Thursday, January 12, 2017

ជំងឺមិនប្រក្រតីទាំង១០ របស់ទារក ដែលធ្វើឲ្យពិភពលោកទាំងមូល តក់ស្លុតបំផុត!


ជំងឺមិនប្រក្រតីទាំង១០ របស់ទារក ដែលធ្វើឲ្យពិភពលោកទាំងមូល តក់ស្លុតបំផុត!

ទារក គឺជាសារពាង្គកាយមនុស្ស ដែលរីកលូតលាស់ នៅក្នុងស្បូន រយៈពេល ៩ ខែ។ ក្នុងអំឡុងគ្រាដ៏លំបាកនោះ អាណាព្យាបាល ជាពិសេសអ្នកម្តាយគ្រប់រូប តែងសង្ឃឹម និងបន់ស្រន់ សូមឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ រហូតដល់ថ្ងៃប្រសូត្រ។ ដោយមានជំនួយពីបច្ចេកវិទ្យា សញ្ញាណណាមួយដែលមិនមានភាពប្រក្រតី អាចត្រូវបានរកឃើញទាន់ពេល និងចៀសវាងតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែទោះបីជាមានឧបករណ៍បច្ចេកវិទ្យាខ្ពស់ប៉ុណ្ណា ក៏នៅតែកើតមានជំងឺកម្រមួយចំនួន រហូតកើតមកមិនគ្រប់ទ្រង់ទ្រាយ។
កន្លងមកនេះ មានទារកជាច្រើនបានកើតចេញមក ជាមួយជំងឺចម្លែកៗ មិនប្រក្រតីជាច្រើន ដែលធ្វើឲ្យឪពុកម្តាយឈឺចាប់ក្នុងចិត្តជាខ្លាំង។ កាន់តែអាក្រក់ជាងនេះទៅទៀត ទារកទាំងនេះ បានទទួលរងការគំរាមកំហែង និងរើសអើងពីមនុស្សមួយចំនួនទៀតផង។ 
ខាងក្រោមនេះគឺជា បណ្តាជំងឺមិនប្រក្រតីដ៏កម្រ របស់ទារកទាំង ១០ ប្រភេទ ៖
១. Harlequin-type ichthyosis
Harlequin-type ichthyosis គឺជាជំងឺហ្សែនធ្ងន់ធ្ងរដ៏កម្រមួយ ដែលធ្វើឲ្យស្បែកទារកប្រែជាក្រាស់ឡើងក្រាំង។ ទារក ដែលមានជំងឺនេះកើតមក មានរាងកាយទាំងមូល ស្រោបដោយស្បែកសយ៉ាងក្រាស់ និងប្រេះបែកសាច់យ៉ាងជ្រៅទៀតផង។ ជាងនេះទៅទៀត ភ្នែក ត្រចៀក ប្រដាប់ភេទ និងអវយវៈ សុទ្ធតែមានសភាពមិនប្រក្រតីទាំងអស់។ តាមស្នាមប្រេះនៃស្បែក នឹងងាយធ្វើឲ្យមេរោគ ឬបាក់តេរី ជ្រៀតចូលបានយ៉ាងងាយ ដែលបណ្តាលឲ្យមានហានិភ័យឆ្លងមេរោគធ្ងន់ធ្ងរ រហូតដល់ស្លាប់។ អត្រាទារក ដែលកើតមានជំងឺនេះគឺមាន ១ ក្នុងចំណោមទារក ៣០០,០០០ នាក់។  
២. Congenital Arhinia
Congenital Arhinia គឺជាជំងឺម្យ៉ាងរបស់ទារក ដែលគ្មានច្រមុះ ឬមានច្រមុះ មិនពេញលក្ខណៈ (មិនអាចហិតក្លិនបាន) តាំងពីកំណើត។ វាគឺជា ជំងឺមួយដ៏កម្រខ្លាំងណាស់ ក្នុងសម័យវេជ្ជសាស្រ្តដ៏ទំនើបនេះ។ មូលហេតុដែលបង្កឲ្យមានជំងឺនេះ មិនត្រូវបានគេរកឃើញនៅឡើយទេ។ ការសិក្សាមួយបានលើកឡើងថា ករណីទាំងអស់នេះ គឺមានភាពប្រក្រតីដូចធម្មតា មុនពេលសម្រាល។ សម្រាប់ការព្យាបាលវិញ គឺអាស្រ័យទៅលើធម្មជាតិ និងកម្រិតភាពមិនប្រក្រតីរបស់ទារក ដោយការថត MRI ស្កេនតាម CAT និងធ្វើការវះកាត់ តាមដែលអាចធ្វើទៅបាន។ អត្រាដ៏កម្រមួយនេះ មានឱកាសកើតឡើងតែ ១ ក្នុងចំណោមទារក ១៩៧ លាននាក់ និងធ្លាប់កើតឡើងមិនលើសពី ៥០ ករណី ជុំវិញពិភពលោក។ 

៣. Lamellar ichthyosis
Lamellar ichthyosis គឺជាជំងឺមួយដែលទារក កើតមកមានសភាពស្បែកស្រទាប់ខាងក្រៅ ក្រាស់ កកដូចជាក្រមួន។ សភាពជំងឺនេះ រីករាលដាលក្រោយចេញពីផ្ទៃម្តាយបានពី ១០ ទៅ ១៤ ថ្ងៃ និងជាពេលដែលរោគសញ្ញាជំងឺនេះចេញច្បាស់ផងដែរ ដោយមានស្បែកក្រាំងឡើងក្រាស់ ដូចស្រកា។ នៅពេលដែលទារក ចាប់ផ្តើមមានអាយុច្រើន ស្បែកក្រាស់នោះនឹងរីករាលដាលតាមកន្លែងមានសន្លាក់ រួមមានដូចជា ក្រលៀន ក្លៀក គន្លាក់ដៃ និង ក រហូតឡើងក្រាំងយ៉ាងក្រាស់ ពាសពេញដងខ្លួន ដូចជាស្រការបស់ត្រី។ ប្រភេទជំងឺស្បែកមិនប្រក្រតីនេះ មានអាត្រាប៉ះពាល់ដល់ទារកម្នាក់ ក្នុងចំណោម ៦០០,០០០ នាក់។ 
៤. Epidermolysis Bullosa
Epidermolysis bullosa (EB) គឺជាជំងឺដែលមានលក្ខណៈពងបែក នៅលើជាលិកាស្បែក និងតាមភ្នាសកោសិកាខាងក្នុងទៀតផង។ វាជាជំងឺមួយ ដែលបានកើតឡើងលើទារកទើបនឹងកើតប្រមាណ ២០ នាក់ ក្នុងចំណោមមួយលាននាក់ ក្នុងប្រទេសសហរដ្ឋអាមេរិក។ ស្រទាប់ស្បែក របស់ទារកដែលមានជំងឺនេះ គឺមិនមានភាពប្រក្រតី (អាចនិយាយបានថា ដូចជាស្បែកដែលពិការ) ដែលបណ្តាលឲ្យពួកគេងាយរងការកកិត និងឆាប់ដាច់រលាត់។ ជំងឺនេះអាចមានពីស្រាល ទៅធ្ងន់ធ្ងរ និងរហូតដល់ស្លាប់ទៀតផង។ 
៥. Anencephaly
Anencephaly គឺជាជំងឺមួយ ដែលអវត្តមានផ្នែកដ៏សំខាន់របស់រាងកាយ គឺទារកកើតមក មិនមានខួរក្បាល លលាដ៏ក្បាល និងស្បែកក្បាល តាំងពីលូតលាស់ជាអំប្រ៊ីយ៉ុងមកម្ល៉េះ។ វាជាបញ្ហាជំងឺទាក់ទងនឹងក្បាលរបស់ទារក ដែលបណ្តាលមកពី ខូចបំពង់សរសៃប្រសាទ (ជាធម្មតានៅចន្លោះថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ អំឡុងពេលមានផ្ទៃពោះ)។ ករណីតិចតួចស្តួចស្តើងណាស់ ដែលទារកមានជំងឺនេះអាចរស់បាន ពីព្រោះភាគច្រើនទារក ដែលកើតមកជាមួយជំងឺនេះ មិនអាចរស់បានយូរជាង ២ ឬ ៣ ម៉ោងនោះទេ ឬយ៉ាងហោចណាស់ក៏រស់បាន ២ ទៅ ៣ ថ្ងៃដែរ។ 
៦. Polymelia
Polymelia គឺជាជំងឺពីកំណើតម្យ៉ាងរបស់ទារក ដែលមានបញ្ហាទាក់ទងនឹងអវយវៈ ដោយពួកគេកើតមកមានលើសចំនួនអវយវៈ ជាពិសេស កូនភ្លោះ។ ករណីនេះដោយសារតែ អំប្រ៊ីយ៉ុងរបស់បណ្តាកូនភ្លោះ គឺអាចមានមួយប្រែជាមិនអាចលូតលាស់បានប្រក្រតីបានពេញលេញ (ឱនភាព) និងអាចលូតលាស់បានតែអវយវៈមួយចំនួន រហូតវាទៅភ្ជាប់ជាមួយកូនភ្លោះមួយទៀត ទើបបណ្តាលឲ្យមានបញ្ហាលើសអវយវៈបែបនេះ។ ជាក់ស្តែង មិនមែនមានតែមនុស្សទេ ដែលជួបប្រទះបញ្ហានេះ សូម្បីតែសត្វរស់លើដីគោកមួយចំនួន ក៏កើតមកជាមួយជំងឺចម្លែកនេះដែរ។ 
៧. Cyclopia
Cyclopia គឺជាជំងឺ ដ៏កម្រម្យ៉ាងស្ថិតក្នុងប្រភេទ holoprosencephaly និងជាកំណើតទារកមិនប្រក្រតី ដែលអំប្រ៊ីយ៉ុង បរាជ័យក្នុងការបែងចែកគន្លងភ្នែកជា ២ បាន។ អត្រានៃទារកដែលកើតមានបញ្ហាជំងឺនេះមាន ១ ក្នុងចំណោម ២០០ ដែលរលូតចេញពីក្នុងផ្ទៃ។ ជាធម្មតា ទារកដែលមានជំងឺនេះ មិនមានច្រមុះ ឬអាចមានច្រមុះដែលមិនពេញលក្ខណៈ ហើយភាគច្រើន អំប្រ៊ីយ៉ុងដែលគេរកឃើញថាមានជំងឺនេះ ត្រូវបានយកចេញ ឬស្លាប់ក្នុងផ្ទៃម្តាយតែម្តង។ដោយសារតែមិនមានច្រមុះ មិនមានមាត់ ទើបទារកដែលកើតមកហើយ ក៏ត្រូវស្ទះចរន្តខ្យល់ រហូតខ្លាប់ទៅវិញភ្លាមៗ បន្ទាប់ពីកើតចេញមក។ 
៨. Ectopia cordis
Ectopia cordis គឺជាជំងឺមិនប្រក្រតីពីកំណើតមួយ ដែលបេះដូង មានទីតាំងលេចចេញមកខាងក្រៅ ឬនៅខាងក្រៅរាងកាយទាំងស្រុងតែម្តង។ បេះដូងដែលនៅខាងក្រៅនេះ ងាចមានទីតាំងនៅតាមកន្លែងផ្សេងៗគ្នា រួមមានដូចជានៅនឹង ក ទ្រូង ឬនៅនឹងពោះ។ ប៉ុន្តែករណីភាគច្រើន គឺបេះដូងនៅក្រៅ ដើមទ្រូង។ អត្រាទារកដែលកើតជំងឺនេះមាន ៨ ក្នុងចំណោមមួយលាននាក់។ សម្រាប់ការព្យាបាលវិញ គឺនៅមានកំណត់ ក៏ព្រោះតែវាជាជំងឺដែលកម្រ ជាពិសេស ទារកដែលកើតមកអាចស្លាប់ទៅវិញយ៉ាងរហ័ស។ ការវះកាត់លើទារកមានបញ្ហាបេះដូងក្រៅរាងកាយបែបនេះ ធ្លាប់បានទទួលជោគជ័យ ប៉ុន្តែទោះជាយ៉ាងណា អត្រាស្លាប់គឺនៅតែមានខ្ពស់។ 
៩. Hydrocephalus
Hydrocephalus គឺជាស្ថានភាពជំងឺមួយដែល ខួរឆ្អឹងមិនមានភាពប្រក្រតី នៅក្នុងខួរក្បាល។ ជាធម្មតា វានឹងធ្វើឲ្យកើនឡើងនូវសម្ពាធ ក្នុងលលាដ៏ក្បាល។ ជំងឺ Hydrocephalus នេះ អាចមានលទ្ធភាពកើតមានឡើង ទាំងទារក និងមនុស្សធំ។ សម្រាប់មនុស្សពេញវ័យ នឹងជួបប្រទះរោគសញ្ញាដូចជា ឈឺក្បាល ព្រិលភ្នែក គ្មានលំនឹង ឈឺនោមញឹកញាប់ ផ្លាស់ប្តូរអត្តចរិក ឬមានការចុះខ្សោយខាងផ្លូវចិត្ត ដែលមានអត្រាប្រមាណជា ៥ នាក់ក្នុងចំណោម ១០០,០០០ នាក់។ រីឯរោគសញ្ញារបស់ទារកវិញគឺ ការកើនឡើងទំហំក្បាលរបស់ពួកគេ ហើយពួកគេក៏អាច ក្អួត គេងច្រើន ប្រកាច់ និងធ្លាក់ភ្នែកផងដែរ។ អត្រាកើតឡើងលើទារកគឺ ១ ឬ ២ នាក់ក្នុងចំណោមទារក ១,០០០ នាក់។ 
១០. Craniopagus parasiticus
Craniopagus parasiticus គឺជាជំងឺមួយប្រភេទដ៏កម្រមួយ ដែលកើតឡើងលើបណ្តាកូនភ្លោះពី ៤ ទៅ ៦ នាក់ ក្នុងចំណោមទារក ១០,០០០,០០០ នាក់។ វាជាស្ថានភាពដែលក្បាលរបស់កូនភ្លោះប្រែជាជាប់គ្នា ហើយភាគច្រើនពួកគេស្លាប់នៅក្នុងផ្ទៃម្តាយ ឬស្លាប់ក្រោយពេកកើតមិនយូរប៉ុន្មាន។ ទារិកាជនជាតិអេស្ស៊ីបឈ្មោះ Manar ក៏បានកើតមកមានក្បាលជាប់គ្នាជាមួយ Islaam ដែលត្រូវជាបងប្អូនភ្លោះនឹងគ្នាដែរ។ ទោះបីជានាងជាទារិកាដំបូង ដែលវះកាត់បានជោគជ័យក៏ដោយ ក៏ Manar បានស្លាប់ក្រោយការវះកាត់ ១៣ ខែ បានកន្លងផុត៕ 


EmoticonEmoticon