Thursday, January 12, 2017

ពិតជាមិនដែលដឹងទេថា សំណង់អគារល្បី លំដាប់ពិភពលោកទាំងនេះ មានរូបរាងពិតយ៉ាងនេះសោះ!


ពិតជាមិនដែលដឹងទេថា សំណង់អគារល្បី លំដាប់ពិភពលោកទាំងនេះ មានរូបរាងពិតយ៉ាងនេះសោះ!

កំពូលសំណង់ស្ថាបត្យកម្មជាច្រើន ពាសពេញពិភពលោក ត្រូវបានកសាងឡើង ដើម្បីកូនចៅជំនាន់ក្រោយៗ និងរក្សារូបរាងសេសសល់បាន នៅតែយ៉ាងស្រស់សង្ហារ អស់រយៈពេលរាប់រយឆ្នាំ។ ទន្ទឹមនឹងនោះដែរ ក៏មានសំណង់ស្ថាបត្យកម្មដទៃផ្សេងទៀត បែរជាមានវាសនា បានត្រឹមតែជាគូរលើក្តារ ទុកជាគំរូប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជាបណ្តារូបភាពពិត របស់សំណង់អគារល្បីៗលំដាប់ពិភពលោក ដែលនៅសេសសល់ និងខ្លះទៀតបែរជាត្រូវបានសាងសង់ មិនដូចជាការគ្រោងទុក ៖ 
១. ពីរ៉ាមីត នៃរដ្ឋធានី Giza (ប្រទេស អេហ្ស៊ីប)
The Great Pyramid នៃរដ្ឋធានី Giza គឺជាពីរ៉ាមីតទាំង ៣ របស់រដ្ឋធានី Giza ប្រទេសអេហ្ស៊ីប ដែលមានទំហំធំជាងគេ និងវ័យចំណាស់ជាងគេ។ ពីរ៉ាមីតនេះ ត្រូវបានសាងសង់នៅអំឡុង ឆ្នាំ ២៥៨០ ដល់ ២៥៦០ មុនគ.ស និងមានឈ្មោះពីបុរាណថា “Khufu’s Horizon” ។ ដើមឡើយវាមានកំពស់ ១៤៦.៥ ម៉ែត្រ (សព្វថ្ងៃនេះមានកំពស់ត្រឹមតែ ១៣៨.៨ ម៉ែត្រប៉ុណ្ណោះ) និងបាតក្រោមមានវិមាត្រ ២៣០.៤ ម៉ែត្រ ស្មើនឹង ២,៥៨៣,២៨៣ ម៉ែត្រគូប។
ដំបូងឡើយ ពីរ៉ាមីត នៃប្រទេសអេហ្ស៊ីបទាំងនេះ ត្រូវបានគ្រប់ដណ្តប់ទៅដោយស្រទាប់ឆ្លុះម្យ៉ាង ធ្វើឡើងពីថ្មកំបោរមានសភាពរលោង និងភ្លឺផ្លេក ដែលវាហាក់ដូចជាឆ្លុះបញ្ចាំង ពីភាពអស្ចារ្យរបស់ព្រះចៅផារ៉ាអុង នៅសម័យនោះ។ វាអាចបំបាំងកាយ ប្រាសាទពីរ៉ាមីតបាន ប្រសិនបើអ្នកមើលពី ភ្នំនៅស្រុកមួយរបស់អ៊ីស្រាអែល និងសូម្បីតែមើលពីយានអវកាស។ ជាអកុសល ស្រទាប់ខាងក្រៅនោះត្រូវបានបំផ្លាញ ដោយសារគ្រោះរញ្ជួយដីដ៏ធំមួយក្នុងឆ្នាំ ១៣០១។ 

២. វិហារ Sagrada Família (ប្រទេស អេស្ប៉ាញ)
Sagrada Família (ឈ្មោះពេញរបស់វាគឺ Basílica i Temple Expiatori de la Sagrada Família) គឺជាប្រាសាទ និងជាវិហារសាសនារ៉ូម៉ាំងកាតូលិកមួយដ៏ធំ ស្ថិតក្នុងទីក្រុង Bacelona។ វាត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិអេស្ប៉ាញ Antoni Gaudí (១៨៥២ - ១៩២៦)។ ទោះបីជារូបរាងមិនពេញលេញ ក៏វិហារសាសនានេះ ត្រូវបានចាត់ចូលជា បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ វាមានបណ្តោយប្រវែង ៩០ ម៉ែត្រ និងទទឹង ៦០ ម៉ែត្រ មានកំពូលស្រួចសង់រួចចំនួន ៨ (គម្រោងត្រូវសាងសង់ចំនួន ១៨ កំពូល)។
ការសាងសង់វិហារនេះ ត្រូវបានចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៨៨២។ យោងតាមស្ថាបត្យករ Antoni Gaudí ដែលជាអ្នកបង្កើត លោកបាននិយាយថា ការសាងសង់នេះត្រូវការរយៈពេល ៣ ទៅ ៤ សតវត្សឯណោះ បើយោងតាមបច្ចេកវិទ្យានៅសតវត្សទី ១៩ នោះ។ គម្រោងសាងសង់នេះ ទទួលបានថវិកាពីការរ៉ៃអង្គាសពីសាសនិកកាតូលិក ដែលនេះជាមូលហេតុ នាំឲ្យវិហារនេះប្រើរយៈពេលយូរ។ សព្វថ្ងៃនេះ គេបានបន្តសាងសង់វិហារនេះ និងសន្មតថាបញ្ចប់ក្នុងឆ្នាំ ២០២៦។ 
៣. សាល Colosseum (ប្រទេស អ៊ីតាលី)
Colosseum (ឬត្រូវបានគេស្គាល់ថា Flavian Amphitheatre) គឺជាសាលដ៏ធំមួយ មានរាងដូចពងក្រពើ នៅចំកណ្តាលទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ វាត្រូវបានសាងសង់ឡើង ដោយបេតុង និងខ្សាច់ និងជាសាលដែលធំជាងគេបង្អស់ មិនធ្លាប់មានពីមុនមក។ ការសាងសង់បានចាប់ផ្តើមឡើង នៅក្នុងរជ្ជកាលអធិរាជ Vespasian ឆ្នាំ ៧២ មុនគ.ស និងបានសាងសង់រួចរាល់ក្នុងឆ្នាំ ៨០ មុនគ.ស ក្នុងរជ្ជកាលស្តេច Titus ។ សាលនេះ ក៏ត្រូវបានកែប្រែបន្ថែមទៀតដែរ ក្នុងរជ្ជកាល Domitian (៨១-៩៦ មុនគ.ស)។
ក្រោយពីការសាងសង់រួចជាង រាប់រយឆ្នាំរួចមក ស្នាដៃស្ថាបត្យកម្មដ៏ល្បីអស្ចារ្យមួយនេះ នៅសេសសល់មិនច្រើនប៉ុន្មាន ពីរូបរាងដើមរបស់វាឡើយ។ នៅអំឡុងពាក់កណ្តាលសតវត្សទី ១៤ មានគ្រោះធម្មជាតិរញ្ជួយដី ដ៏ខ្លាំងក្លាមួយ ក្នុងទីក្រុងរ៉ូម ដែលបណ្តាលឲ្យដួលរលំបាក់បែកអស់មួយផ្នែកធំ ជាពិសេស ផ្នែកទិសខាងត្បូង។ ប៉ុន្តែ ទោះបីជាមានគ្រោះអកុសលទាំងនេះក៏ដោយ ក៏សាល Colosseum នៅតែជាស្នាដៃស្ថាបត្យកម្ម ដ៏អស្ចារ្យមួយ របស់ពិភពលោក។ 
៤. អាគារ India Tower (ប្រទេស ឥណ្ឌា)
India Tower (ត្រូវបានគេស្គាល់ថា Park Hyatt Tower ឬ Dynamix Balwas Tower ឬ DB Tower) គឺជាគម្រោងអាគារ ដែលស្នើឡើងដំបូងដោយក្រុមហ៊ុនអចលនទ្រព្យ Dynamix Balwas Group ក្នុងឆ្នាំ ២០០៨។ នៅក្នុងសំណើរនោះ អាគារនេះមាន ៨៥ ជាន់ និងកំពស់ ៣០១.១ ម៉ែត្រ (ជាក់ស្តែង ជាអាគារដែលមាន ១២៦ ជាន់ ត្រូវនឹងកំពស់ ៧១៨ ម៉ែត្រ)។ អាគាំរនេះ ត្រូវបានគេមើលឃើញថា ជាអាគារខ្ពស់ជាងគេទី ២ នៅលើពិភពលោក បន្ទាប់ពីអាគារ Burj Khalifa នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ សូម្បីតែលោក Georgio Armani ដែលជាអ្នកច្នៃម៉ូតម៉ាកល្បី ARMANI ក៏ជាអ្នករចនាតុបតែង ផ្នែកខាងក្នុងអាគារផងដែរ។
India Tower គឺនឹងត្រូវក្លាយជា អាគារដ៏ខ្ពស់សន្លឹមតែមួយគត់ ដែលត្រូវកសាងក្នុងទីក្រុងបុមបៃនោះ។ អាគារនេះក៏ត្រូវបាន គេសន្មតទុកថានឹងបញ្ចប់នៅក្នុងឆ្នាំ ២០១៦ ប៉ុន្តែផ្ទុយទៅវិញ ការសាងសង់អាគារនេះ ត្រូវបានផ្អាក នៅក្នុងឆ្នាំ ២០១១ ដោយសារតែមានជម្លោះរវាងអ្នកអភិវឌ្ឍន៍អាគារ និងអាជ្ញាធររបស់ប្រជាពលរដ្ឋទីក្រុងបុមបៃ។ បន្ទាប់មក គម្រោងសាងសង់អាគារនេះ ត្រូវបានលុបចោលជាអចិន្រ្តៃយ៍ នៅថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៦។ 
៥. វិមាន Parthenon (ប្រទេស ក្រិច)
វិមាន Parthenon គឺធ្លាប់ជាប្រសាទមួយ នៅលើតំបន់ Athenian Acropolis ប្រទេស ក្រិច ដែលកសាងឡើងដើម្បីឧទ្ទិសដល់ព្រះ Athena ដែលប្រជាជននៃទីក្រុង Athens បានចាត់ទុកថាជាអធិរាជរបស់ពួកគេ។ វិមាននេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ៤៤៧ មុនគ.ស និងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ ៤៣២ មុនគ.ស។ កំពស់របស់វាគឺ ១៣.៧២ ម៉ែត្រ និងមានបណ្តោយ ៦៩.៥ ម៉ែត្រ ជាមួយទទឹង ៣០.៩ ម៉ែត្រ។
វិមាន Parthenon គឺជាសំណង់ដែលមានភាពល្បីល្បាញខ្លាំង តាំងពីសម័យបុរាណ។ ជាពិសេស វាមានប្រវត្តិ ស្មុគ្រស្មាញច្រើន។ ក្នុងរយៈពេលរាប់រយឆ្នាំមកនេះ វិមាន Parthenon ត្រូវបានរងគ្រោះជាច្រើនលើកច្រើនសារ ដោយសារសង្រ្គាមសងសឹកពីពួកល្មោភអំណាច (ពួកផ្តាច់ការ) ការវាយប្រហារពីយោធា បាញ់ដោយកាំភ្លើង និងភ្លើងឆេះ ជាដើមទៀតផង។ ប៉ុន្តែ ទោះជាយ៉ាងណា វាក៏នៅតែជាប្រាសាទបុរាណ ដែលមានភាពល្បីល្បាញសុសសាយដែរ។ 
៦. អាគារ Burj Al Alam (ប្រទេស អារ៉ាប់រួម)
Burj Al Alam (មានន័យជាភាសាអង់គ្លេសថា “World Tower”) គឺជាគម្រោងអាគារ ១០៨ ជាន់ មានកំពស់ ៥១០ ម៉ែត្រ និងត្រូវក្លាយជាអាគារខ្ពស់កប់ពពក ក្នុងតំបន់ពាណិជ្ជកម្មឈូងសមុទ្រ ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ ជាក់ស្តែង ដើមឡើយអាគារនវ មានគម្រោងសាងសង់តែ ១០១ ជាន់ ដែលត្រូវបានគេហៅថា “Fortune 101” និងគ្រោងកំណត់ថាជាតំបន់ Dubai Marina ។
អាគារនេះ ត្រូវបានគេគ្រោងសាងសង់រូបរាងវា ឲ្យដូចជាផ្កាគ្រីស្តាល់យ៉ាងអញ្ចឹង។ ជាក់ស្តែងអាគារ Burj Al Alam នេះ ត្រូវបានគេសន្មតថានឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០០៩ ប៉ុន្តែ កាលនោះដោយសារតែមានវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកល ទើបដំណើរការសាងសង់ត្រូវបានផ្អាក បន្ទាប់មកត្រូវបានបោះបង់ចោល ឈប់បន្តសាងសង់នៅឆ្នាំ ២០១៣ តែម្តង។ វានឹងត្រូវក្លាយជាអាគារមួយ ក្នុងចំណោមអាគារខ្ពស់ជាងគេរបស់ពិភពលោក ប្រសិនបើការសាងសង់បញ្ចប់ដោយជោគជ័យ។ 
៧. Unity Tower (ប្រទេស ប៉ូឡូញ)
Unity Tower (សាធារណជនច្រើនស្គាល់ថាអាគារ Skeletor) គឺជាអាគារដ៏ខ្ពស់មួយ មានកំពស់ ១០២.៥ ម៉ែត្រ ដែលមិនទាន់បញ្ចប់ការសាងសង់បានជោគជ័យនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា អាគារនេះ មានទីតាំងនៅក្នុងទីក្រុង Krakow ប្រទេស ប៉ូឡូញ និងជាអាគារដែលខ្ពស់ជាងគេទី ២ បន្ទាប់ពីអាគារ K1 ប្រចាំប្រទេសប៉ូឡូញ។
ជាក់ស្តែង កាលដើមឡើយ អាគារ Unity Tower នេះត្រូវបានគេមានគម្រោងសាងសង់ជាអាគារការិយាល័យ សម្រាប់សមាគមវិស្វកម្មជនជាតិប៉ូឡូញ Polish Engineering Association ។ ការសាងសង់នេះ ត្រូវបានចាប់ផ្តើមនៅឆ្នាំ ១៩៧៥ ប៉ុន្តែ ដោយសារតែបញ្ហាសេដ្ឋកិច្ច និងចលាចលផ្នែកនយោបាយ ទើបគម្រោងនេះត្រូវបានផ្អាករហូតដល់ទៅ រយៈពេល ៦ ឆ្នាំ។ ការជួសជុលសាងសង់បន្ត កំពុងតែត្រូវបានគេពិចារណានៅឡើយ៕ 


EmoticonEmoticon