Friday, January 13, 2017

ទីកន្លែងហាមឃាត់ទាំង៥ របស់ពិភពលោក ដែលគ្មាននរណាម្នាក់ ធ្វើដំណើរទៅបានឡើយ!


ទីកន្លែងហាមឃាត់ទាំង៥ របស់ពិភពលោក ដែលគ្មាននរណាម្នាក់ ធ្វើដំណើរទៅបានឡើយ!

មនុស្សយើងភាគច្រើន តែងតែនិយាយថា អ្នកណាៗក៏អាចទៅកន្លែងដែលចង់ទៅបានដែរ ឲ្យតែមានបំណងប្រាថ្នា និងឲ្យតែមានលុយគ្រប់គ្រាន់។ ប៉ុន្តែ ជាក់ស្តែង នៅលើភពផែនដីយើងនេះ មានទីកន្លែងមួយចំនួន ដែលមិនតម្រូវឲ្យភ្ញៀវទេសចរណាម្នាក់ ដាក់ជើងជាន់ដី នៅទីនោះបានឡើយ។
ខាងក្រោមនេះ គឺជាទីកន្លែងដែលល្បីៗ ប៉ុន្តែអាថ៌កំបាំងទាំង ៥ ដែលមិនធ្លាប់មាននរណាម្នាក់ ធ្វើដំណើរទៅកំសាន្តបានឡើយ ៖ 
១. កោះ Surtsey
(មូលហេតុដែលវាជាកន្លែងហាមឃាត់ ៖ ជាកន្លែងពិសោធន៍ ខាងផ្នែកវិទ្យាសាស្រ្ត)
Surtsey គឺជាកោះភ្នំភ្លើង ដែលមានទីតាំងស្ថិតនៅលើមហាសមុទ្រ អាត្លង់ទិច ត្រង់ចំនុចប្រជុំកោះ Vestmannaeyjar ពីឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសដីកោះ Iceland ។ កោះ Surtsey មានផ្ទៃក្រឡា ១.៤ គីឡូម៉ែត្រការ៉េ និងមានកំពូលខ្ពស់បំផុតមានកម្ពស់ ១៥៥ ម៉ែត្រ។ កោះនេះកកើតឡើង ដោយសារតែបន្ទុះភ្នំភ្លើងមួយ ពីជម្រៅ ១៣០ ម៉ែត្រ ពីក្រោមកម្រិតទឹកសមុទ្រ និងបានផ្ទុះឡើងនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ រួចបន្តរហូតដល់ឆ្នាំ ១៩៦៧ ដែលបង្កើតបានជាផ្ទៃដីទំហំ ២.៧ គីឡូម៉ែត្រការ៉េ។ ក្រោយមក សំណឹកពីរលកសមុទ្រ បានធ្វើឲ្យកោះនោះ រួមតូចជាលំដាប់។
គួរបញ្ជាក់ផងដែរថា ភ្នំភ្លើងផ្ទុះពីក្រោមទឹកនេះ បានទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកវិទ្យាសាស្រ្តជាច្រើនប្រទេសខុសៗគ្នា ពាសពេញពិភពលោក ដោយពួកគេគិតថា ការកកើតដីកោះ គឺដូចជាការចាប់ផ្តើមជីវិតមនុស្សជាច្រើនផងដែរ។ ប៉ុន្តែកោះនេះ ត្រូវបានគេដាក់ឈ្មោះមួយទៀតថា Surtr (ដែលតំណាងឲ្យភ្នំភ្លើងយក្ស) និងត្រូវបានប្រើប្រាស់ ក្នុងគោលបំណងខាងផ្នែកការពិសោធន៍វិទ្យាសាស្រ្តប៉ុណ្ណោះ ដោយមិនអនុញ្ញាត ឲ្យមានភ្ញៀវទេសចរណាម្នាក់ទៅកំសាន្តទីនោះឡើយ។ 

២. កោះ Ilha da Queimada Grande
(មូលហេតុដែលវាជាកន្លែងហាមឃាត់ ៖ សម្បូរទៅដោយសត្វពស់ពិសច្រើនលើសលុប)
កោះ Ilha da Queimada Grande ត្រូវបានគេស្គាល់ជាទូទៅ ថាជាកោះពស់ (Snake Island) ដែលមានទីតាំងស្ថិតនៅចម្ងាយ ៣៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃ ប្រទេសប្រេស៊ីល ក្នុងមហាសមុទ្រអាត្លង់ទិច។ កោះ Ilha da Queimada Grande នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Itanhaém នៃរដ្ឋសៅប៉ូឡូ។ កោះនេះ មានទំហំប្រមាណ ៤៣០,០០០ ម៉ែត្រការ៉េ និងមានទីទួលខ្ពស់បំផុតកម្ពស់ ២០៦ ម៉ែត្រ។ កោះនេះមានទំហំមិនជាធំប៉ុន្មានទេ ប៉ុន្តែវាមានលក្ខខណ្ឌដីភូមិសាស្រ្តចម្រុះ តាំងពីផ្ទាំងថ្មទទេ និងដីព្រៃ។ ជាពិសេស អាកាសធាតុនៅលើដីកោះនោះ គឺក្តៅខ្លាំង។
កោះនេះស្តាប់ទៅហាក់ដូចជាឋានសួគ៌យ៉ាងអញ្ចឹង ប៉ុន្តែបើហ៊ានធ្វើដំណើរទៅ គឺដូចជាដាក់ជីវិតទៅដូច្នោះដែរ ក៏ព្រោះតែកោះនោះ សម្បូរទៅទៅពស់ពិស ច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានគេប៉ាន់ប្រមាណថា ប្រហែលជា ៤,០០០ ក្បាលឯណោះ។ ក្នុងចំណោម សត្វពស់ទាំងអស់នោះ ពស់ដែលមានគ្រោះថ្នាក់ជាងគេបំផុត គឺពស់ប្រភេទ bothrops insularis ឬ golden lancehead។ ពស់ប្រភេទនេះ មានជាតិពិស ខ្លាំងជាងពស់ពិស ដទៃផ្សេងទៀតដល់ទៅ ៥ ដង ដែលអាចធ្វើឲ្យអ្នកស្លាប់ភ្លាមៗមួយរំពេច ប្រសិនបើអ្នកត្រូវវាចឹក។ ហេតុនេះហើយ ទើបអាជ្ញាធរប្រទេសប្រេស៊ីល មិនអនុញ្ញាតឲ្យនរណាម្នាក់ទៅទស្សនាកំសាន្តលើកោះនោះទេ។ 
៣. កោះ North Sentinel
(មូលហេតុដែលវាជាកន្លែងហាមឃាត់ ៖ ជាដឹកដី របស់ពួកកុលសម្ព័ន្ធជនជាតិដើម)
North Sentinel គឺជាកោះលើមហាសមុទ្រ ឥណ្ឌា ក្នុងឈូងសមុទ្រ Bengal ដែលមានចម្ងាយ ៣៦ គីឡូម៉ែត្រ ពីភាគខាងលិចនៃទីក្រុង Wandoor លើដីកោះ South Amanda និងមានចម្ងាយ ៥៩.៦ គីឡូម៉ែត្រ ពីភាគខាងជើងនៃកោះ South Sentinal ។ កោះ North Sentinel នេះមានផ្ទៃដីទំហំ ៤៧.៥ គីឡូម៉ែត្រការ៉េ ដោយមានបណ្តោយប្រវែង ៧.៨ គីឡូម៉ែត្រ និងទទឹង ៧ គីឡូម៉ែត្រ។ ក្រៅពីដីឆ្នេរ និងរូងថ្មប៉ប្រះទឹក កោះនេះគ្រប់ដណ្តប់ទៅដោយព្រៃដ៏ក្រាស់។
កោះនេះ គឺជាទីកន្លែងរស់នៅ របស់កុលសម្ព័ន្ធនៃជនជាតិដើម Sentinelese ដ៏សែនគ្រោះថ្នាក់ ដោយសារតែពួកគេទាំងនោះ ចៀសវាងមិនមានទំនាក់ទំនង ជាមួយជនស៊ីវិល ក្រៅពីជនជាតិរបស់ពួកគេឡើយ។ បើយោងតាមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ពពួកមនុស្សជនជាតិដើមនេះ រស់នៅក្នុងភាពដាច់ដោយឡែកពីគេឯង មិនទទួលភាពទាន់សម័យជាង ៦០,០០០ ឆ្នាំមកហើយ។ ជនជាតិដើម កុលសម្ព័ន្ធទាំងនេះ តែងតែការពារទឹកដីរបស់ពួកគេយ៉ាងសកម្ម ដោយកាលពីឆ្នាំ ២០០៤ ពួកគេបានបាញ់ព្រួញទម្លាក់ឧទ្ធម្ភាគចក្រ របស់រដ្ឋាភិបាល ប្រទេសឥណ្ឌា ដែលបានហោះ ឆ្លងកាត់កោះ North Sentinel ដែលពួកគេរស់នៅ បន្ទាប់ពីមានបញ្ហាគ្រោះធម្មជាតិរលកយក្សបោកបក់ ដើម្បីចង់ដឹងថាពួកគេ ត្រូវការជំនួយដែរឬក៏អត់។ ក្រោយមក ពួកមនុស្សជនជាតិដើមទាំងនោះបានសម្លាប់ អ្នកនេសាទ ដែលវង្វេងផ្លូវទៀតផង។ ហេតុនេះហើយ ទើបប្រទេសឥណ្ឌា បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅឱ្យឆ្ងាយពីជនជាតិ Sentinelese នេះនិងដីរបស់ពួកគេ។ 
៤. Ise Grand Shrine នៅជប៉ុន
(មូលហេតុដែលវាជាកន្លែងហាមឃាត់ ៖ ជាកន្លែងសម្រាប់តែ វីរជនប៉ុណ្ណោះ)
The Ise Grand Shrine គឺជាទីសក្ការៈបូជា Shinto ឧទ្ទិសដល់ព្រះអាទិត្យព្រះនាម Amaterasu មានទីតាំងស្ថិតនៅក្នុងទីក្រុង Ise នៃ Mie Prefecture ក្នុងប្រទេសជប៉ុន។ ទីសក្ការៈនេះ មានឈ្មោះជាផ្លូវការថា Jingū និងមានវិហារជាច្រើននៅក្នុងនោះ ដែលមានវិហារពីរធំៗផងដែរគឺ Naikū និង Gekū ។
ក្នុងប្រទេសជប៉ុន វាជាទីសក្ការៈបូជា ដ៏សំខាន់បំផុត ប្រចាំប្រទេសជប៉ុនទាំងមូល។ វិហារធំបំផុត ក្នុងនោះមានព័ទ្ធជុំវិញដោយ ជញ្ជាំងឈើខ្ពស់ៗ និងមានតែពួកបូជាចារ្យជាន់ខ្ពស់ ជាមួយនឹងសមាជិក នៃក្រុមគ្រួសារអធិរាជជប៉ុន ប៉ុណ្ណោះដែលអាចចូលទៅបាន។ រហូតមកទល់នឹងឆ្នាំ ១៩៤៥ ទីសក្ការៈ Ise Grand Shrine បានដាច់ចេញពីដីជុំវិញកាន់តែឆ្ងាយ ដោយសារតែទន្លេ Miyagawa បានព័ទ្ធជុំវិញទីនោះ។ សូម្បីតែព្រះសង្ឃ ក៏ត្រូវបានហាមប្រាម ជាដាច់ខាត មិនឲ្យឆ្លងកាត់ទន្លេនោះទៀតផង។ 
៥. កោះ Gruinard
(មូលហេតុដែលវាជាកន្លែងហាមឃាត់ ៖ ជាកន្លែងធ្វើតេស្តអាវុធជីវសាស្រ្ត)
កោះ Gruinard គឺដីកោះតូចមួយ មានរាងពងក្រពើ របស់ប្រទេសស្កុតឡេន ទំហំ ១៩៦ ហិចតា ដោយមានប្រវែងបណ្តោយប្រមាណ ២ គីឡូម៉ែត្រ និងទទឹងប្រហែល ១ គីឡូម៉ែត្រប៉ុណ្ណោះ។ កោះនេះ មានទីតាំងនៅឈូងសមុទ្រ Gruinard ប្រហែលជាបប្រវែង ពាក់កណ្តាលផ្លូវរវាងភូមិ Gairloch និងភូមិ Ullapool ។ នៅឆ្នាំ ១៨៨១ គេបានកត់ត្រាថា មានមនុស្សចំនួន ៦ នាក់រស់នៅលើទីនោះ ប៉ុន្តែនៅឆ្នាំ ១៩២០ បានក្លាយជាកោះដែលគេបោះបង់ចោល គ្មានមនុស្សរស់នៅ។
ក្រោយមកនៅឆ្នាំ ១៩៤២ រដ្ឋាភិបាលអង់គ្លេសបានទិញកោះនេះ ដើម្បីសម្រាប់ធ្វើការសាកល្បងអាវុធជីវសាស្រ្ត ជាពិសេស សារធាតុ anthrax ។ អំឡុងពេលពិសោធន៍ សាធាតុ anthrax បានបំពុលដីអស់រយៈពេលជាយូរ និងបង្កឲ្យមនុស្សស្លាប់ ៩៥%។ រហូតមកដល់ទស្សវត្សឆ្នាំ ៨០ កោះនេះបានក្លាយជាកន្លែង ដែលមានមនុស្សស្លាប់ច្រើនបំផុតលើពិភពលោក។ ក្រោយមកក្នុងឆ្នាំ ១៩៨៦ អ្នកវិទ្យាសាស្រ្តបានសម្អាតសារធាតុពុលចេញ និងប្រកាសថាកោះនេះមានសុវត្ថិភាពពេញលេញនៅឆ្នាំ ១៩៩០។ ប៉ុន្តែទោះជាយ៉ាងណា ក៏គ្មានអ្នកណាម្នាក់ទៅរស់នៅទីនោះទៀតដែរ៕ 
loading...


EmoticonEmoticon