Friday, January 13, 2017

ពិតទេ? ពេលមនុស្សឆក់ខ្សែភ្លើង តម្រូវឲ្យយកទៅកប់ក្នុងភក់ ឬដីខ្សាច់នោះ?


ពិតទេ? ពេលមនុស្សឆក់ខ្សែភ្លើង តម្រូវឲ្យយកទៅកប់ក្នុងភក់ ឬដីខ្សាច់នោះ?

ភ្នំពេញ៖ បងប្អូនខ្មែរយើងមួយចំនួនធំ ច្បាស់ជាចង់ដឹងជាក់ជាមិនខាន ទាក់ទងនឹងករណីមនុស្សឆក់ខ្សែភ្លើង ដែលត្រូវបានគេយកជនរងគ្រោះទៅត្រាំ ឬកប់នៅក្នុងភក់ ដោយមិនគិតរកនូវវិធីសាស្រ្តផ្សេងៗទៀត ដើម្បីជួយសង្គ្រោះអាយុជីវិត របស់ជនរងគ្រោះនោះឡើយ។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារ Khmerload យើង ក៏បានធ្វើការសម្ភាសន៍សាកសួរនូវព័ត៌មានខ្លះៗ ជាមួយនឹងនិស្សិតពេទ្យខ្មែរយើងមួយចំនួន ទាក់ទងទៅនឹងករណីជនរងគ្រោះឆក់ខ្សែភ្លើងនេះផងដែរ ថាតើគួរណាស់ត្រូវមានការសង្គ្រោះបែបវេជ្ជសាស្រ្ត ឬយ៉ាងណា? ខណៈកន្លងមកប្រជាជនខ្មែរយើងភាគច្រើន នៅតែបន្តប្រើវិធីសាស្រ្តបែបនេះតៗគ្នា ដោយយកជនរងគ្រោះ ទៅកប់នៅក្នុងភក់ ឬនៅក្នុងដីខ្សាច់ជាដើម។

រូបភាពតំណាង
ជួបជាមួយនឹងកញ្ញា លក្ខិណា អាយុ២៣ឆ្នាំ ជានិស្សិតពេទ្យមួយរូបនៃ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម ឯកទេសជំនាញផ្នែក វេជ្ជបណ្ឌិត (Doctor) បានរៀបរាប់យ៉ាងក្បោះក្បាយ មកកាន់ក្រុមការងារ Khmerload ឲ្យដឹងដែរថា «តាមតែខ្ញុំធ្លាប់បានសិក្សាខ្លះ និងដឹងតាមរយៈការសាកសួរខ្លះៗ ពីសំណាក់គ្រូៗមួយចំនួន ចំពោះករណីមនុស្សឆក់ខ្សែភ្លើង យកទៅកប់ភក់នេះ បើតាមទ្រឹស្តីពេទ្យ ឬផ្នែកវេជ្ជសាស្រ្ត គឺគេមិនតម្រូវឲ្យយកជនរងគ្រោះ ទៅកប់ក្នុងភក់ ឬក្នុងដីខ្សាច់នោះឡើយ។ ផ្ទុយទៅវិញ បើជនរងគ្រោះឈានដល់ករណីធ្ងន់ធ្ងរ ក៏មិនអាចជួយសង្គ្រោះបានដែរ មិនថាតែផ្នែកវេជ្ជសាស្រ្ត ឬយកទៅកប់ក្នុងភក់នោះឡើយ។ ប៉ុន្តែសម្រាប់ករណី ជនរងគ្រោះឆក់ខ្សែភ្លើង ក្នុងកម្រិតមួយខ្សោយ ត្រឹមតែសន្លប់មិនឈានទៅដល់ការស្លាប់នោះ ពោលដំបូងឡើយ គឺគេតម្រូវឲ្យធ្វើការសង្គ្រោះបឋមជាមុនសិន ដោយការធ្វើចលនាបេះដូងជាដើម» ។ 
កញ្ញា បន្តថា «ម្យ៉ាងវិញទៀត ជាធម្មតាជនរងគ្រោះ ដែលត្រូវបានឆក់ខ្សែភ្លើង ឬចរន្តអគ្គីសនី គេឃើញថាត្រង់ចំណុចដែលឆក់នោះ តែងឃើញមានស្នាមជាំ ឬអាចឈានដល់ការធ្លុះរលាកសាច់ក៏មានដែរ។ ឧទាហរណ៍៖ ជនរងគ្រោះឆក់ត្រូវដៃរបស់គាត់ ដូច្នេះត្រង់ចំណុចនេះ សកម្មភាពសង្គ្រោះបឋមជាបន្ត គឺគេអាចយកទឹកត្រជាក់ល្មម ឬទឹកក្តៅឧណ្ហៗ មកចាក់ពីលើដៃត្រង់ចំណុចស្នាមជាប់ ឬអាចយកដៃជនរងគ្រោះទៅត្រាំក្នុងទឹកនោះក៏បានផងដែរ ប៉ុន្តែចៀសវាងការប្រើប្រាស់ទឹកកក។ ធ្វើបែបនេះដោយទុករយៈពេល ១០ទៅ១៥នាទី ដោយផ្អែកទៅតាមស្ថានភាពរបស់ជនរងគ្រោះ។ ប៉ុន្តែក៏ត្រូវធានាឲ្យបានផងដែរថា ទឹកនោះត្រូវតែស្អាត ដើម្បីការពារកុំឲ្យឆ្លងមេរោគបាក់តេរីផ្សេងៗ ដល់ជនរងគ្រោះ។ រីឯវិធីសាស្រ្តមួយផ្សេងទៀត គឺគេអាចយកគ្រីម (គ្រីមត្រជាក់) មកលាបត្រង់ចំណុចស្នាមជាំនោះ ដើម្បីបញ្ចុះកម្តៅ ឬស្នាមរលាកបានផងដែរ និងចុងក្រោយ គឺត្រូវប្រញាប់បញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យខាងគ្រូពេទ្យធ្វើការស្ទាបស្ទង់ ឬវាស់នូវសម្ពាធឈាម និងចលនាបេះដូងរបស់ជនរងគ្រោះ តាមផ្នែកវេជ្ជសាស្រ្តផ្សេងៗទៀតផងដែរ»
រូបភាព៖ កញ្ញា លក្ខិណា
កញ្ញា លក្ខិណា បានឲ្យដឹងបន្ថែមទៀតថា «ដោយឡែកទាក់ទងនឹងករណី យកជនរងគ្រោះឆក់ខ្សែភ្លើង ទៅកប់ក្នុងភក់នេះវិញ គឺគ្រាន់តែជាវិធីសាស្រ្តអនុវត្តធ្វើ តៗគ្នាតែប៉ុណ្ណោះ ឬអាចនិយាយបានថា គ្រាន់តែជាជំនឿមួយ របស់ចាស់ៗពីដើមយើងតែប៉ុណ្ណោះ បន្ទាប់ពីពួកគាត់មើលឃើញថា ការអនុវត្តឬធ្វើបែបនេះ គឺវាអាចមានប្រសិទ្ធភាព ដែលអាចធ្វើឲ្យជនរងគ្រោះ អាចរួចផុតពីសេចក្តីស្លាប់បានផងដែរ។ ខណៈតាមរយៈទ្រស្តីពេទ្យ ដូចជាគ្មានភស្តុតាងបង្ហាញប្រាប់ ឲ្យអនុវត្តសកម្មភាពបែបនេះនោះទេ» ។
មិនខុសគ្នាប៉ុន្មានពី កញ្ញា លក្ខិណា ដែលបានលើកឡើងខាងលើនេះឡើយ។ ដោយឡែក កញ្ញា លីលី ជានិស្សិតពេទ្យផ្នែកទីពិសោធន៍ (Laboratory) នៃសាកលវិទ្យាល័យអន្តរជាតិ IU បានប្រាប់មកកាន់ក្រុមការងារ ខ្មែរឡូតយើងឲ្យដឹងដែរថា «សម្រាប់ខ្ញុំចំពោះករណីនេះ វាមិនសូវសង្កត់ធ្ងន់លើមុខ ជំនាញឯកទេសរបស់ខ្ញុំនោះទេ។ ប៉ុន្តែឆ្លងតាមការយល់ដឹង និងធ្លាប់បានសិក្សាស្វែងយល់ខ្លះៗកន្លងមក គ្រាន់តែដឹងថា ជាធម្មតា ឈាមតែងរត់ចូលទៅក្នុងបេះដូង ដូច្នេះចំពោះករណីពេលដែលជនរងគ្រោះឆក់ខ្សែភ្លើង គឺវាធ្វើឲ្យចន្តរឈាម នៅក្នុងខ្លួនរបស់ជនរងគ្រោះ ត្រូវបានបង្អាក់ ឬកាត់ផ្តាច់ មិនអាចឲ្យឈាមរត់ចូលទៅកាន់បេះដូងបានឡើយ ជាមូលហេតុអាចធ្វើឲ្យបេះដូង របស់ជនរងគ្រោះ គាំងស្លាប់បានភ្លាមៗតែម្តង ដូច្នេះប្រសិនបើយើង យកជនរងគ្រោះទៅកប់ នៅក្នុងភក់ឬដីខ្សាច់ទៀតនោះ វានឹងកាន់តែធ្វើឲ្យជនរងគ្រោះ ពិបាកក្នុងការដកដង្ហើមជាក់ជាមិនខាន។ ព្រោះជាទូទៅ មនុស្សយើងគឺពិតជាមិនអាចទ្រាំទ្រ ជាមួយនឹងសម្ពាធទាំងអស់នេះបាននោះឡើយ មិនថានៅក្នុងទឹក ឬយកទៅកប់នៅក្នុងភក់នោះឡើយ។ ពោល យើងនឹងមានអារម្មណ៍ថា ហប់ៗ ថប់ៗ ពិបាកក្នុងការដកដង្ហើមជាក់មិនខាន» 
កញ្ញា លីលី បន្តថា «ចំពោះករណីសង្គ្រោះបឋម គឺដំបូងឡើយគេត្រូវលើកជនរងគ្រោះ ដាក់ដេកឲ្យត្រង់ខ្លួន រួចប្រើដៃសង្កត់ធ្វើចលនាបេះដូងឲ្យជនរងគ្រោះ និងបន្ទាប់មកត្រូវបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យឲ្យបានឆាប់រហ័សជាទីបំផុត» ។
រូបភាព៖ កញ្ញា លីលី
សព្វថ្ងៃជានិស្សិតពេទ្យស្រីវ័យ ២២ឆ្នាំមួយរូប នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ឯកទេសផ្នែក គិលានុបដ្ឋាយិកា កញ្ញា ប៉ុល ស្រីនិច ក៏បានជម្រាបមកកាន់ក្រុមការងារ Khmerload យើង ឲ្យដឹងដែរថា «ទាក់ទងទៅនឹងករណីពេលមនុស្សឆក់ខ្សែភ្លើង ខណៈមនុស្សមួយចំនួនតែងនាំគ្នា អនុវត្តវិធីសាស្រ្ត យកជនរងគ្រោះទៅកប់នៅក្នុងភក់ ឬដីខ្សាច់នេះ បើតាមតែខ្ញុំធ្លាប់បានដឹង និងធ្លាប់បានសិក្សាខ្លះៗកន្លងមក ប៉ុន្តែមិនបានស៊ីជម្រៅប៉ុន្មាននោះឡើយ គ្រាន់តែដឹងថា នៅក្នុងដីគឺវាមានជាតិម៉ាស (ឬធាតុត្រជាក់) ដែលមានសមត្ថភាពខ្ពស់ អាចបឺតយកថាមពល (ឬធាតុកម្តៅ) ចេញពីខ្លួនមនុស្សបាន ជាហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំផ្សេងៗ ក្នុងរាងកាយរបស់ជនរងគ្រោះចុះត្រជាក់។ ព្រោះធម្មតាកាលណាឆក់ខ្សែភ្លើងចឹង គឺប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនរបស់ជនរងគ្រោះ គឺក្តៅ ហើយក៏ជាមូលហេតុអាចធ្វើឲ្យជនរងគ្រោះ ងាយនឹងស្លាប់បានក្នុងពេល មួយពព្រិចភ្នែកបានផងដែរ។ មិនខុសគ្នាប៉ុន្មានទៅនឹងករណី ពេលភ្លើងឆេះផ្ទះ គេឲ្យយកភួយទៅជ្រលក់ទឹក រួចយកមកដណ្តប់លើខ្លួនជនរងគ្រោះ។ ប៉ុន្តែយ៉ាងណាមិញ ចំពោះករណីធ្ងន់ធ្ងរខ្លាំង ពោលជនរងគ្រោះឆក់ខ្សែភ្លើង ក្នុងដំណាក់កាលខ្លាំង ស្ទើរតែគ្មានដង្ហើមទៅហើយនោះ ការអនុវត្តនូវសកម្មភាពបែបនេះ (យកជនរងគ្រោះទៅកប់ភក់) ឬសូម្បីតែវិធីសាស្រ្តបែបវេជ្ជសាស្រ្ត ក៏សឹងតែមិនអាចជួយបានផងដែរ» 
រូបភាព៖ កញ្ញា ប៉ុល ស្រីនិច
អនាគតអ្នកគ្រូពេទ្យវ័យក្មេងរូបនេះ បន្តទៀតថា «...ដោយឡែកបើតាមទ្រឹស្តីពេទ្យវិញ គឺគេមិនតម្រូវឲ្យធ្វើបែបនេះឡើយ។ ពោលគឺគេតម្រូវ ឲ្យមានការសង្គ្រោះបឋមផ្សេងៗជាមុនសិន ដូចជាការធ្វើចលនាបេះដូងជាដើម សឹមបញ្ជូនទៅមន្ទីរពេទ្យជាបន្ត។ យ៉ាងណាមិញ ចំពោះករណីនេះដែរ ការធ្វើបែបនេះគឺវាអាចត្រូវ ៥០ភាគរយដែរ ព្រោះថាវាក៏ជាផ្នែកមួយដែលអាចជួយឲ្យជនរងគ្រោះ គេចផុតពីគ្រោះថ្នាក់បានផងដែរ ដូចកាលដែលខ្ញុំបានរៀបរាប់ខាងលើនេះអ៊ីចឹង។ យ៉ាងណាមិញ ការរៀបរាប់នេះដែរ គ្រាន់តែជាចំណេះដឹងមួយ ដែលរូបខ្ញុំធ្លាប់បានដឹង និងធ្លាប់បានសិក្សាខ្លះៗតែប៉ុណ្ណោះ ព្រោះបើតាមជំនាញឯកទេសរបស់ខ្ញុំផ្ទាល់ គឺខ្ញុំសិក្សាផ្នែកគិលានុបដ្ឋាយិកា មួយរូបតែប៉ុណ្ណោះ។ ដូច្នេះប្រសិនបើមានករណីខុសឆ្គងណាមួយ ឬការរៀបរាប់មិនបានក្បោះក្បាយយ៉ាងណាក្តី ក៏សូមធ្វើការអធ្យាស្រ័យទុកជាមុនផងដែរ» ៕
រូបភាពតំណាង
យ៉ាងណាមិញ ការរៀបរាប់ខាងលើ គ្រាន់តែការចែករំលែកនូវចំណេះដឹង និងការយល់ឃើញពីសំណាក់និស្សិតពេទ្យខ្មែរយើង មួយចំនួនតូចតែប៉ុណ្ណោះ។ ដើម្បីជាការស្វែងយល់បន្ថែម ប្រិយមិត្តក៏អាចធ្វើការសាកសួរ ជាមួយនឹងក្រុមគ្រូពេទ្យដែលមានជំនាញឯកទេសច្បាស់លាស់បន្ថែម ដើម្បីទទួលបានគន្លឹះល្អៗ ជាស្នូលនិងជាជំនួយនូវការយល់ដឹងបន្ថែមទៀតផងដែរ។ ហើយនេះក៏ជាសារមួយសម្រាប់បងប្អូនខ្មែរយើង គប្បីត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងកើតមានគ្រោះថ្នាក់ អកុសលណាមួយកើតឡើងជាយថាហេតុផងដែរ៕
ចុះសម្រាប់ប្រិយមិត្តវិញ មានមតិយោលបល់យល់ឃើញយ៉ាងណាដែរ ទាក់ទងជាមួយនឹងករណីខាងលើនេះ? 
រូបភាពតំណាង


EmoticonEmoticon