Friday, January 13, 2017

តើពិធីបុណ្យ Halloween មានប្រភពដើមមកពីណា? តើអបិយជំនឿណាខ្លះ ដែលគេប្រកាន់ខ្ជាប់ក្នុងពិធីនេះ? (មានវីដេអូ)


តើពិធីបុណ្យ Halloween មានប្រភពដើមមកពីណា? តើអបិយជំនឿណាខ្លះ ដែលគេប្រកាន់ខ្ជាប់ក្នុងពិធីនេះ? (មានវីដេអូ)

ពិធីបុណ្យ Halloween ឬ Hallowe’en (គឺជាអក្សរកាត់នៃពាក្យ All Hallows’ Evening) ក៏ដូចជាត្រូវបានគេស្គាល់ថាជាបុណ្យ Allhalloween ឬ All Hallows’ Eve ឬ All Saints’ Eve នេះ គឺជាពិធីបុណ្យ ដែលប្រារព្ធឡើង ក្នុងគោលបំណងជាការរំលឹក ចងចាំ និងឧទ្ទិសដល់អ្នកស្លាប់ រួមមាន ទេវតា បិសាច និងវិញ្ញាណក្ខន្ធអ្នកស្គាល់ទាំងឡាយ។ ពិធីបុណ្យនេះ តែងតែធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៣១ ខែតុលា តាមបណ្តាប្រទេសជាច្រើន ពាសពេញពិភពលោក។
សកម្មភាពបុណ្យ Halloween មានដូចជា trick-or-treat ចូលរួមពិធីជប់លៀងដោយស្លៀកសម្លៀកបំពាក់ Halloween ឆ្លាក់ល្ពៅជាគោម ដុតភ្លើង ល្បែងខាំផ្លែប៉ោម លេងហ្គេមបិសាច ចូលផ្ទះខ្មោច និយាយរឿងខ្មោច និងមើលភាពយន្តភ័យរន្ធត់ជាដើម។ ជាងនេះទៅទៀត គេតែងតែមិនភ្លេចទៅវិហារ អុជទៀនលើផ្នូររបស់សាច់ញាតិ ដែលបានស្លាប់ទៅនោះទេ ព្រោះវាជាទំនៀមទំលាប់។ គ្រិស្តសាសនិកមួយចំនួន តមការញ៉ាំសាច់នៅថ្ងៃបុណ្យ Halloween និងជំនួសដោយការទទួលទានផ្លែប៉ោម ផេនខេកដំឡូង និងនំម្យ៉ាងហៅថា soul cakes ។ 
# ដើមកំណើត នៃពិធីបុណ្យ Halloween
ពីដើមឡើយពិធីបុណ្យ Halloween ត្រូវបានគេប្រារព្ធឡើងក្នុងពិធីបុណ្យ Samhain របស់ជនជាតិដើម Celts ។ ជនជាតិដើម Celts រស់រានលើផែនដីនេះ ២,០០០ ឆ្នាំមកហើយ នៅលើទឹកដី ដែលជាកោះអៀរឡង់ (Ireland) ប្រទេសអង់គ្លេសសព្វថ្ងៃ។ ពួកគេបានប្រារព្ធធ្វើពិធីអបអរសាទរឆ្នាំថ្មី នៅថ្ងៃទី ១ ខែវិច្ឆិកា ដែលជាថ្ងៃបញ្ចប់រដូវក្តៅ រដូវប្រមូលផល និងចាប់ផ្តើមឈានចូលរដូវរងារ ខែងងឹត (ដែលគេសំដៅថាទាក់ទងនឹងខ្មោចព្រាយ)។ ជនជាតិដើម Celts តែងតែមានជំនឿថា នៅយប់មុនថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេនោះ ព្រំដែននៃពិភពមនុស្ស និងពិភពខ្មោចត្រូវបានបើក។ នៅយប់ថ្ងៃទី ៣១ ខែតុលានោះ ពួកគេក៏បានប្រារព្ធបុណ្យ Samhain ដែលគេជឿថា ខ្មោចនឹងឡើងមកដល់ឋានមនុស្ស។
ដើម្បីរំលឹកបន្តពិធីបុណ្យនេះ គ្រូសិល្ប៍ បានដុតភ្នក់ភ្លើងមួយយ៉ាងធំ រួចតម្រូវឲ្យអ្នកភូមិមកអង្គុយជួបជុំគ្នា និងនាំយកដំណាំជាមួយនឹងសត្វ មកដុតឧទ្ទិសជូនអទិទេពរបស់ជនជាតិខ្លួន។ នៅអំឡុងពេលប្រារព្ធពិធីនោះ ជនជាតិ Celts ស្លៀកសម្លៀកបំពាក់ ដែលតុបតែងដោយក្បាលសត្វ និងស្បែកសត្វផ្សេងៗជាច្រើនគួរឲ្យខ្លាច និងនិយាយជូនពរគ្នាទៅវិញទៅមក។ នៅពេលដែលពិធីបុណ្យនេះ ត្រូវបានបញ្ចប់ ពួកគេក៏បង្កាត់ភ្លើង ដែលឆេះអស់អំឡុងពិធីបុណ្យឡើងវិញ ដោយជឿថាវាជួយការពារពួកគេ នៅអំឡុងពេលរដូវរងារខាងមុខនេះ។
នៅក្រោយគ.សទី ៤៣ ចក្រភពរ៉ូម បានមកគ្រប់គ្រងទឹកដីរបស់ជនជាតិ Celts។ នៅរយៈកាល ៤០០ ឆ្នាំ ជនជាតិរ៉ូម៉ាំងបានរួចបញ្ចូលប្រពៃណីរបស់ខ្លួន ជាមួយនឹងពីធីបុណ្យ Samhain របស់ជនជាតិ Celts បានជាប្រពៃណីចំនួន ២ ផ្សេងទៀតគឺ ទីមួយជាពិធីបុណ្យ Feralia ដែលប្រារព្ធនៅចុងខែតុលា ជាប្រពៃណីរបស់ជនជាតិរ៉ូម៉ាំង រំលឹកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់។ ទីពីរគឺជាថ្ងៃគោរពដល់ Pomona ដែលជាអាទិទេពព្រៃព្រឹក្សា និងផ្លែឈើ។ និមិត្តរូបតំណាងឲ្យអាទិទេព Pomona គឺផ្លែប៉ោម ហេតុនេះហើយបានជាមានការលេងល្បែងខាំផ្លែប៉ោម នៅក្នុងអំឡុងពិធីបុណ្យ Halloween ។
នៅថ្ងៃទី ១៣ ខែឧសភា ក្រោយគ.ស ៦០៩ លោកឪ Pope Boniface IV ក៏បានឧទ្ទិសប្រាសាទ Pantheon ក្នុងទីក្រុងរ៉ូមដល់ ទេវតាគ្រឹស្តសានិក និងបិសាចកាតូលិកទាំងអស់។ ក្រោយមក លោកឪ Pope Gregory III បានពង្រីកពិធីបុណ្យនេះ ដោយលើកពីថ្ងៃ ១៣ ខែឧសភា មកថ្ងៃទី ១ ខែវិច្ឆិកាវិញ។ នៅសត្សវត្សទី ៩ សាសនាគ្រឹស្តបានជះឥទ្ធិពល លើជនជាតិសម័យមុនទាំងចាស់ ទាំងថ្មីយ៉ាងខ្លាំង។ នៅក្រោយគ.ស ១០០០ វិហារសាសនា បានចាត់ទុកថ្ងៃទី ២ ខែវិច្ឆិកា ជា All Souls’ Day (ជាថ្ងៃរំលឹកដល់អ្នកស្លាប់)។ នៅថ្ងៃ All Souls’ Day នោះក៏មានលក្ខណៈស្រដៀងនឹងបុណ្យ Samhain ពីបុរាណដែរ ដោយមានការដុតភ្នក់ភ្លើង ហែក្បួន និងស្លៀកពាក់តុបតែងជាទេវតា ជាទេពអប្សរ ជាបិសាចជាដើម។ រីឯយប់ថ្ងៃទី ៣១ ដែលជាយប់ពិធីបុណ្យ Samhain បុរាណរបស់ជនជាតិដើម Celts ត្រូវបានគេចាប់ផ្តើមហៅវាថា All-hallow Eve ឬ Halloween នោះឯង។ 
# អបិយជំនឿ ជុំវិញពិធីបុណ្យ Halloween
បុណ្យ Halloween ជាបុណ្យដែលពោរពេញទៅដោយ អាថ៌កំបាំង វេទមន្ត និងអបិយជំនឿជាច្រើន។ បុណ្យនេះ ជាបុណ្យដែលជនជាតិ Celts មានអារម្មណ៍ជិតស្និទ្ធទៅនឹងសាច់ញាតិដែលបានស្លាប់ទៅ ហេតុនេះមនុស្សបច្ចុប្បន្ន តែងត្រូវទុកអាហារជាច្រើន នៅលើតុអាហារជុំគ្នា និងដាក់គោមល្ពៅនៅខាងមុខទ្វារ ហើយថែមទាំងអុជទានបំភ្លឺតាមផ្លូវ ដើម្បីឲ្យវិញ្ញាណមនុស្សជាទីស្រលាញ់របស់ពួកគេ អាចធ្វើដំណើរមកបាន។ អបិយជំនឿរបស់បុណ្យ Halloween ក៏គួរឲ្យខ្លាចដែរ។ នៅថ្ងៃនោះ យើងមិនត្រូវដើរកាត់ឆ្មាខ្មៅនោះទេ ក៏ព្រោះតែខ្លាចវាផ្តល់ប្រផ្នូលអាក្រក់មកឲ្យយើង។ ជំនឿនេះមានតាំងពីយូរលង់ណាស់មកហើយ ដែលមនុស្សយើងជឿថា មេធ្មប់ជាអ្នកប្រែក្រឡាខ្លួនជាឆ្មានោះឯង។ មួយវិញទៀត យើងមិនត្រូវដើរក្រោមជណ្តើរនោះទេ ព្រោះគេជឿថាវាផ្តល់សំណាងអាក្រក់ដូចគ្នា។ ជំនឿនេះ អាចមកពីប្រជាជនអេហ្ស៊ីប ដែលគេជឿថាវាទាក់ទងនឹងអាទិទេព ឬក៏អាចមកពីការពិត ដែលថាវាអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់ ប្រសិនបើអ្នកដើរក្រោមនោះ។ អបិយជំនឿផ្សេងទៀត មានដូចជា មិនត្រូវធ្វើឲ្យកញ្ជក់បែក ចៀសវាងដើរជាន់ស្នាមប្រេះបែកណាមួយតាមផ្លូវ និងមិនធ្វើឲ្យអំបិលកំពប់ឡើយ៕ 
តោះទៅទស្សនារូបភាព និងវីដេអូតុបតែងខ្លួនមួយចំនួន សម្រាប់ថ្ងៃបុណ្យ Halloween ទាំងអស់គ្នា ៖

ខាងក្រោមនេះជាវីដេអូ ការតុបតែងពិធីបុណ្យ Halloween ក្នុងផ្ទះដែលអ្នកអាចធ្វើបានងាយៗដោយខ្លួនឯង ៖
ប្រភព៖ History | Wikipedia


EmoticonEmoticon