Thursday, January 12, 2017

សញ្ញាណដែលបញ្ជាក់ថា សាច់ញាតិ ឬមិត្តភក្តិរបស់អ្នក កំពុងតែញៀនថ្នាំ!


សញ្ញាណដែលបញ្ជាក់ថា សាច់ញាតិ ឬមិត្តភក្តិរបស់អ្នក កំពុងតែញៀនថ្នាំ!

ថ្នាំ គឺជាសារធាតុគីមី ដែលមានឥទ្ធិពល អាចផ្លាស់ប្តូរដំណើរការរបស់រាងកាយបាន។ អ្នកប្រាកដជាធ្លាប់ឮមនុស្សជាច្រើននិយាយថា ថ្នាំគឺសុទ្ធតែមានគ្រោះថ្នាក់។ ប៉ុន្តែជាក់ស្តែង អ្នកត្រូវស្វែងយល់ពីវាឲ្យច្បាស់ជាមុនសិន។
# ថ្នាំស្របច្បាប់ (ឱសថ)
ប្រភេទថ្នាំ ដែលអ្នកទទួលទាន នៅពេលឈឺ គឺជាប្រភេទថ្នាំស្របច្បាប់។ នេះមានន័យថា គ្រូពេទ្យចេញវេជ្ជបញ្ជា អនុញ្ញាតឲ្យអ្នកជំងឺប្រើប្រាស់ និយាយរួមគឺ អាចលក់បាន និងទិញបាន។
# បារី និងគ្រឿងស្រវឹង
បារី និងគ្រឿងស្រវឹង គឺជាប្រភេទថ្នាំស្របច្បាប់ផ្សេងទៀត ដែលអាចប្រើប្រាស់បានសម្រាប់តែមនុស្សពេញវ័យ។ ប៉ុន្តែ ការជក់បារី និងពិសាគ្រឿងស្រវឹងហួសប្រមាណ នឹងបង្កឲ្យមានបញ្ហាសុខភាព។
# គ្រឿងញៀនខុសច្បាប់
បើនិយាយពីគ្រឿងញៀន វាជាថ្នាំដែលខុសច្បាប់ ដែមមានដូចជា កញ្ឆា កូកាអ៊ីន ម៉ាទឹកកក និងហេរ៉ូអ៊ីនជាដើម។
# ហេតុអ្វីបានជា គ្រឿងញៀនមានគ្រោះថ្នាក់?
ថ្នាំញៀនខុសច្បាប់ គឺមិនផ្តល់ផលល្អសម្រាប់នរណាម្នាក់ឡើយ ជាពិសេសកុមារ និងមនុស្សវ័យជំទង់ ដែលកំពុងពេញលូតលាស់។ គ្រឿងញៀន អាចធ្វើឲ្យខូចខួរក្បាល បេះដូង និងសរីរាង្គសំខាន់ៗផ្សេងទៀត។
អ្នកដែលប្រើប្រាស់ថ្នាំញៀន នឹងមានបញ្ហាក្នុងការសិក្សា ការហាត់កីឡា និងសកម្មភាពដទៃទៀត។ ពួកគេនឹងមានគំនិតគិតមិនបានវែង និងសម្រេចចិត្តមិនបានត្រឹមត្រូវ រហូតធ្វើអំពើដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃថែមទៀត។
ខាងក្រោមនេះ ជាសញ្ញាទាំង ៦៤ ចំនុចដែលបញ្ជាក់ថា សាច់ញាតិ មិត្តភក្តិ ឬអ្នកស្គាល់ណាម្នាក់ មានបញ្ហាញៀនថ្នាំមិនស្របច្បាប់ ៖



# សញ្ញាទាក់ទងនឹងរាងកាយ
១. ផ្លាស់ប្តូរចំណង់អាហារ ឬទម្ងន់។ ថ្នាំញៀនមួយចំនួន បណ្តាលឲ្យអ្នកញ៉ាំច្រើន និងឡើងទម្ងន់ជាងមុន។ រីឯថ្នាំមួយចំនួនទៀត ធ្វើឲ្យអ្នកលែងចង់ទទួលទានអាហារ និងស្រកទម្ងន់យ៉ាងខ្លាំងទៅវិញ។
២. ផ្លាស់ប្តូរទម្លាប់គេង។ ពួកគេឧស្សាហ៍ភ្ញាក់នៅពេលពាក់កណ្តាលយប់ ឬគេងមិនលក់ ឬគេងយូរជាងធម្មតាក៏មាន។
៣. លែងមានអនាម័យ។ ភាពភ្លើតភ្លើន និងគ្មានកម្លាំងកំហែង ធ្វើឲ្យអ្នកដែលញៀនថ្នាំប្រែជាមិនចង់ងូតទឹក ដុសធ្មេញ កោរពុកមាត់ ឬតុបតែងខ្លួនអ្វីឡើយ។
៤. សុខភាពរាងកាយចុះអន់ថយ។ នេះជារោគសញ្ញាចំបង របស់អ្នកញៀនថ្នាំ ដោយពួកគេនិយាយមិនច្បាស់ គ្មានហេតុផល សូម្បីតែដើរក៏ពិបាក ហើយជួនកាលប្រកាច់ៗទៀតផង។
៥. គ្មានកំលាំង ឬភ្លឹកៗ។ ពួកគែជួនកាលមានអារម្មណ៍ធូរស្រាល ជួនកាលបែរជាល្ហិតល្ហៃ និងភ្លឹកៗទៀតផង។ ថ្នាំញៀនមួយចំនួន មានឥទ្ធិពលទៅតាមមនុស្សដែលប្រើប្រាស់វា។
៦. បញ្ហាភ្នែក។ គ្រឿងញៀនអាចធ្វើឲ្យភ្នែករបស់អ្នកប្រើប្រាស់ ប្រែជាក្រហម ឬរន្ធប្រស្រីភ្នែកប្រែជាផ្លាស់ប្តូរទំហំ។
៧. បញ្ហាច្រមុះ។ ពួកគេនឹងឧស្សាហ៍ឈាមច្រមុះញឹកញាប់ (សឹងតែអាចនិយាយបានថារ៉ាំរ៉ៃ)។
៨. ស្នាមចាក់ថ្នាំ។ វាគឺជាសញ្ញា ដែលបង្ហាញថាពួកគេប្រើប្រាស់គ្រឿងញៀន ជាពិសេស ត្រង់ដៃ ត្រង់ជើង ត្រង់ភ្លៅ និងគូទ។
៩. បញ្ហារមាស់។ ការអេះ ឬអាការៈរមាស់ស្បែក គឺសុទ្ធតែបណ្តាលមកពីការប្រើថ្នាំញៀន ដោយសារតែរាងកាយចេញសារធាតុ histamine ដែលដូចជាមានដង្កូវ មានសត្វល្អិតនៅក្នុងស្បែកយ៉ាងអញ្ចឹង។
១០. បញ្ហាស្បែក។ ស្បែក របស់អ្នកប្រើថ្នាំញៀន អាចប្រែពណ៌ទៅជាស្លេកស្លាំង ដោយសារតែខូចថ្លើម និងសរីរាង្គផ្សេងទៀត។
១១. អាការៈប្រកាច់ ដោយមិនដឹងមូលហេតុ និងមិនមានស្ថានភាពជំងឺជាក់លាក់ណាមួយ គឺមានន័យថា ពួកគេប្រើប្រាស់សារធាតុញៀន។
១២. សញ្ញាដែលច្បាស់បំផុតគឺ អ្នករកឃើញភស្តុតាង ឬសម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀន ដូចជាដបស្រា ឬដបទទេរណាមួយក្នុងធុងសំរាម ឬកន្លែងកន្លុកកន្លៀតផ្សេងទៀត។ 


# សញ្ញាទាក់ទងនឹងឥរិយាបថ
១៣. ឥរិយាបថគួរឲ្យសង្ស័យ ដូចជាសំងំនៅក្នុងបន្ទប់យូរ និងចូលចិត្តធ្វើអ្វីឯងៗ។
១៤. ពួកគេនឹងត្រូវចំណាយប្រាក់ច្រើន ក្នុងការដោះដូរយកគ្រឿងញៀនមកប្រើប្រាស់ ហេតុនេះ សាច់ញាតិរបស់ពួកគេនឹងចាប់ផ្តើមបាត់លុយបាត់កាក់ និងទៅខ្ចីបុលមិត្តភក្តិ រហូតទៅលួចឆក់ប្លន់ពីគេទៀតផង។
១៥. អ្នកដែលប្រើថ្នាំញៀន មានការផ្លាស់ប្តូរបុគ្គលិកលក្ខណៈច្រើន ជាពិសេស ឆាប់ខឹង ឆាប់ប្តូរអារម្មណ៍លឿនណាស់។
១៦. ពួកគេលែងចូលចិត្ត ធ្វើសកម្មភាពដែលពួកគេធ្លាប់ធ្វើ និងមិនចូលរួមសកម្មភាពសង្គមឡើយ។
១៧. ពួកគេលែងរាប់អានមិត្តភក្តិដែលជិតស្និទ្ធ និងបែរជាទៅរាប់អានមិត្តថ្មី ដែលគួរសង្ស័យ។
១៨. ពួកគេមិនមានទឹកចិត្ត ចង់ទៅធ្វើការ ទៅរៀន ឬធ្វើអ្វីដែលពួកគេចង់សម្រេចទៀតឡើយ។
១៩. ពួកគេប្រាកដជាទទួលបានការស្តីបន្ទោស និងការរិញគន់ពីសំណាក់លោកគ្រូ អ្នកគ្រូ ឬប្រធានក្រុមហ៊ុនជានិច្ចជាកាល ដោយសារតែសកម្មភាព និងអវត្តមានរបស់ពួកគេ។
២០. ពួកគេ មានអារម្មណ៍ឆាប់ខឹង ច្រលោតខ្លាំងៗ ដែលអាចបង្កជាជម្លោះឈ្លោះទាស់ទែង រហូតមានរបួសស្នាមទៀតផង។ 
# សញ្ញាទាក់ទងនឹងផ្លូវចិត្ត
២១. អ្នកដែលប្រើប្រាស់ថ្នាំញៀន មានការលំបាកក្នុងការយកចិត្តទុកដាក់ និងតាមមិនទាន់ថាគេកំពុងតែនិយាយពីអ្វីឡើយ។
២២. ជួនកាលពួកគេ ដូចជាមនុស្សឆ្កួតទៀតផង (ភ័យខ្លាចញ័រអស់ទាំងខ្លួនទាំងមិនសមហេតុសមផល ឬមានអាការៈដូចជាព្រួយបារម្ភមិនឈប់)។
២៣. ពួកគេតែងការពារខ្លួនជានិច្ច ដូចជាពេលដែលយើងសួរទាក់ទងនឹងរឿងគ្រឿងញៀនជាដើម។ 
ចំណែកខាងក្រោមនេះ គឺជាសញ្ញាបង្ហាញពីអ្នកប្រើប្រាស់ថ្នាំញៀន លើគ្រឿងញៀនជាក់លាក់ណាមួយ ៖
# ស្ថានភាព និងរោគសញ្ញារបស់មនុស្សញៀនស្រា
២៤. ធីងធោង ដោយសារផឹកស្រា ជាញឹកញាប់។
២៥. ចូលចិត្តបើកបរ ទាំងស្រវឹង។
២៦. លើកដាច់ៗជាងគេឯង (ឧទា ៖ ទទួលទានលើសពីប្រាំកែវ ទាំងដែលគេទើបតែបានមួយកែវជាដើម)។
២៧. ខ្យល់ដង្ហើម ធុំក្លិនគ្រឿងស្រវឹង
២៨. តែងតែផឹកគ្រឿងស្រវឹងជានិច្ច មិនថានៅផ្ទះ ទៅហាងខាងក្រៅ ឬក៏ទៅជប់លៀងនោះទេ។
២៩. ទោះបីជាកម្មវិធីជួបជុំគ្រួសារ ឬអ្នករួមការងារ ដែលមិនគួរទទួលទានគ្រឿងស្រវឹង ក៏អ្នកដែលញៀនជាតិអាល់កុល ទទួលទានគ្រឿងស្រវឹងលាយជាមួយដែរ។ 


# ស្ថានភាព និងរោគសញ្ញារបស់មនុស្សញៀនថ្នាំប្រភេទហេរ៉ូអ៊ីន
៣០. មានស្នាមម្ជុលចាក់ថ្នាំ
៣១. សរសៃឈាមឡើងប៉ោង
៣២. ស្បែកឡើងរលាក នៅក្រង់ស្នាមម្ជុល
៣៣. មាត់មានសភាពស្ងួត
៣៤. អារម្មណ៍ភាំងៗ
៣៥. ពិបាកដកដង្ហើម
៣៦. ឧស្សាហ៍យក ក្រដាសអាលុយមីញ៉ូម ឬស្រាបព្រាទៅដុត
៣៧. ឧស្សាហ៍ឃើញមានកំទេចម្សៅសៗ
៣៨. សម្ភារៈពាក់ព័ន្ធដូចជា ថង់ផ្លាស្ទិច ម្ជុល ស៊ីរាំង និងបំពង់ជ័រ
៣៩. ស្លៀកសម្លៀកបំពាក់ជិតៗ ក្រាស់ៗ ដើម្បីលាក់ម្ជុល និងបិទបាំងស្នាម
៤០. បាត់បង់វដ្តរដូវ
៤១. ស្បែកងាយឆ្លងមេរោគ។ 


# ស្ថានភាព និងរោគសញ្ញារបស់មនុស្សញៀនថ្នាំប្រភេទមេតង់ហ្វេតាមីន
៤២. មានប្រតិកម្មរហ័ស
៤៣. មានអំនួត
៤៤. រូបរាងមានសុខុមាលភាពធម្មតា
៤៥. ធ្មេញពុកខ្លាំង
៤៦. កន្រ្តាក់ដៃជើង
៤៧. ឧស្សាហ៍បង្កហឹង្សា និងច្រឡោតដាក់គេឯង
៤៨. ឡើងកម្តៅក្នុងខ្លួនខ្ពស់
៤៩. ព្រិលភ្នែក វិលវល់
៥០. ប្រកាច់
៥១. ភ័យស្លន់ស្លោ
៥២. ភាំងៗ និងមិនមានលំនឹង
៥៣. ម្តងសប្បាយ ម្តងកើតទុក្ខ
៥៤. និយាយលឿនៗ។ 


# ស្ថានភាព និងរោគសញ្ញារបស់មនុស្សញៀនថ្នាំប្រភេទ RX ដែលជាថ្នាំស្របច្បាប់ប៉ុន្តែអ្នកប្រើប្រាស់ខុសច្បាប់ (មានក្នុងថ្នាំបំបាត់ទុក្ខព្រួយ ថ្នាំថប់អារម្មណ៍ និងថ្នាំបំបាត់ការឈឺចាប់)
៥៥. តែងតែទៅជួបពេទ្យ ដោយសារតែឧស្សាន៍មានបញ្ហាឈឺចាប់ មានបញ្ហាសុខភាពផ្លូវចិត្ត ឬគេងមិនលក់។
៥៦. ចេះតែទៅទិញថ្នាំប្រើប្រាស់ ដែលមិនបានចេញបញ្ជាដោយគ្រូពេទ្យ
៥៧. មានសេសសល់សំបកថ្នាំមិនស្គាល់ម៉ាកជាច្រើន
៥៨. មានឈ្មោះចម្លែកលើដបថ្នាំប្រើប្រាស់
៥៩. លួចថ្នាំពីសមាជិកគ្រួសារមកប្រើ
៦០. វិលមុខ
៦១. សម្ពាធឈាមទាប ឬដកដង្ហើមយឺត
៦២. ចេះតែចង់ក្អួត
៦៣. សាច់ឡើងស្ពឹក
៦៤. ទល់លាមក។
ជាចុងក្រោយ ប្រសិនបើអ្នកសង្កេតឃើញថា សាច់ញាតិ បងប្អូន ឬមិត្តភក្តិ ប្រហែលជាកំពុងតែញៀនថ្នាំ ដោយសាររោគសញ្ញាដូចបានរៀបរាប់ខាងលើ អ្នកត្រូវតែស្វែងរកជំនួយ ពីអ្នកជំនាញជាបន្ទាន់។ សូមថែរក្សា និងការពារខ្លួនអ្នក ក៏ដូចជាមនុស្សជាទីស្រលាញ់ ឲ្យចៀសឆ្ងាយពីគ្រឿងញៀនទាំងឡាយ៕ 


EmoticonEmoticon