Friday, January 13, 2017

ដំបូន្មានសម្រាប់គូស្នេហ៍ទាំងឡាយ ដែលឈ្លោះគ្នាហើយ មកត្រូវរ៉ូវគ្នាវិញ


ដំបូន្មានសម្រាប់គូស្នេហ៍ទាំងឡាយ ដែលឈ្លោះគ្នាហើយ មកត្រូវរ៉ូវគ្នាវិញ

ទំនាក់ទំនងស្នេហា របស់មនុស្សម្នាក់ៗ ប្រាកដជាមិនដូចគ្នានោះទេ ប៉ុន្តែអ្វីដែលជារឿងទូទៅនោះគឺ ការឈ្លោះគ្នា។ ជួនកាល គូខ្លះឈ្លោះគ្នា ទាំងរឿងមិនត្រូវឈ្លោះក៏មាន តែក៏គ្មានគូណា ដែលគេចពីឈ្លោះគ្នាបានដែរ។ គូស្នេហ៍ដែលអាចរក្សាទំនាក់ទំនង និងនៅជាមួយគ្នាបានយូរ គឺដោយសារតែពួកគេចេះសម្រុះសម្រួល ចេះដោះស្រាយបញ្ហារវាងគ្នានឹងគ្នា។
ទោះបីជាគ្មានវិធីសាស្រ្ត កុំឲ្យមានជម្លោះជាមួយគ្នាក៏ដោយ ក៏យើងមានដំបូន្មានមួយចំនួន ដែលអាចជួយអ្នក និងដៃគូឲ្យត្រូវគ្នាវិញ ទោះជាឈ្លោះគ្នាកម្រិតណាក៏ដោយ ៖ 
១. ស្វែងយល់ឲ្យបានជ្រៅបន្តិច
អ្នក និងដៃគូប្រហែលជា កំពុងឈ្លោះគ្នាដោយសារលុយ ដោយសារនេះ ដោយសារនោះ ជាដើម ប៉ុន្តែជាក់ស្តែង វាបណ្តាលមកពីអារម្មណ៍របស់អ្នកទៅវិញទេ។ វាហាក់ដូចជា អារម្មណ៍ដែលមិនអាចសម្តែងចេញមកបាន ឬអាចជាអារម្មណ៍ ដែលសូម្បីតែអ្នកក៏មិនដឹង។ ការកំណត់ឫសគល់នៃអារម្មណ៍ អាចជួយឲ្យអ្នកស្ងប់អារម្មណ៍បាន។ ជាធម្មតា អារម្មណ៍ដែលអាចបង្កជាជម្លោះបានមានដូចជា ៖
• គ្មានសមត្ថភាពគ្រប់គ្រាន់ ៖ អ្នកអាចនឹងមានអារម្មណ៍ថា អ្នកមិនល្អគ្រប់គ្រាន់ និងថែមទាំងគិតថាមិនគួរដៃគូរបស់អ្នកមកនៅជាមួយមនុស្សដូចជាអ្នក ឬមិនយូរទេ គេនឹងមានអ្នកថ្មីជាដើម។
• ភ័យខ្លាចគេបោះបង់ចោល ៖ អ្នកបារម្ភថា ដៃគូរបស់អ្នកនឹងចាកចោលអ្នក ដោយទៅរកអ្នកផ្សេង ឬលែងចង់ចំណាយពេលជាមួយអ្នកជាដើម។
• អារម្មណ៍បង្ខំចិត្តទទួល ៖ នេះពិតជាអារម្មណ៍មិនសប្បាយចិត្ត ហើយអ្នកប្រាកដជាមានជម្លោះមិនខាន។
២. និយាយពាក្យពិតចេញពីចិត្ត
អ្នកគួរប្រើពាក្យពេចន៍ទំនាក់ទំនង ដែលពិតចេញពីចិត្តមកនិយាយ។ អ្នកត្រូវតែរៀនពីរបៀបទំនាក់ទំនង តាមបែបអហិង្សា។ ឧទាហរណ៍ អ្នកអាចនិយាយត្រង់ៗថា ៖ “ខ្ញុំមិនពេញចិត្តឲ្យបង ទៅនិយាយជាមួយស្រីផ្សេងទេ” ឬក៏ “ខ្ញុំខឹង ព្រោះដោយសារតែគ្មានលុយទិញរបស់ហ្នឹង”។ ត្រឹមតែឃ្លា ដែលចេញពីអារម្មណ៍ពិតបែបនេះ គឺពិតជាអាចជួយអ្នកឲ្យយល់ច្បាស់ពីបញ្ហា និងជួយឲ្យដៃគូយល់ច្បាស់ថា អ្នកកំពុងគិតអ្វី ដោយមិនចាំបាច់ឈ្លោះគ្នាតទៀត។
៣. បន្ទាបខ្លួនខ្លះ
ពេលខ្លះអ្នកគួរតែ សុំអភ័យទោស លើអ្វីដែលអ្នកបានធ្វើ (ឬទោះបីអ្នក មិនមែនជាអ្នកចាប់ផ្តើមក៏ដោយ) ពីព្រោះដៃគូរបស់អ្នក នឹងចាប់ផ្តើមស្ងប់ចិត្ត និងអាចសុំទោសមកអ្នកវិញទៀតផង។ ឧទាហរណ៍ដូចជា “គ្មានអ្នកណាចង់ឲ្យរឿងក្លាយជាបែបនេះទេ ហេតុនេះឲ្យបង/អូនសុំទោស។ តើយើងអាចឈប់ប្រកែកគ្នា ហើយពួតដៃគ្នារកដំណោះស្រាយវិញបានទេ?”។ ប៉ុន្តែអ្នកត្រូវចងចាំថា មិនត្រូវសុំទោសឲ្យរួចពីមាត់ ឬសុំទោសលើអ្វីដែលអ្នកមិនបានធ្វើខុស ដោយសារខ្ជិលឈ្លោះនោះទេ។ អ្នកត្រូវតែស្មោះត្រង់ជានិច្ច!
៤. កុំចង់តែឈ្នះ
អ្នកមិនត្រូវចេះតែចង់ឈ្នះ រហូតនោះទេ។ ការទាស់ទែងសម្តីគ្នារវាង គូស្នេហ៍ មិនមែនដើម្បីតែចង់ចាញ់ចង់ឈ្នះនោះទេ។ ទោះបីជាអ្នក គិតថាអ្នកជាអ្នកត្រូវពិតប្រាកដក៏ដោយ វាមិនសំខាន់នឹងចាញ់ ឈ្នះ អីនោះទេ។ អ្នកអាចរំលឹកសំនួរមួយនេះបាន នៅរាល់ពេលដែលអ្នកឈ្លោះគ្នា “តើអ្នកចង់ឈ្នះ ឬក៏ចង់មានសុភមង្គល?”។
៥. ឱបដៃគូរបស់អ្នក
នៅរាល់ពេលដែលគូស្នេហ៍ ជួបប្រទះការយល់ច្រឡំ ឬមានការខ្វែងគំនិតគ្នារួច រឿងដែលចង់ធ្វើបំផុតនោះគឺ ការទទួលបានការថ្នាក់ថ្នមរាងកាយ ពីមនុស្សដែលទើបនឹងប្រកែកគ្នាអំបាញ់មិញនោះឯង។ ជាក់ស្តែង រាល់សកម្មភាពកៀកកើយ ថ្នាក់ថ្នមទាំងឡាយ គឺសុទ្ធតែជាសញ្ញាដែលបញ្ជាក់ថា អ្នកស្រលាញ់បុគ្គលម្នាក់នោះ និងចង់រស់នៅជាមួយគ្នាជារៀងរហូត។ ជាពិសេស គឺជួយឲ្យអ្នកចៀសផុតពី ការឈ្លោះប្រកែកគ្នាកាន់តែខ្លាំង។ 

៦. លេងសើច
នៅពេលដែលអ្នក គិតថាអ្នកខ្វែងគំនិតគ្នា រហូតដល់ចំនុចកំពូលហើយនោះ អ្នកត្រូវរើសយកកាយវិការ ឬពាក្យសំដីណាមួយបែបកំប្លែងមកកាត់ផ្តាច់។ វាអាចបង្ហាញថា អ្នកលែងចង់ប្រកែកគ្នាតទៅទៀតហើយ ជាពិសេស វាជាវិធីដែលអ្នកអាចប្រើ មកបំបែកភាពតានតឹងបាន។ កុំព្យាយាមតតាំង ស្រែកគំហកដាក់គ្នា ផ្ទុយមកវិញ សាកជំនួសដោយពាក្យ ឬកាយវិការកំប្លែងវិញ ដើម្បីជួយសម្រាលភាពក្តៅក្រហាយ។
៧. កុំឈ្លោះគ្នា ដោយសាររឿងមិនគួរឈ្លោះ
វាជារឿងធម្មតាទេ ដែលមនុស្សយើងម្នាក់ៗ តែងតែមានគំនិតខុសគ្នាខ្លះនោះ។ សូម្បីតែគូស្នេហ៍ ក៏មិនមែនមានចិត្តគំនិតរហូតដែរ។ ប៉ុន្តែពេលខ្លះអ្នក និងដៃគូ ត្រូវចេះថ្លឹងថ្លែងបញ្ហាផង ពីព្រោះមានបញ្ហាមួយចំនួន មិនត្រូវយកមកប្រកែកគ្នាទាល់តែសោះ។ យូរៗទៅ អ្នកនិងដៃគូ មានតែភាពតានតឹង និងអាក់អន់ចិត្តដាក់គ្នាប៉ុណ្ណោះ។ ហេតុនេះ មិនត្រូវចេះតែឈ្លោះគ្នា ទាំងរឿងតូចតាចទៀតនោះទេ។
៨. ចូលគេងទាំងខឹងក៏មិនអី
មានមនុស្សមិនតិចទេ (ជាពិសេសមនុស្សស្រី) ដែលតែងតែនិយាយថា កុំទុកឲ្យដៃគូចូលគេងទាំងខឹងឲ្យសោះ។ ប៉ុន្តែផ្ទុយពីការគិតទាំងនេះ អ្នកជំនាញបានធ្វើការបញ្ជាក់ថា វាមិនមែនជាការចាំបាច់ ក្នុងការនិយាយព្រមព្រៀងត្រូវរ៉ូវគ្នាវិញ នៅថ្ងៃឈ្លោះគ្នានោះទេ។។ អ្នកអាចបណ្តោយពេលវេលាខ្លះ ចូលគេងឲ្យបានគ្រប់គ្រាន់ រួចព្យាយាមក្រោកពីព្រលឹមនៅថ្ងៃបន្ទាប់ ដើម្បីទទួលបានអារម្មណ៍ធូរស្បើយជាងមុន រួចប្រឈមនឹងដៃគូរបស់អ្នកចុះ។ អ្នកនឹងកត់សម្គាល់ឃើញពីភាពខុសគ្នាជាមិនខាន។
៩. បរិយាកាសរីករាយ
បរិស្ថានជុំវិញអ្នក ក៏អាចជះឥទ្ធិពលលើការទំនាក់ទំនងរបស់អ្នកដែរ។ បរិយាកាសមិនល្អ អាចទាញពាក្យសម្តីរបស់គូស្នេហ៍ ប្រែជាឈ្លោះគ្នាខ្លាំងភ្លាមមួយរំពេច។ កន្លែងអ៊ូអរ មានមនុស្សកកកុញមិនមែនជាកន្លែងដែលត្រូវនិយាយគ្នាទេ ព្រោះវាមានតែជួយបន្ថែមភាពតានតឹងប៉ុណ្ណោះ។ អ្នកគួរទៅនិយាយស្រុះស្រួលគ្នា នៅកន្លែងស្ងាត់ ឬទៅអង្គុយទទួលទានភេសជ្ជៈ ទើបជាការល្អ។
១០. កំណត់ព្រំដែន
ប្រសិនបើអ្នកឧស្សាហ៍ឈ្លោះប្រកែកគ្នា ជាពិសេស មានបញ្ហាធំៗច្រើន អ្នកត្រូវតែមានកិច្ចព្រមព្រៀង ជាមួយដៃគូពីកម្រិតព្រំដែន និងលក្ខខណ្ឌនៃចំណងស្នេហារបស់អ្នក។ នេះមានន័យថា អ្នកត្រូវចេះនិយាយយល់ព្រមនឹងគ្នា នូវអ្វីដែលដៃគូចង់បាន យ៉ាងសមហេតុផល។ ឧទាហរណ៍ “បងយល់ព្រមមិននិយាយ ពាក្យអាក្រក់ៗដាក់អូនទៀតទេ” ឬក៏ “អូនចង់ឲ្យបងយល់ព្រម និយាយគ្នា ជាជាងស្រែកគំហកដាក់គ្នា រាល់ពេលមានបញ្ហា” ជាដើម៕ 
loading...


EmoticonEmoticon