Thursday, January 12, 2017

កំពូលមនុស្សទាំង ១០ ដែលសុទ្ធតែជួប ប្រទះភាពបរាជ័យ មុនទទួលជោគជ័យ!


កំពូលមនុស្សទាំង ១០ ដែលសុទ្ធតែជួប ប្រទះភាពបរាជ័យ មុនទទួលជោគជ័យ!

ពេលខ្លះ យើងជឿថា មនុស្សដែលអាចសម្រេចគោលដៅអស្ចារ្យក្នុងជីវិតបាន យ៉ាងជោគជ័យ គឺដោយសារតែពួកគេទាំងនោះ កើតមកមានតារាសំណាងជាប់ខ្លួន។ ប៉ុន្តែ ជាក់ស្តែង ប្រសិនបើអ្នកក្រឡេកទៅមើលប្រវត្តិរបស់មនុស្សទាំងនោះ អ្នកប្រាកដជាសង្កេតឃើញថាពួកគេទទួលបាន ភាពជោគជ័យ ក៏ដោយសារតែលទ្ធផលនៃ ការតស៊ូ និងភាពបរាជ័យជាច្រើនមកហើយដែរ។
ខាងក្រោមនេះ គឺជាកំពូលមនុស្សជោគជ័យទាំង ១០ ដែលនឹងជំរុញអ្នក ឲ្យជឿជាក់លើខ្លួនឯង ទោះបីជាអ្នកបរាជ័យក៏ដោយ ៖ 
# Walt Disney
Walter Elias "Walt" Disney កើតនៅថ្ងៃទី ៥ ធ្នូ ឆ្នាំ ១៩០១ និងបានស្លាប់នៅថ្ងៃទី ១៥ ធ្នូ ១៩៦៦ ដែលលោកគឺជាសហគ្រិន ជាអ្នកផលិតគំនូរជីវចល ជាអ្នកបញ្ចូលសម្លេង ជាអ្នកដឹកនាំភាពយន្ត ជនជាតិអាមេរិក និងត្រូវបានគេស្គាល់ថា ជាប្រធានក្រុមហ៊ុន Walt Disney ផងដែរ។ លោកធ្លាប់ត្រូវបានគេបណ្តេញចេញពីក្រុមហ៊ុនកាសែត ដោយសារតែហេតុផល “គាត់មិនមានគំនិតច្នៃប្រឌិតគ្រប់គ្រាន់” និងត្រូវបានបាត់បង់សិទ្ធជាតួអង្គសម្ដែងក្នុងរឿង Oswald the Lucky Rabbit ទៀតផង។ ជាងនេះទៅទៀត ការបង្កើតអាជីវកម្មដំបូងរបស់គាត់ ក៏ក្ស័យធនទៀត។ នៅពេលដែលលោកគិតថាចង់ផលិតខ្សែភាពយន្តគំនូរជីវចល គ្មានអ្នកណាគិតថាវាជាគំនិតល្អនោះទេ។ គាត់បានបញ្ជាំងផ្ទះ និងខ្ចីប្រាក់គេជាច្រើន ដើម្បីផលិតខ្សែភាពយន្ត រឿងព្រះនាងព្រិល ស (Snow White and the Seven Dwarfs) រហូតលោកទទួលបានជោគជ័យយ៉ាងខ្លាំងក្លា និងរកចំណូលបាន ៨ លានដុល្លារពីខ្សែភាពយន្តនេះទៀតផង។ 
# Mary Kay Ash
Mary Kay Ash បានកើតនៅថ្ងៃទី ១២ ឧសភា ឆ្នាំ ១៩១៨ និងបានស្លាប់នៅថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០០១ ដែលអ្នកស្រីគឺជាអ្នកជំនួញជនជាតិអាមេរិក និងជាស្ថាបនិកក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំគឺ Mary Kay Cosmetics, Inc ។ មុននឹងអ្នកស្រីកាន់កាប់ក្រុមហ៊ុនដ៏ធំសម្បើមមួយនេះ អ្នកស្រីបានធ្វើការក្នុងក្រុមហ៊ុនមួយ អស់រយៈពេល ២៥ ឆ្នាំឯណោះ! រហូតទាល់តែអ្នកស្រី បានដាក់ពាក្យលាឈប់ ពីព្រោះតែក្រុមហ៊ុន មិនទទួលយកគំនិតរបស់អ្នកស្រី។ ក្រោយមក អ្នកស្រី ជាមួយកូនប្រុស និងដៃគូដទៃទៀតបានបង្កើតជាក្រុមហ៊ុននេះឡើង និងទទួលបានការលក់សរុបជាង ២០០ លានដុល្លារជារៀងរាល់ឆ្នាំ។ បន្ទាប់ពីចូលនិវត្តន៍ អ្នកស្រីបានសម្រេចចិត្ត និពន្ធសៀវភៅ សម្រាប់ស្រ្តី ក្នុងវិស័យអាជីវកម្មទៀតផង។ ជាពិសេស អ្នកស្រី Mary Kay Ash គឺជាអ្នកជំនូញស្រី ដែលនាំមុខគេ ក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ 
# Thomas Edison
Thomas Alva Edison កើតនៅថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ១៨៤៧ និងបានស្លាប់នៅថ្ងៃទី ១៨ តុលា ឆ្នាំ ១៩៣១ ដែលលោកគឺជាអ្នកបង្កើតថ្មី និងជាអ្នកជំនួញ ជនជាតិអាមេរិក។ គាត់បានបង្កើតឧបករណ៍ជាច្រើន ដែលសុទ្ធតែមានឥទ្ធិពលយ៉ាងខ្លាំងក្លាមកលើពិភពលោក រូមមានដូចជា ម៉ាស៊ីនចាក់សម្លេង កាមេរ៉ាវីដេអូ ជាពិសេសគឺអំពូលភ្លើងដែលយើងប្រើសព្វថ្ងៃនេះ។ Thomas Edison គឺជាបុគ្គលគំរូ ដ៏អស្ចារ្យម្នាក់ ដែលស្តែងឲ្យអ្នករាល់គ្នាយល់ឃើញថា ទំនុកចិត្ត និងការតស៊ូ មានសារៈសំខាន់ដល់កម្រិតណា។ គាត់ទទួលបរាជ័យរាប់ពាន់ដងឯណោះ ទម្រាំតែអាចបង្កើតអំពូលអគ្គិសនី បានជោគជ័យពេញលេញ ពីព្រោះសម្រាប់រូបលោក ភាពបរាជ័យ គឺជាជំហានដែលឈានទៅរកភាពជោគជ័យ។ លោកបាននិយាយថា “ខ្ញុំមិនបានបរាជ័យទេ ខ្ញុំគ្រាន់តែរកឃើញវិធី ៩,៩៩៩ យ៉ាងដែលមិនដំណើរការតែប៉ុណ្ណោះ”។ 
# Michelle Obama
Michelle LaVaughn Robinson Obama បានកើតនៅថ្ងៃទី ១៧ មករា ឆ្នាំ ១៩៦៤ ដែលជាមេធាវី ជាអ្នកនិពន្ធ និងជាជំទាវទីមួយ ប្រចាំសហរដ្ឋអាមេរិក។ អ្នកស្រីគឺជាភរិយារបស់ប្រធានាធិបតីទី ៤៤ លោក Barack Obama ហើយក៏ជាជំទាវទីមួយ ដែលកាត់អាហ្រ្វិកផងដែរ។ អ្នកស្រីគឺជាមនុស្សដែលមិនចុះចាញ់ និងមិនស្តាប់តាមការរិះគន់របស់អ្នកដទៃ មកលើខ្លួនអ្នកស្រីទេ។ កាលពីក្មេង គេតែងមើលមកអ្នកស្រ្តីថា គ្រាន់តែជាប្រពន្ធម្នាក់របស់ បុរសធ្វើការថ្នាក់ទាបប៉ុណ្ណោះ។ សូម្បីតែពេលដែលអ្នកស្រីចូលរៀននៅសាកលវិទ្យាល័យ Harvard និង Princeton ក៏គ្មានអ្នកជឿ លើសមត្ថភាពដ៏អស្ចារ្យរបស់អ្នកស្រីដែរ។ ដោយសារការរិះគន់ទាំងនោះ ទើបអ្នកស្រីតែងតែជឿលើខ្លួនឯង និងបន្តរហូតសព្វថ្ងៃនេះ។ 
# Steve Jobs
Steven Paul "Steve" Jobs បានកើតនៅថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ១៩៥៥ និងបានស្លាប់នៅថ្ងៃទី ៥ តុលា ឆ្នាំ ២០១១ ដែលលោកគឺជា អ្នកជំនួញ អ្នកបង្កើត និងអ្នករចនាម៉ូត ជនជាតិអាមេរិក។ ជាពិសេស លោកត្រូវបានស្គាល់ថាជា សហស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Apple ។ នៅក្នុងឆ្នាំ ១៩៨៥ លោក Steve Jobs ត្រូវបានបណ្តេញចេញពីក្រុមហ៊ុន Apple របស់លោកផ្ទាល់ ដែលខិតខំបង្កើតឡើងជាមួយមិត្តភក្តិរបស់លោកនោះ ដោយសារតែគាត់ត្រូវបានគេចោទថា មិនចេះគ្រប់គ្រង ចាត់ចែងគម្រោងផែនការរបស់ខ្លួន មិនបានជោគជ័យ។ ក្រោយមកទើបលោក ត្រលប់ចូលធ្វើការវិញនៅឆ្នាំ ១៩៩៦ នៅពេលដែលក្រុមហ៊ុនមួយនេះជិតក្ស័យធនទៅហើយ។ ប៉ុន្តែ វាក៏ជាពេលដែល Apple ងើបទទួលជោគជ័យសាជាថ្មីផងដែរ។ 

# Howard Schultz
Howard Schultz បានកើតនៅថ្ងៃទី ១៩ កក្កដា ឆ្នាំ ១៩៥៣ ដែលលោកគឺជាអ្នកជំនួញជនជាតិអាមេរិក។ លោកត្រូវបានគេស្គាល់ថាជា នាយកប្រតិបត្តិរបស់ហាងកាហ្វេ ដ៏ល្បីឈ្មោះពាសពេញពិភពលោកគឺ Starbucks ។ បើគិតមកទល់នឹងឆ្នាំ ២០១៦ ខែកញ្ញានេះ លោកមានតម្លៃទ្រព្យសម្បត្តិស្មើនឹង ២.៩ ពាន់លានដុល្លារ។ ដោយសារតែការតស៊ូ ប្រឹងប្រែងរបស់លោក ទើបយើងអាចទទួលទានកាហ្វេដ៏ឈ្ងុយឆ្ងាញ់នេះបាន។ លោកទទួលការលំបាកណាស់ ក្នុងការនិយាយបញ្ចុះបញ្ចូលអ្នកវិនិយោគ ហើយគាត់ត្រូវបានគេបដិសេធ ២១៤ ដង ទម្រាំតែទទួលបានការទុកចិត្ត។ 
# The Beatles
The Beatles គឺជាក្រុមចម្រៀងតន្រ្តីរ៉ុក របស់អង់គ្លេស។ ក្រុមនេះត្រូវបានបង្កើតឡើងនៅទីក្រុង Liverpool ក្នុងឆ្នាំ ១៩៦០ ដោយមានសមាជិកដូចជា John Lennon Paul McCartney George Harrison និង Ringo Starr ។ ពួកគេមានភាពល្បីល្បាញយ៉ាងខ្លាំង នៅអំឡុងសម័យតន្រ្តីរ៉ុកនោះ។ ជាក់ស្តែង ពួកគេត្រូវបានគេបដិសេធ មិនទទួលពីក្រុមហ៊ុនផលិតកម្មជាច្រើន នៅពេលដែលពួកគេចាប់ផ្តើមអាជីព។ សូម្បីតែពួកគេមក London ក៏ផលិតកម្ម Decca បដិសេធមិនទទួលពួកគេដែរ ដែលនេះជាកំហុសធំបំផុតក្នុងប្រវត្តិសាស្រ្តវិស័យតន្រ្តី។ 
# Milton Hershey
Milton Snavely Hershey បានកើតនៅថ្ងៃទី ១៣ កញ្ញា ១៨៥៧ និងស្លាប់នៅថ្ងៃទី ១៣ តុលា ឆ្នាំ ១៩៤៥ ដែលលោកគឺជាអ្នកជំនួញ និងជាសប្បុរសជន ជនជាតិអាមេរិក។ អ្នកប្រាកដជាស្រដៀងៗឈ្មោះរបស់គាត់ ពីព្រោះគាត់នេះហើយគឺជាអ្នកបង្កើត ក្រុមហ៊ុនសូកូឡា Hershey ដែលមានភាពល្បីល្បាញសុះសាយ ពេញពិភពលោក។ គាត់ធ្វើការនៅរោងចក្រផលិត ស្ករគ្រាប់កាលពីក្មេង។ នៅពេលលោកមានអាយុ ១៨ ឆ្នាំ គាត់បានបើកហាងលក់ស្ករគ្រាប់លើកដំបូង តែមិនបានទទួលជោគជ័យទេ ទើបគាត់ក៏សម្រេចចិត្តទៅធ្វើការវិញ។ រហូតឆ្នាំ ១៨៨៣ គាត់បានបើកហាងស្ករគ្រាប់មួយទៀត ដែលទទួលបានជោគជ័យយ៉ាងឆាប់រហ័ស រហូតដប់ឆ្នាំក្រោយមក លោកបានបង្កើតជាក្រុមហ៊ុនសូកូឡា Hershey ឡើង។ 
# Stephen King
Stephen Edwin King កើតនៅថ្ងៃទី ២១ កញ្ញា ឆ្នាំ ១៩៤៧ ជាជនជាតិអាមេរិក និងជាអ្នកនិពន្ធបែបប្រឌិត ភ័យរន្ធត់ អរូបិយ ជំនឿ វិទ្យាសាស្រ្ត និងបែបទំនើប។ រឿងរបស់គាត់ជាច្រើន ត្រូវបានគេយកទៅផលិតជាខ្សែភាពយន្ត វីដេអូ កម្មវិធីទូរទស្សន៍ និងសៀវភៅគំនូរទៀតផង។ គាត់បានតែងនិពន្ធ ប្រលោមលោកបាន ៥៤ សាច់រឿង និងរឿងខ្លីៗជិត ២០០ សាច់រឿងបន្ថែមទៀត។ កាលលោកចាប់ផ្តើមអាជីព និពន្ធសៀវភៅជាលើកដំបូង គាត់ត្រូវបានគេមិនគាំទ្រ និងបដិសេធ ៣០ ដង ។ តែសព្វថ្ងៃនេះ សៀវភៅរបស់គាត់ត្រូវបានលក់ចេញជាង ៣៥០ លានច្បាប់ឯណោះ។ 
# Soichiro Honda
Soichiro Honda បានកើតនៅថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ ១៩០៦ និងបានស្លាប់នៅថ្ងៃទី ៥ សីហា ឆ្នាំ ១៩៩១ ដែលលោកគឺជាវិស្វករ និងជាឧស្សាហករ ជនជាតិជប៉ុន។ លោក Soichiro Honda ត្រូវបានគេស្គាល់ជាទូទៅថាជា អ្នកបង្កើតក្រុមហ៊ុន Honda។ កាលពីក្មេង លោកជួយការងារឪពុក ក្នុងហាងកង់របស់ពួកគេ។ នៅអាយុ ១៨ ឆ្នាំ លោកបានបង្កើតរថយន្តប្រណាំងមួយខ្លួនឯង និងចាប់ផ្តើមអាជីវកម្មជួសជុលរថយន្តផ្ទាល់ខ្លួន នៅអាយុ ២២ ឆ្នាំផងដែរ ប៉ុន្តែក្រោយមក នៅសង្រ្គាមលោកលើកទី ២ រោងចក្ររបស់គាត់ក៏ត្រូវបានកំទេច ដោយការវាយប្រហារគ្រាប់បែក ហើយគាត់ក៏មិនបានជួសជុលឡើងវិញដែរ។ រហូតមានថ្ងៃមួយ លោកបានប្រើម៉ាស៊ីនភ្លើងរបស់វិទ្យុ មកផ្តល់ថាមពលឲ្យកង់របស់ប្រពន្ធគាត់ ទើបពីរឆ្នាំក្រោយមក គាត់បានចាប់ផ្តើមផលិតម៉ូតូ “A-Type” ដែលជាស្នាដៃដំបូងបង្អស់របស់ក្រុមហ៊ុន ហុងដា៕ 


EmoticonEmoticon