Thursday, January 12, 2017

បាតុភូតធម្មជាតិ ចម្លែកៗ មិនគួរឲ្យជឿទាំង ១០ នៅលើភពផែនដីយើងនេះ!


បាតុភូតធម្មជាតិ ចម្លែកៗ មិនគួរឲ្យជឿទាំង ១០ នៅលើភពផែនដីយើងនេះ!

មនុស្សម្នាក់ៗតែងជឿថា អ្នកវិទ្យាសាស្រ្ត អាចធ្វើការការស្រាវជ្រាវ នូវចំណេះដឹង ទាក់ទងទៅនឹងបណ្តាបាតុភូតនៃផែនដី យ៉ាងទូលំទូលាយ បានគ្រប់សព្វ នឹងមានភាពត្រឹមត្រូវច្បាស់លាស់ថែមទៀតផង ពីព្រោះអ្នកណាៗ ក៏ជឿថាគ្មានអ្វីជាអាថ៌កំបាំងនោះទេ។
ហេតុនេះហើយ ថ្ងៃនេះយើងនឹងលើកយក បណ្តាបាតុភូតមួយចំនួន កើតឡើងលើភពផែនដីនេះ ដែលបានមកពីធម្មជាតិ មានលក្ខណៈកម្រ និងសឹងតែមិនគួរឲ្យជឿសោះឡើយ។ នេះអាចបញ្ជាក់ថា ផែនដីយើងនេះក៏ចម្លែក មិនធម្មតាដែរ។
ចង់ដឹងយ៉ាងណានោះ តោះទៅតាមដានទាំងអស់គ្នា!
# ដុំភ្លើង St. Elmo’s Fire
ជួនកាល នៅតាមកំពូលស្រួចៗនៃអាគារខ្ពស់ៗ ឬតាមទីកន្លែងដែលមានទីទួលខ្ពស់ មានបាតុភូត ដុំភ្លើងខ្មោចផុស (ghostly fires) ជាពិសេស នៅអំឡុងពេលមានព្យុះ។ ដុំភ្លើងនេះមានឈ្មោះថា St. Elmo's fire ដែលត្រូវបានគេហៅតាមលោក St. Erasmus of Formia ដែលជានាវិកបុព្វបុរសម្នាក់។ បាតុភូតនេះ ក៏ឃើញកើតមានតាមបណ្តានាវាលើសមុទ្រ នៅពេលមានព្យុះភ្លៀងផងដែរ ដែលគេជឿថា វាជាប្រផ្នូលល្អដល់អ្នកដំណើរ។ 
# ភ្នំភ្លើង និងគំនរព្រិល នៅតំបន់អង់តាក់ទិក
ភ្នំ Erebus ជាភ្នំភ្លើងខ្ពស់បំផុតទីពីរ ប្រចាំតំបន់អង់តាក់ទិក (បន្ទាប់ពីភ្នំ Sidley) និងជាភ្នំភ្លើងសកម្ម ភាគខាងត្បូង នៅលើភពផែនដីយើងនេះ តាំងពី ១.៣ លានឆ្នាំមុនមកម្ល៉េះ។ ភ្នំ Erebus នេះមានកំពស់ដល់ទៅ ៣,៧៩៤ ម៉ែត្រ មានទីតាំងស្ថិតនៅកោះ Ross ។ នៅទីនោះសំបូរទៅដោយ គំនរព្រិលខ្ពស់ៗ ដែលបានមកពីចំហាយកក កើតចេញពីស្នាមប្រេះ ជាច្រើន។ 
# Light Pillar
Light pillar (ឬអាចប្រែមកបានថាជា សសរនៃពន្លឺ) គឺជាបាតុភូតអុបទិកបរិយាកាស ដែលកើតមាន ពន្លឺបញ្ឈរជាច្រើនលេចឡើង ចេញពីប្រភពពន្លឺគោលមួយ។ បាតុភូតនៃពន្លឺនេះ ត្រូវបានបកស្រាយថា កើតឡើងដោយសារ មានចំណាំងផ្លាតពន្លឺ ពីដុំទឹកកកគ្រីស្ទាល់តូចៗ ដែលមាននៅក្នុងបរិយាកាស ឬមាននៅតាមពពក។ រីឯពន្លឺ បានមកពីព្រះអាទិត្យ និងព្រះច័ន្ទ ឬអាចបានពីពន្លឺភ្លើងអគ្គិសនីតាមដងផ្លូវផងដែរ។ 
# ព្រិលដូចស្ប៉ាហ្គេតទី នៅឯបឹង ក្នុងប្រទេសហ្វាំងឡង់
បឹង Suolijärvi ក្នុងទីក្រុង Hämeenlinna នៃប្រទេសហ្វាំងឡង់ ត្រូវបានបុរសម្នាក់ រាយការណ៍ថា ក្នុងបឹងហាក់ដូចជាមានសភាពសរសៃៗ មើលទៅដូចជាព្រិល ដោយគាត់បានថតរូបភាព ៤ សន្លឹកបង្ហាញ។ គាត់បានបន្តថា នៅពេលដែលគាត់យកដៃ ចាប់បារវាឡើងមក វាអាចធ្វើជាដុំព្រិលបាន។ សភាពព្រិល នៅក្នុងទឹក ដែលមានសភាពដូចជាស្ប៉ាហ្គេតទីនេះ អាចបង្កដោយចលនាខ្យល់ និងទឹក មុនពេលព្រិលធ្លាក់នោះរលាយ។ 
# Dacing Forest (ព្រៃរាំ)
ព្រៃរាំ ដែលគេតែងហៅថា Dancing Forest គឺជាព្រៃដើមស្រល់ ដែលមានដើមពត់ពែន ខុសពីដើមឈើធម្មតា។ ដើមឈើទាំងនោះ មានសភាពកោងបត់បែនជាច្រើនបែប ដូចជារង្វង់ចិញ្ចៀន រាងបេះដូង និងរាងដូចគូទខ្យងក៏មាន។ ព្រៃនេះ មានទីតាំងនៅតំបន់ Curonian Spit ក្នុង Kaliningrad Oblast ប្រទេសរុស្ស៊ី។ អ្នកវិទ្យាសាស្រ្តមិនអាចបកស្រាយ បាតុភូតនេះបាននៅឡើយទេ ប៉ុន្តែវាអាចបណ្តាលមកពី ហេតុផលមួយចំនួនដូចជា ប៉ារ៉ាសិត ឬខ្យល់ព្យុះ។ 
# ទឹកជោរពណ៌ក្រហម
Red tide ឬជំនោរទឹកពណ៌ក្រហម គឺជាឈ្មោះបាតុភូតមួយ ដែលស្លែពណ៌ក្រហមជាច្រើន មកប្រមូលផ្តុំគ្នា នៅនឹងផ្ទៃទឹក ឬគេនិយាយថាវាជាបាតុភូតម៉្យាងគឺ “Water blooming”។ ទឹកជោរឡើងពណ៌ក្រហមនេះ បង្កជាគ្រោះថ្នាក់ដល់ អ្នករស់នៅតំបន់សមុទ្រណាស់ ពីព្រោះតែ អុកស៊ីសែន ដែលមានក្នុងទឹកនោះនឹងថយចុះ រីឯអ៊ីដ្រូសែនស៊ុលផួ និងអាម៉ូញាក់ មានការកើនឡើង។ 

# ដុំភ្លើងពស់នាគរាជ
ដុំភ្លើងពស់នាគរាជ (ឬត្រូវបានគេហៅថា Naga fireballs ឬ Mekong lights) គឺជាបាតុភូតមួយ ដែលអ្នករស់នៅក្នុងប្រទេសថៃ តែងតែឃើញជាញឹកញាប់ នៅតាមដងទន្លេមេគង្គ។ ដុំភ្លើងភ្លឺៗ ដែលផុសឡើងទាំងនោះ អាចផុសឡើងពីទឹកបានរហូតដល់ទៅ ១៥ ម៉ែត្រ រួចក៏បាត់ស្រមោលក្នុងផ្ទៃអាកាសឈឹង។ បាតុភូតនេះច្រើនកើតមាន ក្នុងខែតុលា ដែលមានពិធីបុណ្យសម្រាប់ឧទ្ទិសដល់បាតុភូតនេះទៀតផង។ អ្នកវិទ្យាសាស្រ្ត បានពន្យល់ថា វាជាការកើនកម្តៅនៃឧស្ម័នហ្គាសចេញពីទន្លេនេះ ប៉ុន្តែអ្នកស្រុកជឿថា វាជាដុំភ្លើងដែលពស់នាគរាជ បញ្ចេញមកទៅវិញ។ 
# ភូមិចាបធ្លាក់
នៅឯប្រទេសឥណ្ឌា មានភូមិមួយឈ្មោះ Jatinga ដែលស្ថិតនៅតាមជ្រលងភ្នំ ក្នុងស្រុក Dima រដ្ឋ Assam ដែលជាភូមិដែលមានភាពល្បីល្បាញ ខាងផ្នែកបាតុភូតដ៏ចម្លែកមួយ របស់សត្វបក្សីនៅទីនោះ ដែលធ្វើអត្តឃាត។ ជាច្រើនសតវត្សមកហើយ សត្វបក្សីទាំងនោះ តែងតែហើរបន្ទាបខ្លួន យ៉ាងទាប ហើយក៏មានខ្លះធ្លាក់ទៅលើដីព្រោងព្រាត។ គេបានសន្និដ្ឋានថា ប្រហែលជាមានភាពប្រក្រតី នៃកត្តាភូមិសាស្រ្ត បានជាបក្សីទាំងនោះ មានឥរិយាបថហើរចម្លែកយ៉ាងនេះ។ 
# Brinicle
Brinicle ឬត្រូវបានគេហៅថាជា “ម្រាមដៃទឹកកកពិឃាត” គឺជាបាតុភូត នៅក្រោមសមុទ្រទឹកកកអាកទិក នៅពេលដែលសីតុណ្ហភាព និងជាតិប្រៃ មានភាពខុសគ្នា (ប្រតិកម្មគ្នា)។ វាហាក់ដូចជា រង្វង់ដៃ ដែលលាតចុះមកបាតដី របស់សមុទ្រ នឹងធ្វើឲ្យកក សត្វសមុទ្រ ដែលប៉ះវា រហូតដល់ស្លាប់។ បាតុភូតនេះ ត្រូវបានឃើញជាលើកដំបូងនៅឆ្នាំ ១៩៧៤ ដែលថតបានដោយចៃដន្យពី BBC ។ 
# ដុំទឹកកក រាងរង្វង់ នៅតាមទន្លេ
ជាក់ស្តែង ដុំទឹកកក ដែលមានរាងរង្វង់ទាំងនេះ ត្រូវបានកកើតឡើង ដោយសារតែលំហូរចលនាគួច ដែលមាននៅក្នុងទន្លេ។ នៅពេលដែលដុំរង្វង់ទឹកកកណាមួយ ចាប់ផ្តើមវិល នោះដុំទឹកកកផ្សេងទៀត ក៏ចាប់ផ្តើមវិលចេញពីគ្នា រហូតបង្កើតបានជារង្វង់មួយដ៏ធំ និងស្អាតឥតខ្ចោះ។ បាតុភូតទាំងនេះ មាននៅតំបន់ Scandinavia អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី និងភាគច្រើននៅឯតំបន់ អាមេរិកខាងជើង៕ 


EmoticonEmoticon