Thursday, January 12, 2017

បងប្អូនខ្មែរទៅលេងប្រទេសថៃ សូមប្រុងប្រយ័ត្ន! ឥឡូវនេះ កាក់១០បាត របស់ថៃក៏មានក្លែងក្លាយដែរ

បងប្អូនខ្មែរទៅលេងប្រទេសថៃ សូមប្រុងប្រយ័ត្ន! ឥឡូវនេះ កាក់១០បាត របស់ថៃក៏មានក្លែងក្លាយដែរ

ថៃ៖ ប៉ូលិសទីក្រុង Udon Thani ប្រទេសថៃបានធ្វើការក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ កាក់បាតគ្រប់ប្រភេទ បន្ទាប់ពីកាក់បាតដែលមានតម្លៃសរុបរហូតដល់ទៅ ៣០០០ បាត ដែលសុទ្ធសឹងតែជាកាក់តម្លៃ ១០បាតក្លែងក្លាយនោះ ត្រូវបានរកឃើញនៅហាងទំនិញ 7-Eleven មួយនៅក្នុងតំបន់ Muang ។
វាជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែលហាងទំនិញមួយនេះ ទទួលបានកាក់ក្លែងក្លាយ ពីស្រ្តីម្នាក់ ដែលបានមកសុំដូរកាក់ចំនួន ៣០០កាក់ ជាទៅប្រភេទក្រដាសប្រាក់វិញ។
បុគ្គលិកមួយរូបដែលបម្រើការនៅ ហាងទំនិញ 7-Eleven បានប្រាប់ទៅកាន់ប៉ូលិសថា ស្រ្តីម្នាក់នោះមានអាយុប្រហែល ៣០ ទៅ ៣៥ ឆ្នាំ ដែលបានដើរចូលមកកាន់ហាងទំនិញកាលពីថ្ងៃព្រហស្បត្តិ៍ ជាមួយនឹងកាក់១០បាតចំនួន ៣០កញ្ចប់។
បុគ្គលិកដដែលនេះបានបន្ថែមថា ដោយសារតែនៅពេលនោះ នៅក្នុងហាងកំពុងរវល់ខ្លាំង ដូច្នេះបុគ្គលិកទាំងអស់ មិនបានពិនិត្យមើលកាក់ទាំងនោះបានដិតដល់ទេ ក៏     ហុចក្រដាសប្រាក់ចំនួន ៣០០០ បាត ទៅឲ្យគាត់តែម្តង។ និយាយឲ្យត្រង់ទៅ ពួកគាត់ប្រហែលជាមិនបានគិតថា នឹងមានកាក់ក្លែងក្លាយ ដែលមានតម្លៃទាបបែបនេះទេ។បន្ទាប់មកទៀត នៅពេលដែលពួកគេពិនិត្យមើលកាក់ទាំងនោះ ទើបដឹងថា កាក់ទាំងនោះសុទ្ធតែជាកាក់ក្លែងក្លាយទាំងអស់។
ហេតុការណ៍មួយនេះ បានធ្វើឲ្យមហាជនមានចំងល់យ៉ាងខ្លាំង ព្រោះថា ការបោះពុម្ពប្រាក់ក្លែងក្លាយ គឺតម្រូវឲ្យមានម៉ាស៊ីនបោះពុម្ព ប៉ុន្តែការបង្កើតជាកាក់ក្លែងក្លាយគឺតម្រូវឲ្យមានម៉ាស៊ីនដ៏ទំនើប ជាពិសេសជាងនេះទៀតនោះ គឺវត្ថុធាតុដើមដូចជាលោហធាតុជាដើម មានតម្លៃថ្លៃជាងតម្លៃនៃកាក់នោះទៅទៀត ។
លើសពីនេះទៅទៀត បើសិនជាកាក់នោះមានតម្លៃ១០បាត ដូច្នេះតម្លៃដើមនៃការផលិតកាក់នោះ ត្រូវតែអស់តិចជាងតម្លៃរបស់វា ហើយបើសិនជាអ្នកក្លែងបន្លំនោះដូរកាក់ទាំងនោះជាមួយអ្នកដទៃ ពួកគេត្រួវតែបានប្រាក់ចំនេញ ត្រលប់មកវិញ។
ស្នងការប៉ូលិសប្រចាំការនៅតំបន់ Muang លោក Poomwit Wechkama បាននិយាយថា ប្រជាជនគ្រប់រូបងាយស្រួលនឹងដឹងណាស់ ថាតើកាក់ណាជាកាក់ពិត ហើយកាក់ណាជាកាក់ក្លែងក្លាយ បើសិនជាយើងបានយកចិត្តទុកដាក់ មើលវាឲ្យបានច្បាស់លាស់ ព្រោះ កាក់ក្លែងក្លាយវាមានទម្ងន់ស្រាល ជាងកាក់ពិតប្រាកដ ហើយនៅចំនុចកណ្តាលនៃកាក់ពិត គឺមានសំរិទ្ធ ខណៈពេលដែលកាក់ក្លែងក្លាយ ត្រូវបានគេលាបឲ្យមើលទៅដូចសំរិទ្ធតែប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា បើទោះបីជាហេតុការណ៍នេះ បានកើតឡើងនៅក្នុងប្រទេសថៃក៏ដោយក្តី ក៏ប្រជាជនកម្ពុជាដែលនិយមធ្វើដំណើរកំសាន្តនៅប្រទេសថៃ ឬបងប្អូនអាជីវករ ដែលមានទំនាក់ទំនងជាមួយនឹងប្រាក់បាត គួរតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះថាកាក់ក្លែងក្លាយនេះ មានតម្លៃទាបត្រឹមតែ១០បាតមែន ប៉ុន្តែនៅពេលដែលវាមានចំនួនច្រើន តម្លៃរបស់វាក៏កាន់តែច្រើន ទៅតាមនោះដែរ ណាមួយទៀត នៅថ្ងៃក្រោយ ជនទុច្ចរិតអាចនឹងបង្កើតឲ្យមានប្រកាសប្រាក់ក្លែងក្លាយ ឬកាក់ក្លែងក្លាយដទៃៗទៀត ដែលអាចធ្វើឲ្យយើងខាតបង់ប្រាក់កាក់ក៏ថាបាន។
ដូច្នេះមិត្តអ្នកអានគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដូចពាក្យចាស់មួយឃ្លាបានពោលថា “ការពារប្រសើរជាងព្យាបាល”។  


EmoticonEmoticon