Thursday, January 12, 2017

ស្ដាប់បទពិសោធន៍អ្នកពត់ធ្មេញ ទើបដឹងថា មិនងាយស្រួល


ស្ដាប់បទពិសោធន៍អ្នកពត់ធ្មេញ ទើបដឹងថា មិនងាយស្រួល

សម័យនេះទៅហើយ អ្នកណាដែលថាមិនចង់ស្អាត មិនចង់សង្ហានោះ។ មិនថាក្មេង មិនថាចាស់ ឬជាប្រុស ឬក៏ស្រីនោះទេ ពួកគេម្នាក់ៗតែងតែរៀបចំតុបតែងខ្លួន ឡូយឆាយ ឲ្យសមសួន ទៅតាមសម័យទំនើបយើងនេះ។
ទន្ទឹមនឹងនោះដែរ សុខភាពមាត់ធ្មេញ ក៏ជារឿងសំខាន់មួយដែរ ពីព្រោះតែគ្មានអ្នកណាម្នាក់ចង់ស្លៀកពាក់ រៀបចំខ្លួនស្អាតបាតហើយបែរជា ញញឹមមកចេញធ្មេញលយមុខលយក្រោយ មិនស្មើគ្នានោះទេ។ ដោយសារតែចង់បានសុខភាពមាត់ធ្មេញល្អ ក៏ដូចជាដើម្បីសម្រស់កាន់តែស្រស់ស្អាត មនុស្សយើងសព្វថ្ងៃនេះភាគច្រើន ជាពិសេសគឺយុវវ័យតែម្តង បានសម្រេចចិត្តទៅព្យាបាល សោភ័ណ្ឌភាពធ្មេញដោយទៅទទួល “ការពត់តម្រង់ធ្មេញ” ពីទន្តបណ្ឌិតជំនាញ។
ជាការពិតណាស់ ការពត់ធ្មេញនេះ សព្វថ្ងៃបានក្លាយជាការពេញនិយមមួយ យ៉ាងខ្លាំងក្លាពីសំណាក់ជនជាតិខ្មែរយើង។ ដោយហេតុនេះហើយ ទើបក្រុមការងារ Khmerload ក៏បានធ្វើការសាកសួរមតិរបស់អ្នកពត់ធ្មេញ ដើម្បីចង់ដឹងអំពីបទពិសោធន៍ និងបញ្ហាកៀបធ្មេញ ដែលបានជួបប្រទះ។ ជាពិសេស យើងនឹងសាកសួរនិស្សិតសិក្សាខាងផ្នែក ទន្តសាស្រ្ត មកបញ្ជាក់ផងដែរ ថាតើវាអាចនឹងផ្តល់ផលប៉ះពាល់អ្វី ឬក៏អត់។ 

រូបភាព ៖ កញ្ញា វល័ក្ខ
មកជួបជាមួយកញ្ញាញញឹមស្រស់ ជានិស្សិតម្នាក់ឈ្មោះ “វល័ក្ខ” បានរៀបរាប់ពី បញ្ហាជុំវិញការពត់តម្រង់ធ្មេញរបស់កញ្ញាថា ៖ “ខ្ញុំដាក់រយៈពេល ២ ឆ្នាំមកហើយ ខែក្រោយនេះខ្ញុំនឹងត្រូវទៅដោះវាចេញហើយ។ ប៉ុន្តែ ជាក់ស្តែង ខ្ញុំត្រូវបន្តពាក់ដែកប្រភេទផ្សេងមួយទៀត ប្រហែលជាកន្លះឆ្នាំអីទៀត តែវាអាចដោះចេញ ដាក់ចូលបាន។ ឧទាហរណ៍ ដូចជាពេលញ៉ាំអីចឹង យើងអាចដោះវាចេញបាន ដើម្បីឲ្យស្រួលញ៉ាំ។ រយៈពេល ២ ឆ្នាំនេះ ពិបាកច្រើន ដូចជាពេលដែលយើងដាក់ដំបូង ធ្មេញរបស់យើងដូចជាអង្គើរយ៉ាងអញ្ចឹង នៅមិនសុខទេ ដូចជាឈឹធ្មេញចឹង រហូតពេលខ្លះឈឹដល់ថ្នាក់ក្តៅខ្លួន។ មួយវិញទៀត ញ៉ាំអីក៏មិនកើត ទំពារក៏មិនកើត ពេលខ្លះសូម្បីតែនិយាយក៏មិនចង់កើតផង។ ពិបាកមួយទៀតគឺ រាល់មួយខែ ឬរាល់ ៦ អាទិត្យត្រូវ ទៅណាត់ជួបពេទ្យ ដូរដែក និងដូរពណ៌ម្តងជាប្រចាំ។ ពេលខ្លះចន្លោះធ្មេញរបស់យើងចំហ ពេលខ្លះវាក៏រួម ហើយធ្មេញហ្នឹងគឺដូចដើមចឹង ហេតុនេះបានចេះតែរង្គើរ។ ជួនកាល កំពុងតែដុសធ្មេញចឹង រង្គើរៗដូចមានអារម្មណ៍ថា ធ្មេញយើងបាក់ទៀតផង។ ពេលញ៉ាំបាយក៏ញ៉ាំបានតិចៗដែរ តែយូរៗទៅទម្លាប់ក៏ញ៉ាំបានច្រើនវិញហើយ ទាស់ត្រង់ថា ពេលខ្លះធ្មេញ ២ ខាងមុខ ធ្មេញកណ្តុរហ្នឹងវាចំហរ ចឹងពេលញ៉ាំអីប្រើធ្មេញមុខមិនកើតទេ ទាល់តែប្រើធ្មេញថ្គាម។ រហូតមានពេលមួយនោះ ធ្លាប់ស្លាក់មីសួរទៀតផង។ ពិបាកមួយទៀត គឺមិនមែនរឿងញ៉ាំទៀតទេ គឺយើងខ្ជិលដុសធ្មេញ ដូចថា ពេលដុសចឹង វាជាប់ធ្មេញរញ៉េរញ៉ៃ។ ហើយខ្ជិលដុសចឹង ក៏ខ្ជិលញ៉ាំ ចឹងដែរទៅ។ សម្រាប់ពេលដុសធ្មេញ យើងប្រើច្រាសដូចគេធម្មតាហើយ នៅមានថែមកូនច្រាសតូចៗដុសថែមទៀត ពីព្រោះយើងត្រូវដុសសម្អាតវាឲ្យអស់គ្រប់កន្លែង ពីព្រោះខ្លាចខូចធ្មេញ ពេលធ្មេញយើងដោះដែកចេញ។”
រូបភាព ៖ ច្រាសដុសធ្មេញតូចៗ សម្រាប់អ្នកដែលពត់ធ្មេញ
នៅពេលដែលក្រុមការងារយើងសាកសួរថាតើ ខ្លាចប៉ះពាល់ ដូចពាក្យចចាមអារ៉ាមមួយចំនួន ឬក៏អត់នោះ កញ្ញាក៏បានលើកឡើងថា ៖ “អ្នកខ្លះក៏គេថាអាចធ្វើឲ្យខូចធ្មេញវិញ ដោយសារតែបញ្ហាអញ្ចាញអីជាដើម ប៉ុន្តែក្នុងរាល់រយៈពេលមួយខែ ឬ ៦ អាទិត្យ ដែលយើងទៅដូរម្តងហ្នឹង គឺគេពិនិត្យមើលយើងរួចទៅហើយ។ ហើយពេលដាក់បាន ២ ទៅ ៣ ខែ បានទៅជួបពេទ្យ ២ ទៅ ៣ ដងនោះ ក៏គេចាប់ផ្តើមថតធ្មេញយើង ថាតើប្រែប្រួលខុសពីមុនយ៉ាងណា ហើយប្រៀបធៀបធ្មេញ និងសិក្សាពីធ្មេញចាស់ ជាមួយនឹងធ្មេញឥលូវរបស់យើង។ ហើយមួយទៀត ដោយសារតែពិបាកសម្អាតចឹង ពេលយើងទៅជួបពេទ្យ គេនឹង clean ឲ្យយើង ដោយមិនគិតលុយទេ។ នេះគឺមានន័យថា គេតាមដាន យកចិត្តទុកដាក់ជានិច្ច។”
ក្រុមការងារយើងក៏បានមកជួបជាមួយ និស្សិតខាងផ្នែកទន្តសាស្ត្រ ឆ្នាំទី ៤ ម្នាក់ ដែលមានឈ្មោះ “លីឡាយ” មកជួយផ្តល់ការយល់ដឹងបន្ថែម។ កញ្ញា បានរៀបរាប់ថា ៖ “មនុស្សយើង ធ្វើការពត់តម្រង់ធ្មេញ ដោយសារករណីច្រើន គឺដូចជាធ្មេញដែលដើរមិនត្រង់ជួរ មិនត្រូវកំណាំធ្មេញគ្នា ធ្មេញមិនស្មើ ធ្មេញជំពើស និយាយរួមគឺធ្មេញនោះ abnormal ។ យើងមិនអាចសន្មត់ពី រយៈពេលនៃការពត់ធ្មេញនោះបានទេ ពីព្រោះតែធ្មេញ របស់មនុស្សម្នាក់ៗ គឺខុសគ្នា ហេតុនេះយើងត្រូវ check មើល តាម case របស់ធ្មេញជាមុនសិន។ ធ្មេញខ្លះដាក់តែកន្លះឆ្នាំ មួយឆ្នាំ រហូតអាចដាក់ដល់ទៅ ២ ឆ្នាំ ឬ ២ ឆ្នាំកន្លះ ឬ ៣ ឆ្នាំក៏មាន។”
កញ្ញាបានបន្តថា ៖ “ធម្មតាទេ ធ្វើអ្វីក៏មានគុណសម្បត្តិ និងគុណវិបត្តិដែរ។ បើនិយាយពីផលប៉ះពាល់ ដែលបានមកពីការពត់តម្រង់ធ្មេញ ក៏វាមានច្រើនដែរ តែយើងម្នាក់ៗគឺពត់ ដើម្បីចង់ស្អាត។ ជាក់ស្តែង ទីមួយគឺ វាអាចប្រឈមនឹងរោគពុកធ្មេញ ពីព្រោះនៅពេលដែលយើងពត់ធ្មេញ យើងញ៉ាំអី អាចធ្វើឲ្យដក់ជាប់ចំណីអាហារ វានាំឲ្យមានការលំបាកក្នុងការសម្អាត។ មួយវិញទៀត គឺអាចបណ្តាលឲ្យមានការឈឺចាប់។ នៅពេលដែលពត់ដំបូង និងពេលដែលដូរលួស (ដូរដែក) គឺសុទ្ធតែបង្កជាការឈឺចាប់។ ជាធម្មតា យើងពត់ធ្មេញ មានន័យថាយើងទាញធ្មេញពីកន្លែងចាស់ មកកន្លែងដែលយើងចង់បាន។ ហេតុនេះ វាអាចបង្កជាការប៉ះទង្គិចទៅលើធ្មេញ។ ពេលខ្លះ ប្រសិនបើគ្រូពេទ្យប្រើកម្លាំងមិនត្រឹមត្រូវ ទាញខ្លាំងពេក ឬប្រញាប់ឲ្យធ្មេញងាកពេក រហូតអាចធ្វើឲ្យប៉ះពាល់ដល់សរសៃ បណ្តាលឲ្យងាប់បណ្តូលធ្មេញទៀតផង។ មួយវិញទៀតគឺ ទាក់ទងជាមួយនឹងបញ្ហារលាក ដោយវាអាចធ្វើឲ្យរលាកអញ្ចាញជាដើម។ សម្រាប់ braces ដែលបិទនៅលើធ្មេញនោះ អាចទាក់ជាមួយនឹងមាត់យើង ធ្វើឲ្យពិបាកនិយាយ និងពិបាកញ៉ាំ។ អ្នកដែលពត់ធ្មេញ គឺតែងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកបញ្ហាប្រឈមទាំងនេះ។ ជាក់ស្តែង ទាំងនេះ មិនមែនជាផលប៉ះពាល់ធំណាស់ណាទេ ប្រសិនបើយើងចេះយកចិត្តទុកដាក់ និងធ្វើការសំអាតបានដិតដល់។ និយាយរួមគឺអាស្រ័យទាំង អ្នកពត់ និងគ្រូពេទ្យ ពីព្រោះវាអាចមានការប៉ះពាល់ដល់ធ្មេញ ប្រសិនបើអ្នកជំងឺ សម្អាតមិនស្អាតដិតដល់ និងគ្រូពេទ្យខ្វះការយល់ដឹង ឬប្រើកម្លាំងមិនត្រឹមត្រូវទាញធ្មេញ។” 
សរុបមក ការកៀបធ្មេញ គឺជារឿងល្អ ពីព្រោះតែវាផ្តល់ភាពស្រស់ស្អាត ដល់មនុស្សយើងម្នាក់ៗ មួយកំរិតទៀត។ ថ្វីត្បិត តែការពត់តម្រង់ធ្មេញនេះ បង្កជាផលប៉ះពាល់ពិបាកច្រើនគួរសម ប៉ុន្តែវាមិនបង្កគ្រោះថ្នាក់ធំដុំអ្វីឡើយ ប្រសិនបើអ្នកពត់ និងគ្រូពេទ្យ រួមគ្នាយកចិត្តទុកដាក់ត្រួតពិនិត្យ និងតាមដានបានដិតដល់។
ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះការពត់ធ្មេញនេះ? 


EmoticonEmoticon