Friday, January 13, 2017

សត្វទាំង១០ ដែលឆ្លាតជាងគេបំផុត លើភពផែនដីនេះ!


សត្វទាំង១០ ដែលឆ្លាតជាងគេបំផុត លើភពផែនដីនេះ!


ជាការពិតណាស់ មិនមែនមានតែមនុស្សទេ ដែលមានបញ្ញា ឬភាពវ័យឆ្លាតខ្ពស់នោះ។ ជាក់ស្តែង ភពផែនដីយើងនេះក៏មានសត្វជាច្រើនប្រភេទផ្សេងទៀត ដែលត្រូវបានគេរកឃើញថា ពួកវាមានភាពវៃឆ្លាតមិនចាញ់មនុស្សឡើយ។
ខាងក្រោមនេះ គឺជាបណ្តាសត្វកំពូលឆ្លាតទាំង១០ ដែលអ្នកប្រាកដជាភ្ញាក់ផ្អើល ក្រោយពីអានចប់ ៖ 
១០. ត្រីមឹក
ត្រីមឹក គឺជាសត្វស្ថិតក្នុងប្រភេទ Octopoda មានភ្នែក២ ដៃ៤ គូ និងមានចំពុះមួយ នៅនឹងមាត់ ដែលនៅចំកណ្តាលនៃដៃទាំង ៨ របស់វា។ វាជាសត្វដែលគ្មានឆ្អឹង ហេតុនេះវាអាចជ្រៀតខ្លួនរបស់វាចូលប្រហោងតូចៗ បានយ៉ាងងាយ។ ត្រីមឹករស់នៅក្នុងបាតសមុទ្រ ក្រោមថ្មប៉ប្រះទឹក ក្នុងផ្កាថ្ម និងសុទ្ធតែមានពិស ជាពិសេស ពពួកត្រីមឹកក្រឡារង្វង់ពណ៌ខៀវ (blue-ringed octopus) ដែលត្រូវបានគេចាត់ទុកថាជាប្រភេទមឹក ដែលអាចបង្កគ្រោះថ្នាក់បំផុត ដល់មនុស្ស។ វាអាចប្រយុទ្ធជាមួយសត្រូវបានដោយបញ្ចេញទឹកពណ៌របស់វា ឬប្រៃខ្លួនឲ្យដូចនឹងវត្ថុដែលនៅជិតខ្លួន ជាពិសេសវាអាចហែលបានលឿន និងមានជំនាញលាក់ខ្លួនទៀតផង។
លើសពីនេះទៅទៀត ត្រីមឹកជាសត្វ ដែលមានខួរក្បាលធំជាងគេបំផុត ប្រចាំពពួកសត្វឥតឆ្អឹងខ្នង។ ជាធម្មតា ត្រីមឹកនីមួយៗមានសរសៃណឺរ៉ូន ក្នុងខួរក្បាលប្រមាណជា ១៣០ លានឯណោះ (មនុស្សម្នាក់មានសរសៃណឺរ៉ូន ១០០ ពាន់លាន)។ ផ្ទុយទៅវិញ សរសៃណឺរ៉ូន ៣ ភាគ ៥ របស់មឹក មិនមែននៅក្នុងខួរក្បាលទេ គឺនៅតាមដៃរបស់វា។ ដៃនីមួយៗមានវិញ្ញាណផ្សេងៗគ្នា ហេតុនេះហើយបានជានៅពេលដែលអ្នកកាត់ដៃវាចេញ ក៏វានៅតែកម្រើកបានដូចធម្មតានោះ។ 


៩. សត្វជ្រូក
ជ្រូក គឺជាសត្វដែលគេស្គាល់យ៉ាងទូលំទូលាយ មានប្រយោជន៍ច្រើន និងជាសត្វដែលមានភាពវៃឆ្លាតផងដែរ។ វាមានពូជអំបូរ និងដើមកំណើត មកពីទ្វីបអាស៊ី និងទ្វីបអាហ្រ្វិក។ ជ្រូកផ្សាំង ឬជ្រូកស្រុក ជាប្រភេទថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ ដែលមានចំនួនច្រើនជាងគេបំផុតក្នុងពិភពលោក។ សត្វជ្រូកជាសត្វ ដែលអាចស៊ីចំណីអាហារបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជាមនុស្សយើងដែរ។ សាច់របស់សត្វជ្រូក អាចជាជំរក របស់បណ្តុំបរាសិត និងជំងឺជាច្រើនប្រភេទផ្សេងៗគ្នា និងអាចឆ្លងមកមនុស្សបានយ៉ាងងាយ។
អ្នកជំនាញមួយចំនួន បានលើកឡើងថា ជ្រូកជាសត្វដែលឆ្លាត និងមានអនាម័យជាងគេ ក្នុងចំណោមពពួកសត្វស្រុកទាំងអស់។ (ហេតុផល ដែលជ្រូករមៀលលេងលើភក់ មិនមែនមកពីវាជាសត្វគគ្រិចនោះទេ ក៏ព្រោះតែវាជាសត្វដែលគ្មានក្រពេញញើស ទើបពួកវាត្រូវការភក់មករក្សាភាពត្រជាក់)។ គេបានសិក្សាឃើញថា ជ្រូកមានការចងចាំបានយូរ អាចចាំផ្លូវក្នុងសួនវង្វេងបានយ៉ាងងាយ អាចយល់ភាសាកាយវិការងាយៗបានទៀតផង។ 


៨. សត្វព្រាប
សត្វព្រាប ជាសត្វបក្សីមួយប្រភេទដែលមាន រូបរាងតូច ថ្លោស កខ្លី និងចំពុះកោងខ្លី។ ពួកវាស៊ីចំណីដូចជា គ្រាប់ស្រូវ ផ្លែឈើ និងរុក្ខជាតិផ្សេងៗទៀត។ សត្វព្រាប រស់នៅពាសពេញពិភពលោក ប៉ុន្តែប្រទេសដែលសម្បូរពពួកព្រាបជាងគេគឺ នៅតំបន់សេដ្ឋកិច្ចរបស់អូស្រ្តាលី និង Indomalaya ។ សត្វព្រាប ប្រើកំណាត់ឈើ និងកំទេចកំទីផ្សេងៗទៀត មកធ្វើសំបុកលើដើមឈើ ឬតាមគល់ឈើ ឬលើដីក៏មាន ទៅតាមប្រភេទរបស់ពួកវា។ សត្វព្រាបជាសត្វដែលអាចពងម្តង បានតែ ១ ទៅ ២ កូនតែប៉ុណ្ណោះ។
ការសិក្សាបានបង្ហាញថា សត្វព្រាបអាចរៀនច្បាប់គណិតវិទ្យាអរូបិយបាន។ ជាក់ស្តែង ព្រាបជាសត្វដែលមានសមត្ថភាពពិសេសនេះ ក្រៅពីស្វា Rhesus ។ ពពួកសត្វព្រាប ក៏មានសមត្ថភាព ជ្រើសរើសបានយ៉ាងឆ្លាតវៃ និងវិវឌ្ឍន៍ការដោះស្រាយបញ្ហា ដែលពួកវាជួបប្រទះបានយ៉ាងងាយទៀតផង។ 


៧. សត្វឆ្កែ
សត្វឆ្កែស្រុក គឺជាប្រភេទសត្វចិញ្ចឹម ដ៏ពេញនិយមរបស់មនុស្ស ជាច្រើនរយឆ្នាំមកហើយ។ សត្វឆ្កែចិញ្ចឹម មានដើមកំណើតពីដំបូង ពីអំបូរពពួកសត្វឆ្កែចចក ឆ្កែព្រៃ ឬកញ្ជ្រោង ប៉ុន្តែការសិក្សាលើហ្សែន របស់សុនខចិញ្ចឹមដ៏ធំមួយ ក្នុងឆ្នាំ ២០១០ បានបញ្ជាក់ថា ពូជឆ្កែចិញ្ចឹមសព្វថ្ងៃនេះ បានដាច់ចេញពីពូជពពួកចចក តាំងពី ៤០,០០០ ឆ្នាំមុនមកម្ល៉េះ។ សុនខ មានច្រើនប្រភេទ ដោយមានរូបរាង មានទំហំ មានពណ៌សុខៗគ្នា។
ជាក់ស្តែង មនុស្សយើងតែងតែវាយតម្លៃឆ្កែ ថាជាសត្វឆ្លាត ដោយសារតែវា ស្តាប់បង្គាប់របស់យើង។ យើងតែងវាយតម្លៃថា ឆ្កែមួយក្បាលឆ្លាតកម្រិតណា តាមរយៈការសង្កេតមើលថាតើពួកវារៀនគោរពតាមការបង្គាប់របស់យើង និងធ្វើតាមយើងបានរហ័សប៉ុណ្ណា។ ក៏ព្រោះតែឆ្កែ រស់នៅជាមួយមនុស្ស រយៈពេលជាយូរលង់ណាស់មកហើយ និងបានឆ្លងកាត់ការរស់នៅបែបក្នុងស្រុកជាច្រើនកាលៈទេសៈ ទើបមានអ្នកវិទ្យាសាស្រ្តមួយចំនួន ជឿថាវាមានលក្ខណៈស្រដៀងដូចនឹងមនុស្ស ជាជាងស្វាឪទៅទៀត។ 


៦. សត្វក្អែក
សត្វក្អែក ជាសត្វដែលមានសម្បុរពណ៌ខ្មៅក្រឹប ឬជួនកាលមានលាយពណ៌ប្រផេះ និងពណ៌សថែមទៀតផង។ វាជាសត្វមានរូបរាងមិនសូវជាធំប៉ុន្មានទេ ប៉ុន្តែវាមានចំពុះ និងក្រញ៉ាំជើងដ៏រឹងមាំ។ ពូជ ឬប្រភេទ របស់សត្វក្អែកមានច្រើនបែប ច្រើនយ៉ាង ទៅតាមតំបន់ និងតាមបណ្តាប្រទេស។ ជាធម្មតា វាមានទំហំប៉ុនសត្វព្រាប ឬអាចធំជាងនេះ។ តាមបណ្តាប្រទេសក្នុងទ្វីបអាស៊ី និងទ្វីបអូស្រ្តាលី គេតែងតែហៅហ្វូងពពួកក្អែកថា “ចង្រៃ” ឬ “នាំប្រផ្នូលអាក្រក់”។
ជាពិសេស ខួរក្បាលរបស់សត្វក្អែក មានទំហំប៉ុនមេដៃរបស់មនុស្ស ដែលអាចទាញបានថាវាមានខួរក្បាលធំ មិនសមាមាត្រនឹងទំហំខ្លួនរបស់វា។ ហេតុនេះទើបវា ជាសត្វមានភាពវៃឆ្លាត និងមានសមត្ថភាពដោះស្រាយបញ្ហាស្មុគ្រស្មាញរបស់វាបានទៀតផង។ អ្នកវិទ្យាសាស្រ្ត ក៏បានរកឃើញថា សត្វក្អែកអាចស្គាល់ និងចាំមុខមនុស្សរាល់គ្នា ដែលវាធ្លាប់បានជួប ជាពិសេសអាចទស្សទាយន៍ដឹងថា មនុស្សនោះមានបំណងល្អ ឬមានបំណងអាក្រក់ មកលើខ្លួនវាបានទៀតផង។ 



៥. សត្វកណ្តុរប្រែង
កណ្តុរ គឺជាសត្វកកេរ ដែលមានទំហំតូចល្មម និងមានកន្ទុយវែង។ សត្វកណ្តុរប្រែង ខុសពីសត្វកណ្តុរធម្មតា ក៏ព្រោះតែវាមានទំហំធំជាង កណ្តុរធម្មតា។ ទោះបីជាយ៉ាងណាក៏ដោយ កណ្តុរមិនមែនជាសត្វ ដែលគួរឲ្យស្រលាញ់ប៉ុន្មានទេ ក៏ព្រោះតែវាតែងបង្កបញ្ហាផ្សេងៗជានិច្ចជាកាល ដូចជាកកេរសម្ភារៈ ឬលួចអាហាររបស់មនុស្សជាដើម។ នៅប្រទេសមួយចំនួន គេយកសត្វកណ្តុរ ធ្វើជាសត្វចិញ្ចឹម ប៉ុន្តែមួយចំនួនទៀត គេយកកណ្តុរទៅធ្វើការពិសោធន៍ និងធ្វើជាអាហារទទួលទានទៀតផង។
ការសិក្សាបានរកឃើញថា សត្វកណ្តុរមានសមត្ថភាពគិតម្យ៉ាងហៅថា Metacognition ។ ជាងនវទៅទៀត នៅប៉ុន្មានឆ្នាំមុននេះ អ្នកវិទ្យាសាស្រ្តបានរកឃើញថា សត្វកណ្តុរ ក៏ដូចជាមនុស្សយើងដែរ ដែលចេះធ្វើការសម្រេចចិត្ត ផ្អែកលើអ្វីដែលេពួកគេដឹង និងអ្វីដែលពួកគេមិនដឹង។ ជាពិសេស វាចេះយល់សប្តិ ដូចជាមនុស្សយ៉ាងអញ្ចឹង។ 


៤. សត្វសេកប្រផេះ របស់អាហ្វ្រិក
សត្វសេកប្រផេះ របស់អាហ្រ្វិក ជាបក្សីមានទំហំធំល្មម ពណ៌ប្រផេះ និងមានចំពុះពណ៌ខ្មៅ។ ជាធម្មតា វាមានទម្ងន់ប្រមាណ ៤០០ ក្រាម (សេកវ័យជំទង់មានទម្ងន់ចន្លោះ ៤១៨ ដល់ ៥២៦ ក្រាម) ជាមួយនឹងប្រវែងខ្លួន ៣៣សង់ទីម៉ែត្រ និងមានប្រវែងស្លាបពី ៤៦ តៅ ៥២ សង់ទីម៉ែត្រ។ ពូជ Congo របស់សត្វសេកនេះ មានពណ៌ប្រផេះដិតនៅត្រង់ក្បាល និងស្លាបរបស់វា ជាពិសេស ពួកវាមានកន្ទុយពណ៌ក្រហម (ជួនកាលមានពណ៌ក្រហមសុទ្ធក៏មាន)។ សត្វសេកប្រផេះរបស់អាហ្រ្វិក អាចមានជីវិតរស់នៅបាន ៤០ ទៅ ៦០ ឆ្នាំប្រសិនបើនៅក្នុងទ្រុង ប៉ុន្តែប្រសិនបើរស់នៅក្នុងព្រៃ ពួកវាអាចរស់បានតែ ២៣ ឆ្នាំប៉ុណ្ណោះ។
សត្វសេកប្រផេះ របស់អាហ្រ្វិក ជាបក្សី ដែលមានភាពវៃឆ្លាតជាងគេបំផុត ក្នុងចំណោមប្រភេទសេកទាំងអស់។ ការសិក្សាបានបង្ហាញថា សត្វសេកនេះ មានសមត្ថភាពបែបអរូបិយ និងសមត្ថភាពវែកញែកហេតុផលទៀតផង។ សត្វបក្សីនេះ ក៏បានបង្ហាញពីភាពវៃឆ្លាតរបស់ខ្លួនដោយ ចេះរាប់លេខ និងច្រៀង ឲ្យមនុស្សស្តាប់ផងដែរ។ 


៣. សត្វដំរី
គេបានបែកចែកប្រភេទសត្វដំរីជា ២ គឺ ដំរីប៉ែកអាហ្រ្វិក និងដំរីប៉ែកអាស៊ី។ ដំរីប៉ែកអាហ្វ្រិក មានត្រចៀកធំជាង និងមានខ្នងត្រង់ រីឯ ដំរីប៉ែកអាស៊ី មានត្រចៀកតូចជាង និងមានខ្នងកោង។ ប្រភេទសត្វរស់នៅដីគោកដ៏ធំនេះ អាចរស់នៅបាន ជាមធ្យម ៧០ ឆ្នាំឡើងទៅ។ ពួកវាប្រាស្រ័យទាក់ទងគ្នាដោយការប៉ះ ការមើល ហិតក្លិន និងសម្លេង បានក្នុងរយៈចម្ងាយឆ្ងាយបានទៀតផង។ ជម្រករបស់ពួកវា គឺនៅក្នុងព្រៃ វាលខ្សាច់ និងនៅតាមមាត់ច្រាំង ជាពិសេស ពួកវាចូលចិត្តនៅក្បែរមាត់ទឹក។
ប៉ុន្តែមិនថាជាដំរីប៉ែកខាងណានោះទេ វាជាសត្វដែលមានខួរក្បាលធំជាងគេបំផុត ក្នុងចំណោមសត្វរស់លើដីគោកទាំងអស់។ វាជាសត្វដែលមានសរសៃណឺរ៉ូន ក្នុងខួរក្បាលច្រើនលើសលុប ដូចនឹងមនុស្សយ៉ាងដូច្នោះដែរ។ តើអ្នកដឹងទេថា ដំរីជាសត្វដែលស្គាល់ខ្លួនវា នៅពេលដែលនៅមុខកញ្ចក់បាន! នៅក្នុងព្រៃ ដំរីជាសត្វដែលចេះជួយគ្នា មានមេត្តាករុណា និងយល់ចិត្តគ្នាខ្ពស់។ 


២. ត្រីដូហ្វីន
ត្រីដូហ្វីន ជាសត្វត្រីសមុទ្រ ដែលមានសំបុករស់នៅតាមសមុទ្រ ដែលមានសីតុណ្ហភាពក្តៅល្មម ពាសពេញពិភពលោកយើងនេះ។ របបអាហាររបស់ត្រីដូហ្វីន គឺពពួកកូនត្រីដែលហែលជាហ្វូងៗ។ ពួកវាតែងឧស្សាហ៍ចាប់ចំណីជាក្រុម និងស្វែងរកចំណីតែឯង ម្តងម្កាលប៉ុណ្ណោះ។ ត្រីដូហ្វីន ចេះធ្វើការទំនាក់ទំនងតាមការប្រើសម្លេង ទាំងការនិយាយ ទាំងសម្លេងហួចរបស់មនុស្ស ទើបពួកវាអាចហែលតាមចលនាផ្សេងៗ ដូចជាលោតចេញពីទឹក និងទះកន្ទុយរបស់វា តាមផ្ទៃទឹកជាដើម។
កាលពីដើមឡើយ ពួកវាចេះបង្កើតសម្លេងខុសៗប្លែកពីគ្នា ហេតុនេះហើយពួកគេអាចហៅគ្នីគ្នា របស់ពួកវាតាមការបញ្ចេញសម្លេង (ជាក់ស្តែង គឺដូចជាការហៅឈ្មោះយ៉ាងអញ្ចឹង)។ ពួកវាតែងជួយគ្នាជានិច្ច ប្រសិនបើមានសមាជិកណាមួយរបួស ឬមានកើតជំងឺ។ លើសពីនេះទៅទៀត ត្រីដូហ្វីនក៏ធ្លាប់រាយការណ៍ថា បានជួយសង្រ្គោះមនុស្ស ពីការប្រមាញ់របស់ត្រីឆ្លាមទៀតផង។ 


១. ស្វាឪ
ស្វាឪ ជាប្រភេទដែលបែកចេញពីពូជស្វា Pan និងជាប្រភេទសត្វ ដ៏មានតម្លៃប្រចាំតំបន់អាហ្រ្វិក។ ពពួកស្វាឪនេះ ត្រូវបានគេរកឃើញថាមានរស់នៅលើកោះ Congo ជាច្រើន។ ពួកវាឈានចូលដល់វ័យបន្តពូជ ដូចទៅនឹងមនុស្សដែរ គឺនៅអាយុ ១៣ ឆ្នាំសម្រាប់ស្វាឈ្មោល និងអាយុ ១៦ ឆ្នាំសម្រាប់ស្វាញី។ ការសិក្សាមួយបានបង្ហាញថា ស្វាឪឈ្មោលមានអាយុរស់រានមានជីវិតបានប្រមាណ ៣៣ ឆ្នាំ និងស្វាឪញីអាចរស់បានដល់ទៅ ៣៧ ឆ្នាំ។ ប៉ុន្តែ ជាក់ស្តែងក៏មានមួយចំនួន អាចរស់បានដល់ទៅជាង ៦០ ឆ្នាំឯណោះ!
លើសពីនេះទៅទៀត ស្វាឪ និងមនុស្សមានលក្ខណៈស្រដៀងគ្នាគួរឲ្យកត់សម្គាល់ ដោយមាន DNA ដូចគ្នារហូត ៩៩%។ វាជាសត្វដែលចេះទំនាក់ទំនងគ្នា និងអាចសម្របខ្លួនតាមបរិស្ថានខុសៗគ្នាបានទៀតផង។ ជាពិសេស ពួកវាអាចរៀនសញ្ញាភាសារបស់មនុស្សបានផងដែរ។ ស្វាឪ ជាសត្វដែលអាចដើរជើង ២ បាន និងជាសត្វដែលទទួលទានតែបន្លែផ្លែឈើ (តែអាចទទួលទានសាច់ ស៊ុត និងសត្វល្អិត ម្តងម្កាល)៕ 


EmoticonEmoticon