Thursday, January 12, 2017

វិធីដោះស្រាយជាមួយ មនុស្សដែលខ្លួនមិនចូលចិត្ត តាមរបៀបមនុស្សឆ្លាត


វិធីដោះស្រាយជាមួយ មនុស្សដែលខ្លួនមិនចូលចិត្ត តាមរបៀបមនុស្សឆ្លាត

ពិភពលោកដែលល្អឥតខ្ចោះ គឺជាពិភពលោកមួយដែលមានមនុស្សគ្រប់ជាតិសាសន៍ គ្រប់ពណ៌សម្បុរ ចេះទាក់ទងគ្នា និងស្រលាញ់គ្នាទៅវិញទៅមក ដោយគ្មានការស្អប់ ឬច្រណែនអ្វីទាំងអស់។ ប៉ុន្តែជាក់ស្តែងពិភពលោកនេះមិនល្អដល់ថ្នាក់ហ្នឹងទេ ទោះបីជាអ្នកខំប្រឹងចៀសយ៉ាងណាក៏ដោយ ក៏អ្នកប្រាកដជាត្រូវជួបមនុស្សដែលអ្នកមិនចូលចិត្ត មនុស្សដែលពិបាកនឹងអត់ធ្មត់ជាមួយ ជាក់ជាមិនខាន។
ខាងក្រោមនេះគឺជា វិធីសាស្រ្តមួយចំនួន ដែលជារបៀបមនុស្សឆ្លាត ដោះស្រាយជាមួយមនុស្សដែលខ្លួនមិនចូលចិត្ត ៖ 

១. ញញឹម
ស្នាមញញឹម ហាក់ដូចជាការធ្វើលំហាត់ប្រាណ នៅនឹងមាត់យ៉ាងអញ្ចឹង ជាពិសេសវាអាចបង្កើនភាពរីករាយមកកាន់អ្នកបានទៀតផង។ តែត្រូវចាំថា មិនមែនញញឹមតែឯង សប្បាយចិត្តតែឯងនោះទេ គឺត្រូវចេះញញឹមដាក់អ្នកជុំវិញផង។ នៅពេលដែលអ្នកញញឹម អ្នកដទៃប្រាកដជាញញឹមត្រលប់មកវិញដោយស្វ័យប្រវត្តិ ជាក់ជាមិនខាន បើទោះបីជាមនុស្សដែលអ្នកមិនចូលចិត្តក៏ដោយ។ មិនត្រូវភ្លេចញញឹមទេណា! ពីព្រោះពួកគេនឹងញញឹមមកអ្នកវិញ ឬពួកគេអាចនឹងឈប់ខ្វែងគំនិតប្រឆាំងនឹងអ្នកតទៅទៀតក៏ថាបាន។
២. ធ្វើឲ្យគេឈប់និយាយតាមសម្រួល
អ្នកអាចនិយាយប្រាប់ មនុស្សដែលអ្នកមិនចូលចិត្តនោះ ឲ្យបិទមាត់របស់គេបាន ប្រសិនបើអ្នកមិនចង់តាមដាន មិនចង់ស្តាប់។ ប៉ុន្តែ សូមកុំធ្វើបែបនេះឲ្យសោះ ហើយអ្នកក៏មិនចាំបាច់បន្តអង្គុយស្តាប់រឿង ដែលអ្នកមិនចាប់អារម្មណ៍ ឬបញ្ហាដែលមិនទាក់ទងនឹងអ្នកនោះដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែនិយាយបែបធម្មតាៗ សាមញ្ញៗថា អ្នកមិនសូវដឹងអំពីរឿងដែលកំពុងនិយាយនេះទេ ឬក៏គ្រាន់តែប្រាប់ថាអ្នកមិនសូវជាចាប់អារម្មណ៍នឹងរឿងដែលកំពុងនិយាយនោះទេ។ នេះមិនមែនមានន័យថាអ្នកឈ្លើយនោះទេ វាមានន័យថាអ្នក ជាមនុស្សស្មោះត្រង់។
៣. ដើរចេញ
ជាការពិតណាស់ សុំដើរចេញតែម្តងទៅ។ អ្នកមិនចាំបាច់បង្ខំចិត្តអង្គុយទ្រាំ ស្តាប់ពាក្យគ្រោតគ្រាតរបស់ មនុស្សដែលអ្នកមិនចូលចិត្តនោះទេ។ គ្មានហេតុផលអ្វី ដែលអ្នកគួរមកចំណាយពេលវេលា និងកម្លាំង មកឲ្យគេបំពុលខួរក្បាលរបស់អ្នកបែបនេះនោះទេ។ អ្នកមិនមែនជាគល់ឈើទេ ហេតុនេះប្រសិនបើអ្នកមិនចង់នៅស្តាប់រឿងដែលអ្នកមិនចង់ស្តាប់ ចេញពីមនុស្សដែលអ្នកមិនចូលចិត្ត គឺអ្នកគ្រាន់តែនិយាយថា សូមអភ័យទោស ខ្ញុំសុំទៅមុនហើយ រួចដើរចេញចុះ។ អ្នកមិនចាំបាច់ពន្យល់ ឬចាំសុំការអនុញ្ញាតអី្វទេ ព្រោះពួកគេមិនមានអំណាចអ្វីមកលើអ្នកទេ។
៤. ប្រឈមមុខ
ស្តាប់ទៅដូចជាមិនត្រឹមត្រូវ មិនសក្តិសមជាមនុស្សដែលមានបញ្ញាទេ ប៉ុន្តែវាអាស្រ័យទៅលើទង្វើរបស់អ្នកដែរ។ ប្រសិនបើពួកគេនៅតែបន្តប្រព្រឹត្តមិនល្អមកកាន់អ្នកដដែលៗទៀតនោះ អ្នកគួរហៅគេមកនិយាយ ប្រឈមមុខជាមួយគ្នាតែម្តងទៅ។ សួរពួកគេចំៗ ថាពួកគេចង់បានអ្វី? ដឹងរឿងអ្នកដទៃច្រើនម្ល៉េះ? ហេតុអ្វីបានជាចេះតែនិយាយពីគេ? នេះមិនមែនជាឥរិយាបទដែល បង្ហាញភាពក្រអឺតក្រទមនោះទេ ប៉ុន្តែវាជារឿងដែលអ្នកត្រូវតែដឹងទៅវិញទេ។ ជាលទ្ធផល ពួកគេនឹងអាចប្រែជាអន់ចង់ និងអាចឈប់និយាយពីអ្នក ឬឈប់និយាយរកអ្នកតែម្តង (ចឹងក៏កាន់តែល្អ)។ 
៥. រក្សាគម្លាត
ទោះបីជាមានរឿងអ្វី ក៏អ្នកឆ្លាតត្រូវចេះរក្សាគម្លាតពីមនុស្សដែលខ្លួនមិនចូលចិត្ត។ អ្នកគ្រាន់តែនិយាយបែបធម្មតាៗ ហើយដើរចេញទៅ។ អ្នកអាចដូរទៅអង្គុយកន្លែងផ្សេង ឬដើរចេញទៅឲ្យបានឆ្ងាយ ប៉ុន្តែមិនចាំបាច់ដល់ថ្នាក់ដើរចៀស ឬអង្គុយឆ្ងាយរាប់ម៉ែត្រនោះទេ។ ត្រូវមានទស្សនៈ និងការគិតផង ដើម្បីឲ្យអ្នករក្សាការទំនាក់ទំនងជាមួយមនុស្សដែលអ្នកចូលចិត្ត និងមិនចូលចិត្តបានទាំងព្រម ដោយមិនចាំបាច់ព្រួយបារម្ភ។
៦. ដកដង្ហើមវែងៗ
មនុស្សមិនតិចទេ ដែលធ្វើឲ្យអ្នកសឹងតែអត់ធ្មត់មិនបាន ដោយសារតែអត្តចរិតរបស់ពួកគេ។ ហេតុនេះ ប្រសិនបើពួកគេមករំខានអ្នកក្នុងករណីណាមួយថែមទៀតនោះ អ្នកត្រូវត្រៀមរឿងមួយ។ ប្រសិនបើអ្នកនៅស្ងៀម ក្តាប់ដៃរបស់អ្នក រួចប្រើការគិត និងដកដង្ហើមវែងៗម្តងមួយៗ។ ការដកដង្ហើមវែងៗ អាចជួយអ្នកឲ្យថយមួយជំហាន និងការពារអ្នកមិនឲ្យមានប្រតិកម្មហួសហេតុ ជាពិសេស វាបង្ហាញឲ្យអ្នកជុំវិញឃើញថា អ្នកជាមនុស្សដែលមានចិត្តទូលាយ មិនប្រកាន់ច្រើនទៀតផង។
៧. រក្សាជំហរ
មិនថាអ្នកមានអារម្មណ៍យ៉ាងណាទេ នៅពេលដែលអ្នកនិយាយ ឬបញ្ចេញអាកប្បកិរិយាមិនសមរម្យ ឬឈ្លើយដាក់មនុស្សដែលអ្នកមិនចូលចិត្ត ពួកគេប្រាកដជាបញ្ចេញឥរិយាបទគប់បោក និងឈ្លើយដាក់អ្នកវិញជាមិនខាន។ ដោយហេតុនេះហើយ អ្នកត្រូវតែរក្សាភាពយុត្តិធម៌ មិនលំអៀង និងនៅកណ្តាលបញ្ហា។ អ្វីដែលត្រូវធ្វើគឺ រក្សាទឹកមុខធម្មតា គិតរឿងវិជ្ជមាន និងរក្សាជំហររបស់ខ្លួន។ បែបនេះ អ្នកនឹងមិនបន្ទាបបន្ថោកខ្លួនអ្នក ដោយសារសកម្មភាពរបស់ពួកគេនោះទេ។
៨. ចិត្តល្អ
គ្រាន់តែស្តាប់ក៏ដូចជាមានអារម្មណ៍ថា ដូចជាសាហាវបន្តិចហើយទេដឹង។ អ្នកអាចបង្ហាញពីទឹកចិត្តដ៏ល្អបំផុត ចំពោះមនុស្សដែលអ្នកមិនចូលចិត្ត។ អ្នកណាទៅដឹងថាពួកគេ ខឹងក្នុងចិត្តស្ទើរតែឆ្កួតផង ឬក៏ថាមិនត្រូវ ពួកគេអាចនឹងរអៀសខ្លួនទៀតផង។ នេះមិនមែនជាការសងសឹកក៏ពិតមែន ប៉ុន្តែវាក៏ជាវិធីល្អជាង មួយថ្ងៃៗចៀសពីគេ និងឈ្លោះជាមួយគេដែរ ៕ 


EmoticonEmoticon