Thursday, January 12, 2017

យល់ដឹងពីអត្ថប្រយោជន៍ និងផលប៉ះពាល់នៃ «ថ្នាំពន្យាកំណើត» ដែលមិនសូវមានអ្នកដឹងពីមុនមក!


ថ្នាំគ្រាប់ពន្យាកំណើត គឺជាវិធីមួយក្នុងការការពារ ការមានផ្ទៃពោះ ដ៏មានប្រសិទ្ធភាពខ្ពស់ ប្រសិនបើត្រូវបានប្រើប្រាស់ តាមវេជ្ជបញ្ជាត្រឹមត្រូវ។ វាក៏ជាវិធី ដែលសុវត្ថិភាពចំពោះស្រ្តីសឹងតែគ្រប់ៗរូប។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយព្យាបាលបញ្ហាសុខភាព បានមួយចំនួនថែមទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាក៏អាចបង្កជាផលប៉ះពាល់ពីស្រាលទៅធ្ងន់បានដែរ។
# ថ្នាំពន្យាកំណើត អាចជួយដល់បញ្ហាសុខភាពជាច្រើន ដូចខាងក្រោមនេះ ៖
១. រោគមុន របស់ស្រ្តីទាំងអស់គឺសុទ្ធតែទាក់ទងនឹងអរម៉ូន ដែលអាចបង្កផលប៉ះពាល់ដល់ ក្រពេញសេបូម ដែលផលិតជាតិខ្លាញ់នោះ មានប្រតិកម្មចេញមុនមកលើស្បែក។ ជាក់ស្តែង ថ្នាំពន្យាកំណើតមានផ្ទុកសារធាតុ norgestimate ជួយព្យាបាលស្បែក និងកាត់បន្ថយអរម៉ូន ដែលបង្កជាមុនបាន។
២. ថ្នាំពន្យាកំណើត ក៏អាចជួយសម្រួល ដល់អារម្មណ៍របស់អ្នកបានដែរ ពីព្រោះថ្នាំពន្យាកំណើត អាចផ្គត់ផ្គង់រាងកាយរបស់អ្នក នូវកម្រិតអរម៉ូន estrogen និង progesterone ថេរបាន។ ជាពិសេស អាចការពារអ្នកមុនពេលមករដូវ មិនឲ្យហើមពោះ ឈឺដើមទ្រូង ឬរមួលក្រពើ។
៣. មិនត្រឹមតែអាចជួយ ការពារបញ្ហាមួយចំនួន នៅមុនពេលមករដូវបានប៉ុណ្ណោះទេ ថ្នាំពន្យាកំណើត ថែមទាំងអាចជួយឲ្យស្រ្តី មិនមានការឈឺចាប់ខ្លាំង នៅពេលមករដូវ ដូចជាពេលមុនៗទៀតឡើយ។ ជាពិសេស រដូវមកមិនយូរថ្ងៃ ដូចជាពីមុនទៀតផង។
៤. នៅពេលដែលអ្នកទទួលទានថ្នាំពន្យាកំណើត អ្នកនឹងអាចការពារអាការៈឈឺក្បាលប្រកាំងពេលមករដូវបាន។ រដូវអ្នកនឹងមកតិចថ្ងៃ ហេតុនេះបញ្ហាឈឺក្បាលប្រកាំងក៏មិនសូវខ្លាំង និងយូរឡើយ។ ប៉ុន្តែ ក្នុងករណីវាឈឺមិនបាត់ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៥. ថ្នាំពន្យាកំណើត ក៏អាចកាត់បន្ថយហានិភ័យ នៃជំងឺមហារីកក្រពេញអូវែបានដែរ។ ស្រ្តីដែលទទួលទានថ្នាំនេះ រយៈពេលកាន់តែយូរ កាន់តែមានប្រសិទ្ធភាពការពារបានកាន់តែខ្ពស់។ 

# ផ្ទុយទៅវិញ ថ្នាំពន្យាកំណើត ក៏អាចផ្តល់ជាផលប៉ះពាល់មួយចំនួនដូចជា ៖
១. ធ្លាក់ដុំឈាម
ស្រ្តីចំនួន ៥០% ជួបប្រទះបញ្ហាធ្លាក់ដុំឈាម តាមទ្វារមាស ក្នុងអំឡុងពេលកំពុងតែមករដូវ ពីព្រោះតែអរម៉ូន មានការផ្លាស់ប្តូរ (ឬគេហៅវាថាជាដុំឈាម ដែលទម្លាយទ្វារមាស)។ ជាធម្មតា អ្នកប្រើប្រាស់ថ្នាំពន្យាកំណើតតែងតែ ជួបបញ្ហានេះ ក្នុងរយៈពេល ៣ ខែដំបូង។ ក្នុងករណី ដែលមានដុំឈាមធ្លាក់មក លើសពី ៣ ទៅ ៥ ថ្ងៃ អ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
២. ក្អួតចង្អោរ
ស្រ្តីមួយចំនួនធំ បានជួបប្រទះនូវអាការៈក្អួតចង្អោរកម្រិតស្រាល ប៉ុន្តែគួរបញ្ជាក់ផងដែរថា រោគសញ្ញានេះមានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ អ្នកអាចទទួលទានថ្នាំពន្យាកំណើត នៅពេលកំពុងទទួលទានអាហារ ឬមុនពេលចូលគេងក៏បាន ដើម្បីកាត់បន្ថយលទ្ធភាពនៃអាការៈក្អួតចង្អោរនេះ។ អ្នកដែលមានបញ្ហាក្អួតចង្អោរ ជាប់រហូត មិនឈប់ឈរបែបធ្ងន់ធ្ងរ ត្រូវទៅមន្ទីរពេទ្យឲ្យបានឆាប់បំផុត។
៣. សុដន់ប្រែប្រួល
ថ្នាំគ្រាប់ពន្យាកំណើត ក៏អាចធ្វើឲ្យសុដន់របស់ស្រ្តីប្រែជាតឹង ឬរីកធំជាងមុនបានដែរ។ ផលប៉ះពាល់នេះ នឹងកើតឡើងរយៈពេល ២ ទៅ ៣ អាទិត្យដំបូង បន្ទាប់ពីអ្នកចាប់ផ្តើមប្រើប្រាស់ថ្នាំ។ ក្នុងករណី ដែលអ្នកសង្កេតឃើញមាន ដុំពក ឬមានការឈឺចាប់ត្រង់សុដន់ខ្លាំង អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យឲ្យបានរហ័សបំផុត តាមដែលអាចធ្វើទៅបាន។
៤. ឈឺក្បាលខ្លាំង
អរម៉ូនភេទ ក្នុងថ្នាំពន្យាកំណើត ក៏អាចបង្កជាអាការៈឈឺក្បាលប្រកាំងបានដែរ។ រោគសញ្ញាឈឺក្បាលទាំងអស់ សុទ្ធតែមានភាពខុសៗគ្នា ទៅតាមប្រភេទថ្នាំ ដែលស្រ្តីប្រើប្រាស់ ជាពិសេស គឺបណ្តាប្រភេទថ្នាំ ដែលមានសមាសធាតុអរម៉ូនទាប។ ហេតុនេះ អ្នកត្រូវឧស្សាហ៍ទៅសាកសួរគ្រូពេទ្យ ដើម្បីតាមដាន និងការពារអាការៈឈឺក្បាលនោះឲ្យបានច្បាស់។
៥. ឡើងទម្ងន់
ការសិក្សាជាច្រើនបានរកឃើញថា ថ្នាំពន្យាកំណើត មិនមានទាក់ទងនឹង បញ្ហាឡើងទម្ងន់ទេ។ ប៉ុន្តែជាក់ស្តែង ដោយសារតែវាមានផ្ទុកសមាសធាតុអរម៉ូន estrogen ដែលអាចធ្វើឲ្យកោសិការីកធំ ជាពិសេស នៅត្រង់ដើមទ្រូង និងត្រគាករបស់ស្រ្តីតែម្តង។
៦. រាំងរដូវ
អ្នកប្រើប្រាស់ថ្នាំពន្យាកំណើត តែងមានបញ្ហាត្រង់ខែខ្លះ រដូវមិនមក ឬមកតិច ដែលបណ្តាលមកពីអរម៉ូន ទទួលរងពី ភាពតានតឹង ដើរច្រើន ឬអរម៉ូនទីរ៉ូអ៊ីតមិនប្រក្រតី។ ហេតុនេះ ប្រសិនបើអ្នកមិនមករដូវ ឬមកតិចពេក ច្រើនខែនោះ អ្នកត្រូវទៅពិនិត្យផ្ទៃពោះ ឬជួបគ្រូពេទ្យជាបន្ទាន់។
៧. ថយចុះចំណង់ផ្លូវភេទ
អរម៉ូន ដែលមានផ្ទុក ក្នុងថ្នាំពន្យាកំណើត អាចធ្វើឲ្យស្រ្តីភាគច្រើន ថយចុះនូវចំណង់ផ្លូវភេទ។ ប្រសិនបើការថយចុះចំណង់ផ្លួវភេទនៅតែបន្តកើតមាន និងបង្កជាការរំខាន ដល់ជីវិតប្តីប្រពន្ធ អ្នកគួរតែសម្រេចចិត្តទៅ ពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ជាក់ស្តែង ក៏មានករណីមួយចំនួន ដែលបង្កើនចំណង់ផ្លួវភេទវិញដែរ ដោយអាស្រ័យទៅតាមប្រភេទថ្នាំទាំងនោះ។
៨. ប៉ះពាល់អារម្មណ៍
ថ្នាំពន្យាកំណើត ជួយសម្រួលដល់អារម្មណ៍ ស្រ្តីភាគច្រើន ប៉ុន្តែក៏មានស្រ្តីមួយចំនួនផ្សេងទៀត ទទួលរងការប៉ះពាល់ដែរ។ ទោះបីជា អ្នកជំនាញនិយាយថា វាជាករណីកម្រក៏ពិតមែនក៏ដោយ ក៏អ្នកត្រូវតែទៅជួបជាមួយគ្រូពេទ្យឲ្យបានឆាប់ ប្រសិនបើអ្នកមានទទួលរងអារម្មណ៍ ធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។
៩. ប៉ះពាល់ការផលិតទឹកដោះ
ប្រសិនបើអ្នកជាម្តាយ ដែលកំពុងបំបៅដោះកូន ហើយប្រើប្រាស់ថ្នាំពន្យាកំណើត នោះអ្នកនឹងថយកម្រិតទឹកដោះរហូតដល់ទៅ ៥ ភាគរយ ពីព្រោះថ្នាំពន្យាកំណើត មានផ្ទុកអរម៉ូន estrogen ។ ហេតុនេះ អ្នកត្រូវចេះសាកសួរ ក៏ដូចជាពិគ្រោះជាមួយគ្រូពេទ្យបន្ថែម ថាអ្នកជាម្តាយបំបៅដោះកូន នោះគ្រូពេទ្យនឹងចេញវេជ្ជបញ្ជាថ្នាំពន្យាកំណើតប្រភេទផ្សេងសម្រាប់ប្រើប្រាស់៕


EmoticonEmoticon