត្រូវមានដាក់សែនគឺ មានដូចជា ដូងមួយគូ ផ្លែឈើដាក់ប៉ុន្មានមុខក៏បាន តាមលទ្ធភាពអ្នកសែន តែមិនត្រូវភ្លេចចេកទេ ហើយត្រូវមានអំបុកមួយចាន ទឹកមួយផ្តិលធំ ឬពីរផ្តិលតូច ជាមួយបាយសីមួយ និងមានកំប៉ុងជើងធូបមួយផង។ ផ្លែដូង គឺត្រូវតែមាន ព្រោះគេតែងនិយាយថា ទឹករបស់វា ដូចជារំលឹកដល់គុណ្យបុណ្យទឹកទន្លេយ៉ាងអញ្ចឹង។ សម្រាប់ផ្លែឈើដទៃផ្សេងទៀត ត្រូវសែនជាផ្លែឈើមានរាងមូលៗ ដូចជាក្រូច ប៉ោម ឪឡឹក ជាដើម -ល-។ យើងគួរតែសែន ផ្លែឈើរាងមូលៗ ព្រោះវាគេថា វាដូចជាតំណាងឲ្យព្រះច័ន្ទពេញវង់អញ្ចឹងដែរ។ ហើយសម្រាប់បាយសី រៀបតែមួយធម្មតាបានហើយ មិនចាំបាច់ទៅរៀបចំច្រើនជាន់ច្រើនថ្នាក់អី ដូចគេសែនក្នុងវាំងនោះទេ។ រីឯទឹកផ្តិលឯណោះវិញ គឺដូចជាទឹកមន្តអញ្ចឹង យើងអាចយកមកទុកសម្រាប់ប្រោះព្រំបាន។ តែក៏មានអ្នកខ្លះទៀតថា ទឹកនោះតំណាងគុណបុណ្យទឹកទន្លេផងដែរ។ សម្រាប់រឿងលម្អិត ខ្ញុំមិនសូវជាដឹងច្បាស់ណាស់ណាទេ គ្រាន់តែឮគេនិយាយតៗគ្នាប៉ុណ្ណោះឯង”។

រូបភាព៖ អ្នកស្រី ស៊ីម

មកជួបជាមួយអ្នកស្រីមេផ្ទះវ័យចំណាស់ម្នាក់ឈ្មោះ “ស៊ីម” ក៏បានរៀបរាប់ប្រាប់ក្រុមការងារយើងដែរថា ៖ “បើនិយាយទៅ មិនមានអ្វីច្រើនណាស់ណាទេ ព្រោះវាមិនមែនជាបុណ្យតម្រូវឲ្យសែនអីទេ សែនក៏បាន មិនសែនក៏បាន។ យើងត្រូវមានអំបុកមួយចាន ខ្លះទៀតក៏ដាក់សែនដូងខ្ចីមួយគូទៅ ចេកមួយគូដែរទៅ ប៉ុណ្ណឹងក៏បានទៅហើយ។ មួយវិញទៀត គេត្រូវសែនចេកសែនដូង ដោយសារវាជាគូនឹងអំបុកនោះឯង មានន័យថាទាល់តែមានចេក មានដូង ទើបញ៉ាំអំបុកឆ្ងាញ់។ ប៉ុន្តែបើតាមក្បួនគេ គេមានថែមបាយសីបន្ថែមអីចឹងទៅ ឲ្យដូចតាមគេរៀបក្នុងព្រះបរមរាជវាំងយើងអញ្ចឹង។ តែយើងមិនចាំបាច់ដាក់ក៏បាន ព្រោះយើងមិនជាចេះរៀបអីដូចគេនោះទេ យើងគ្រាន់តែរៀបសែនធម្មតាក៏បានទៅហើយ មានចេកមានដូង តាមហ្នឹងទៅ”។
គាត់ក៏បានបន្តថែមទៀតថា ៖ “តាមពិតទៅ គេច្រើនធ្វើនៅវត្តទេតើ។ ពីដើមគេទៅលេងនៅឯវត្ត ជួបជុំគ្នា អកអំបុកក្នុងវត្តថែមទៀតផង កាលពីនៅក្មេងៗតូចៗពីមុន។ គេទៅជុំគ្នា អកអំបុក ម៉ោង ១២ យប់ ព្រមគ្នា។ កាលនោះនៅពីក្មេងដែរ ហេតុនេះមិនជាចាំអីប៉ុន្មានទេ ចេះតែរត់ទៅតាមគេ តាមឯងលេងនឹងគេ។ ហើយចាំថាមាន ព្រះសង្ឃចាំសូត្រមន្ត និងកម្មវិធីផ្សេងៗ នៅនឹងវត្តទៀតផង”។
សរុបមក សំណែនដែលត្រូវដាក់សែន តាមប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ តាមគ្រួសារមិនមានជាច្រើនណាស់ណាទេ។ ប្រជាពលរដ្ឋខ្មែរ អាចចំណាយលើសំណែន តាមលទ្ធភាពរៀងៗខ្លួន។


EmoticonEmoticon