Thursday, January 12, 2017

មនុស្សដែលមាន ភាពវ័យឆ្លាតដ៏កំពូលទាំង១០ ប្រចាំប្រវត្តិសាស្រ្ត!


មនុស្សដែលមាន ភាពវ័យឆ្លាតដ៏កំពូលទាំង១០ ប្រចាំប្រវត្តិសាស្រ្ត!

តើអ្នកធ្លាប់បានដឹងទេ លោក Albert Einstein ក៏ត្រូវបានគ្រូ ដេញចេញពីថ្នាក់ ដោយគិតថាលោកជាសិស្សល្ងង់ដែរទេ? សូម្បីតែ អ្នកប្រាជ្ញ Newton ក៏ត្រូវបានគ្រូ និយាយថាលោកគ្មានដុងខាងរៀន និងចង់បញ្ជូនគាត់ទៅរៀនថ្នាក់ពិសេសទៀតផង។ គ្មានអ្នកណាទៅដឹងទេថា ចុងក្រោយពួកគាត់បានក្លាយជាអ្នកប្រាជ្ញ ដ៏ល្បីឈ្មោះយ៉ាងនេះនោះ។
ហេតុនេះ យើងនឹងនាំប្រិយមិត្តមក តាមដានអ្នកប្រាជ្ញល្បីៗទាំង ១០ ប្រចាំប្រវត្តិសាស្រ្តវិញម្តង ដើម្បីទុកជាគំរូ និងដើម្បីលើកទឹកចិត្តខ្លួនឯងផងដែរ ៖ 
១០. ស្តេច Alexander the Great
ស្តេច Alexander III នៃអាណាចក្រ Macedon (តែងត្រូវបានគេស្គាល់ថា ស្តេច Alexander the Great) គឺជាមហាក្សត្រ នៃនគរក្រិច សម័យបុរាណ អាណាចក្រ Macedon និងជាសមាជិករាជវង្សខ្សែស្រឡាយ Argead ។ ទ្រង់ប្រសូត្រឡើងនៅក្នុងទីក្រុង Pella ក្នុងឆ្នាំ ៣៥៦ មុនគ.ស និងត្រូវបានឡើង ស្នងរាជបល្ល័ងពីព្រះបិតា Philip II ក្នុងព្រះជន្ម ២០វស្សា។ ទ្រង់ត្រូវបានគេចាត់ចូលជាមេបញ្ជាការកងទ័ព ដែលប្រយុទ្ធមិនដែលចាញ់ទៀតផង។ គេបានចាត់ទ្រង់ចូលជាមនុស្សដែលមានភាពអស្ចារ្យ និងឆ្លាត ដោយសារតែទ្រង់ឡើងគ្រងរាជ្យទាំងវ័យក្មេង និងគ្រប់គ្រងតំបន់អាស៊ី បានសឹងតែទាំងមូល ក្រោមស្នាព្រះហស្ថរបស់ទ្រង់។
៩. វិចិត្រករ Michelangelo
Michelangelo di Lodovico Buonarroti Simoni គឺជាជាងចម្លាក់ ជាវិចិត្រករ ជាស្ថាបត្យករ និងជាអ្នកតែងកំណាព្យ ជនជាតិអ៊ីតាលីម្នាក់ ដែលបានផ្សព្វផ្សាយឥទ្ធិពល លើការអភិវឌ្ឍន៍សិល្បៈលោកខាងលិច បានជោគជ័យ។ លោក Michelangelo បានកើតនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ១៤៧៥ និងបានទទួលអនិច្ចកម្មនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៥៦៤។ លោកត្រូវបានគេចាត់ទុកថាជា សិល្បៈករដ៏អស្ចារ្យម្នាក់ តែលោកក៏មានគូប្រកួតប្រជែងម្នាក់ដែរ គឺលោក Leonardo da Vinci ។ វិចិត្រករទាំង ២ នាក់នេះមានទេពកោសល្យអស្ចារ្យរៀងខ្លួន គ្រាន់តែរូបគំនូររបស់ Michelangelo មានឥទ្ធិពលលើសិល្បៈសម័យបច្ចុប្បន្ន និងសិល្បៈលោកខាងលិចជាង។ លោកតែងតែគូរនៅតាមជញ្ជាំង តាមពិដាន ដែលរូបគំនូរទាំងនោះសុទ្ធតែមានតម្លៃដ៏មហិមា នៅពេលសព្វថ្ងៃនេះ។ 
៨. លោក Thomas Edison
លោក Thomas Alva Edison គឺជាអ្នកបង្កើត និងជាអ្នកជំនួញជនជាតិអាមេរិក ដែលកើតនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៨៤៧ និងបានទទួលមរណភាពនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ១៩៣១។ លោកជាមនុស្សម្នាក់ ដែលមិនបានទទួលបានការរៀនសូត្រ ដូចអ្នកដទៃទេ។ លោកតែងទទួលបានការអប់រំ ពីម្តាយរបស់លោក និងពីសៀវភៅទៅវិញទេ។ លោកបានបង្កើតឧបករណ៍ជាច្រើន ដែលមានឥទ្ធិពលយ៉ាងក្លាំងក្លា លើពិភពលោកសព្វថ្ងៃ រួមមានដូចជា ឧបករណ៍ថតសម្លេង កាមេរ៉ារូបភាពមានចលនា (វីដេអូ) និងអ្វីដែលពិសេសបំផុតគឺអំពូលភ្លើង។ បើគ្មានការបង្កើតរបស់គាត់ទេ ពិភពលោកនេះប្រហែលជាងងឹតឈឹងមិនខានទេ។ 

៧. វិចិត្រករ Leonardo da Vinci
Leonardo di ser Piero da Vinci បានកើតនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៤៥២ និងបានស្លាប់នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ១៥១៩។ លោកគឺជាអ្នកប្រាជ្ញជនជាតិអ៊ីតាលីម្នាក់ ដែលមានជំនាញខាងការរកនឹកបង្កើតថ្មី គូគំនូរ ឆ្លាក់រូប ស្ថាបត្យកម្ម វិទ្យាសាស្រ្ត តន្ត្រី គណិតវិទ្យា វិស្វកម្ម អក្សរសាស្ត្រ កាយវិភាគសាស្ត្រ វិស័យតារាសាស្ត្រ រុក្ខសាស្ត្រ ការសរសេរ ប្រវត្តិសាស្រ្ត និងការធ្វើផែនទី។ ប៉ុន្តែ ជាក់ស្តែងគាត់ត្រូវបានមនុស្សទូទៅស្គាល់ យ៉ាងទូលំទូលាយ ថាជាវិចិត្រករដ៏ល្បីឈ្មោះបំផុត របស់ពិភពលោក ដោយសាររូបគំនូរ Mona Lisa និង Vitruvian Man ។ គាត់ជាមនុស្សដែលអាចបត់បែនពេលវេលាបាន ក្នុងការរៀនជំនាញសិល្បៈបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយថែមទាំងមានភាពស្ទាត់ជំនាញថែមទៀតផង។ 
៦. William Shakespeare
William Shakespeare គឺជាអ្នកតែងកំណាព្យ ជាអ្នកនិពន្ធ និងជាតារាសម្តែង ជនជាតិអង់គ្លេស ដែលលោកត្រូវបានគេចាត់ចូលជា អ្នកនិពន្ធផ្នែកភាសាអង់គ្លេស ដ៏អស្ចារ្យបំផុតរបស់ពិភពលោក។ លោកបានកើតនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៥៦៤ និងបានទទួលអនិច្ចកម្មនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៦១៦។ ស្នាដៃរបស់លោកមានដូចជា រឿងល្ខោនទាំង ៣៨ ពាក្យកាព្យ ១៥៤ និងកំណាព្យវែងចំនួន ២ -ល-។ ជាក់ស្តែង ស្នាដៃនិពន្ធរឿងល្ខោនរបស់ William Shakespeare មានភាពល្បីល្បាញ និងមានភាពអស្ចារ្យជាងគេ ប្រចាំប្រវត្តិសាស្រ្ត។ 
៥. លោក Adolf Hitler
Adolf Hitler គឺជាអ្នកនយោបាយជនជាតិអាល្លឺម៉ង់ និងជាមេដឹកនាំនៃគណបក្ស Nazi និងអធិការបតីរបស់ប្រទេសអាល្លឺម៉ង់ពីឆ្នាំ ១៩៣៣ ដល់ ១៩៤៥។ ក្នុងនាមជាជនផ្តាច់ការ លោកហ៊ីត្លែរ នេះហើយដែលជាអ្នកផ្តួចផ្តើមសង្រ្គាមលោកលើកទី ២ នៅអឺរ៉ុប និងជាមនុស្សដែលល្បីខាងសម្លាប់មនុស្សយ៉ាងរង្គាល ក្នុងប្រវត្តិសាស្រ្ត។ លោកបានសម្លាប់ជនជាតិ Jews ដែលជាជនជាតិឪពុករបស់ខ្លួនអស់ស្ទើរតែគ្មានសល់ ហើយគេក៏បាននិយាយតៗគ្នាថា នេះប្រហែលជាដោយសារតែឪពុកគាត់ បានបោះបង់ចោលគាត់ និងម្តាយរបស់គាត់។ គាត់មានភាពឆ្លាតវៃណាស់ ដោយចេះប្រើប្រាស់ធនធានផ្សេងៗនៅសម័យនោះ  រួមទាំងកងទ័ពអាល្លឺម៉ង់ និងកងកម្លាំងនគរបាល មកការពារខ្លួនគាត់ពីការបះបោរបានយ៉ាងមានសុវត្ថិភាព រហូតដល់បានឡើងកាន់អំណាចទាំងស្រុង។ 
៤. លោក Galileo Galilei
លោក Galileo Galilei បានកើតនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ១៥៦៤ និងបានទទួលមរណៈភាពនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ១៦៤២ ដែលលោកគឺជាតារាវិទូ អ្នកជំនាញរូបវិទ្យា វិស្វករ ទស្សនវិទូ និងគណិតវិទូ។ គាត់ជាមនុស្សម្នាក់ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងបដិវត្តន៍វិទ្យាសាស្រ្តប្រចាំសត្សវត្សទី ១៧។ គាត់ត្រូវបានគេហៅថាជា “បិតា អង្កេតខាងតារាវិទ្យា” “បិតារូបវិទ្យាសម័យទំនើប” និង “បិតាខាងវិទ្យាសាស្រ្ត” ទៀតផង។ លោក Galileo Galilei ជាអ្នកបង្កើតកែវយឺត ដែលអាចឲ្យមនុស្សមើលឃើញអាថ៌កំបាំងលើលំហរអាកាសបាន។ ដោយសារតែរបកគំហើញរបស់លោក ទើប NASA អាចដំណើរការបានយ៉ាងអស្ចារ្យដូចសព្វថ្ងៃនេះ។ 
៣. លោក Stephen Hawking
Stephen William Hawking គឺជាអ្នកប្រាជ្ញសម័យក្រោយនេះទេ ប៉ុន្តែគាត់ក៏សក្តិសមនៅក្នុងបញ្ជីនេះដែរ ក៏ព្រោះតែគាត់បានបកស្រាយ និងបញ្ជាក់នូវទ្រឹស្តីដែលអ្នកប្រាជ្ញ Einstein បកស្រាយមិនចេញបានយ៉ាងច្រើន។ គួរបញ្ជាក់ផងដែរថា Stephen Hawking បានកើតនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៤២ ដែលលោកគឺជាទ្រឹស្តីវិទូ តារាវិទូ អ្នកនិពន្ធ និងជានាយកស្រាវជ្រាវមជ្ឈមណ្ឌល Theoretical Cosmology ប្រចាំសាកលវិទ្យាល័យ Cambridge ផងដែរ។ លោក Stephen Hawking មានរាងកាយលូតលាស់យឺតពីកំណើត និងមានជំងឺក្រិនប្រភេទ amyotrophic lateral sclerosis (ALS) ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាជំងឺទាក់ទងនឹងសរសៃណឺរ៉ូន បណ្តាលឲ្យគាត់ទទួលរងភាពពិការជាច្រើនទស្សវត្សមកហើយ។ 
២. លោក Isaac Newton
Sir Isaac Newton បានកើតនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៦៤២ និងបានទទួលមរណៈភាពនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៧២៦។ លោកគឺជារូបវិទូ និងគណិតវិទូ ជនជាតិអង់គ្លេស ដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ថាជាអ្នកប្រាជ្ញខាងវិទ្យាសាស្រ្ត ដ៏មានឥទ្ធិពលបំផុត និងជាឥស្សរជនសំខាន់នៅក្នុងបដិវត្តន៍វិទ្យាសាស្រ្ត។ គាត់គឺជា បុរសម្នាក់ដែលផ្តល់មូលដ្ឋាន នៃទ្រឹស្តីរូបវិទ្យា សម្រាប់ប្រើប្រាស់ និងអនុវត្តន៍ក្នុងការពិសោធន៍សព្វថ្ងៃនេះ។ ជាងនេះទៅទៀត គឺច្បាប់ចលនា និងច្បាប់ទំនាញផែនដី។ 
១. លោក Albert Einstein
Albert Einstein បានកើតនៅថ្ងៃទី ១៤ ខែមិនា ឆ្នាំ ១៨៧៩ និងទទួលអនិច្ចកម្មនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩៥៥ ។ រូបលោកគឺជា រូបវិទូខាងទ្រឹស្តី ជនជាតិអាល្លឺម៉ង់។ បើនិយាយពីវិទ្យសាស្រ្ត លោកគឺជាមនុស្សនាំមុខគេ និងមានបញ្ញាឆ្លាតខ្ពស់ជាងគេ។ គេបាននិយាយថា ខួរក្បាលរបស់លោក Albert Einstein ធ្វើការលើសខួរក្បាលមនុស្សធម្មតា ៤ ដងឯណោះ។ អ្នកប្រាជ្ញ Albert Einstein ត្រូវបានគេចាត់ទុកជាអ្នកវិទ្យាសាស្រ្តដ៏ល្បីឈ្មោះ និងមានឥទ្ធិពលបំផុតប្រចាំសត្សវត្សទី ២០ របស់ពិភពលោក៕ 


EmoticonEmoticon